អ្នកប្រដាល់កម្ពុជា ខេម ចាន់ ក្លិបទ័ពឆ័ត្រយោង៩១១ បានយកឈ្នះអ្នកប្រដាល់ថៃ អ៊ិត តា (Eatt Ta)ដោយពិន្ទុដាច់តែម្ដង។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤ គីឡូក្រាម ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ខេម ចាន់ វាយអ្នកប្រដាល់ថៃ អ៊ិត តា ឲ្យអាជ្ញាកណ្ដាលរាប់៨ចំនួន២លើកគឺនៅទឹកទី១ និង ទឹកទី៥ ។ ៣ទឹកក្រោយមកទៀតទោះបីខេម ចាន់មិនអាចផ្ដួលអ៊ីត តា បានក៏ពិតមែន តែ គេមានប្រៀបរហូត ។ អាជ្ញាកណ្ដាល៥រូប សុទ្ធតែផ្ដល់ពិន្ទុឲ្យខេម ចាន់ ឈ្នះទាំងអស់គ្នា។ នេះជាជ័យជំនះ ដោយឯកច្ឆន្ទតែម្ដង។
ប្រកួតជាមួយអ្នកប្រដាល់ថៃដែរនោះ ជើងឯករងខេត្តបន្ទាយមានជ័យកម្ពុជា ឆៃ មករា របស់ ក្លិបអាណាចក្រភ្នំតូច ប្រកួតចាញ់ជើងឯកប្រចាំទូរទស្សន៍លេខ៣ប្រទេសថៃ គឺភេច អារុណ(Phich Arun) ដោយពិន្ទុ។
នេះជាការប្រកួតដ៏អស្ចារ្យមួយដែលពួកគេទាំង២វាយគ្នា ដោយមិនភ្លេចការពារឡើយ។ ទាំង សងខាងសុទ្ធតែចង់ឈ្នះ ហើយពួកគេចាប់ផ្ដើមវាយសម្រុកលើគ្នាទៅវិញទៅមក តាំងពីទឹកទី១ ទៅម្ល៉េះ ។
ស្ថានភាពប្រកួតមានលក្ខណៈតឹងតែងតែការវ៉ៃចេញរបស់ភេច អារុណ មានប្រសិទ្ធភាពជាង មិនតែប៉ុណ្ណោះ ភេច អារុណសម្រុកចូលរហូតទៀតផង។ ចប់ការប្រកួតអ្នកប្រដាល់ថៃរូបនេះ យក ឈ្នះអ្នកប្រដាល់កម្ពុជាឆៃ មករាដែលជាជើងឯករងខេត្តបន្ទាយមានជ័យដោយពិន្ទុ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ វង្ស វិឆ័យក្លិបទ័ពឆ័ត្រ យោង៩១១ប្រកួតឈ្នះ អ្នកប្រដាល់យ៉ាម ខេមរា ក្លិបរស្មីកុមារកំព្រាដោយពិន្ទុ។ ខេមរា ត្រូវអាជ្ញាកណ្ដាលរាប់ ៨នៅទឹកទី៣ បន្ទាប់ពីវិឆ័យ អុកមួយជង្គង់ចំពោះនោះ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
សេក គឹមសាន្ដ ក្លិបអង្គរមានជ័យខេត្តសៀមរាប ប្រកួតឈ្នះអ្នកប្រដាល់ខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ នេះជាជ័យជំនះដោយឯកច្ឆន្ទរបស់វិឆ័យ ព្រោះចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យវិឆ័យ ឈ្នះ ខេមរាទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments