Ad Code

លោកស្រី May នាំយក​កិច្ចព្រមព្រៀង Brexit ត្រឡប់​ទៅ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​វិញ



នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May បាន​ត្រឡប់​មកជួប​មេដឹកនាំ​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈដែល​លោកស្រី​កំពុង​ស្វែងរក​មធ្យោបាយ​មួយ​ដើម្បី​ចៀសវាង​ការ​គ្មាន​កិច្ចព្រមព្រៀង Brexit ក្នុង​រយៈពេល​៥០​ថ្ងៃ។

ការ​រំពឹងទុក​សម្រាប់​ការ​ធ្វើដំណើរ​នេះ​ គឺមាន​កម្រិត​តិចតួច​ណាស់​កាលពី​ថ្ងៃ​ពុធ​ខណៈ​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​លោក Donald Tusk និង​លោក Jean-Claude Juncker បាន​បំផ្លាញ​ក្តីសង្ឃឹម​របស់លោក​ស្រី May នៃ​ការ​ឈ្នះ​លើ​ការផ្លាស់ប្តូរ​កិច្ចព្រមព្រៀង​ដកខ្លួន​នេះ​។​

ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Juncker បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា លោកស្រី May បានដឹង​និង​ទទួលស្គាល់​រួចទៅហើយ​ថា សហភាព​អឺរ៉ុប​នឹងមិន​បើក​កិច្ចចរចា​នេះ​ឡើងវិញ​ទេ​។​

ហើយ​លោក Tusk ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​សមាជិក​សហ​ភាព​អឺរ៉ុប​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​បង្ក​កំហឹង​ដោយសារ​ការ​ថ្កោលទោស​អ្នកនយោបាយ​គាំទ្រ Brexit សម្រាប់​ការបរាជ័យ​ចំពោះ​ផែនការ​នេះ​។​

លោក Juncker បាន​និយាយ​បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​អៀរ​ឡង់​លោក Leo Varadkar ថា “​លោកស្រី May បានដឹង​រួចទៅហើយ​ថា គណៈកម្មាធិការ​នេះ​មិនបាន​ត្រៀមខ្លួន​សម្រាប់​បើក​បញ្ហា​នេះ​ឡើងវិញ​ទេ​”​។​

យោងតាម​ចំណុច​នៃ​កិច្ចពិភាក្សា​ដែល​ផ្តល់​ដោយ​ការិយាល័យ Downing Street មុន​ដំណើរ​ទស្សនកិច្ច​នេះ​បាន​បង្ហាញថា លោកស្រី May នឹង​សារភាពថា “​ការធានា​ឲ្យ​បាន​នូវ​ការផ្លាស់ប្តូរ​បែបនេះ​នឹងមិន​ងាយស្រួល​នោះទេ​”​។​

ប៉ុន្តែ​លោកស្រី​នឹង​បន្ថែមថា “​កាលពី​សប្តាហ៍​មុន សភា​បានបញ្ជាក់​យ៉ាងច្បាស់​ជា​លើកដំបូង​ថា ខ្លួន​អាច​គាំទ្រ​កិច្ចព្រមព្រៀង​ដកខ្លួន​នេះ​ដែល​អាចមាន​ការប្រែប្រួល​ដល់​ចំណុច​បម្រុង​”​។​

ការជាប់គាំង​នៅ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​បាន​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ថា ចក្រភព​អង់គ្លេស​អាច​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី​២៩​ខែមីនា​ដែល​នឹងធ្វើ​ឲ្យ​រំខាន​ដល់​ការធ្វើ​ពាណិជ្ជកម្ម​និង​ការផ្គត់ផ្គង់​ដល់​ការផលិត​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu