ស្ទឹងត្រែង ៖ អ្នកភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបានរាយការណ៍មកថា មានអ្នករកស៊ីដាក់អន្ទាក់យកសត្វព្រៃដូចជាសត្វប្រើស ដែលជាសត្វកម្រ ហើយមិនត្រូវបានសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវវែកមុខយកមកធ្វើការផ្ដន្ទាទោសនោះទេ។
សត្វប្រើសមួយក្បាលនេះ ត្រូវបានក្រុមអ្នករកស៊ីបរបាញ់សត្វព្រៃនិងដាក់អន្ទាក់ធ្វើការដាក់បានកាលពីថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2019 នៅចំណុចព្រៃឋិតក្នុងភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
បើតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់ភេ បាននិយាយថា ក្រុមអ្នកដាក់អន្ទាក់យកសត្វព្រៃធ្វើជាមុខរបរ ធ្វើអោយសត្វព្រៃដ៏កម្រកាន់តែបាត់បង់នោះ មានឈ្មោះហ៊ុនផលនិងអ្នកទិញឈ្មោះព្រួញ។ រូបគេ ដើរប្រមូលទិញសត្វព្រៃ ដែលក្រុមឈ្មួញនៅភូមិខាងលើនោះ តែងតែធ្វើសកម្មភាពបរបាញ់ ដែលធ្វើឲ្យសត្វកម្រ កាន់តែបាត់បង់ជាបន្តបន្ទាប់នៅថ្ងៃអនាគត ហើយនឹងគ្មានវត្តមាននៅលើផែនដីទៀតទេ។
ប្រជាពលរដ្ឋ សំណូមពរដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ចុះស្រាវជ្រាវដល់ចំណុចភូមិខាងលើ ដើម្បីយកជនដែលរកស៊ីបរបាញ់សត្វព្រៃដ៏កម្រកម្រ និងជិតផុតពូជ យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ បើពុំនោះទេ ថ្ងៃអនាគតសត្វដ៏កម្រទាំងនេះ នឹងផុតរលត់ពីភពផែនដីយើងអស់មិនខាន៕
Source: Kampuchea Thmey Daily
0 Comments