កំពង់ឆ្នាំង ៖ ឯកឧត្ដម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងទិវាបើកបង្ហាញកសិដ្ឋានកសិកម្មតាមបែបទំនើប របស់វិទ្យាស្ថានប្រាយហូប នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ បានលើកឡើងថា ការបើកបង្ហាញកសិដ្ឋាន កសិកម្មទំនើបក្នុងពេលនេះ គឺចង់បញ្ជាក់ឲ្យដឹងថា ការធ្វើកសិកម្មបែបទំនើប គឺយើងធ្វើនៅលើដីតូចប៉ុណ្ណោះ តែវានឹងទទួលទិន្នផលខ្ពស់ ចំណាយពលកម្មតិច វាខុសពីកសិកម្មតាមបែបបុរាណ ដែលជាទម្លាប់របស់កសិករខ្មែរយើង ធ្វើលើដីធំប្រើប្រាស់ពលកម្មច្រើន ចំណាយទុនច្រើន តែចំណេញបានតិច។
ឯកឧត្តម ទូច វិសាលសុខ បានបន្តថា តាមបទពិសោធន៍ អ្វីដែលថ្មី គឺប្រជាពលរដ្ឋខ្មែរ នឹងចាប់យកមកអនុវត្តតាមមិនខានឡើយ ដូច្នេះយើងរំពឹងគិតថា ប្រជាកសិករយើង នឹងចាប់អារម្មណ៍នៅលើកសិដ្ឋានកសិកម្មទំនើបនេះ ដែលត្រូវបញ្ជូនកូនក្មួយឲ្យមកសិក្សារៀនសូតអំពីបទពិសោធន៍បច្ចេកទេស ដើម្បីកែទម្លាប់ពីការធ្វើកសិកម្មបែបបូរាណ មកទទួលយកការធ្វើកសិកម្មបែបទំនើបដូចនេះដែរ ក្នុងដី១ហិកតា គេប្រើពលកម្មមនុស្សតែ៤នាក់ អាចដាំដុះបន្លែបានច្រើនមុខ និងទទួលបានទិន្នផលខ្ពស់ រកប្រាក់ចំណូលបានច្រើន។
លោក សេង ស៊ិន្ថារ នាយកវិទ្យាស្ថានប្រាយហូបនៅក្នុងពិធីនេះបានបញ្ជាក់ថា កសិដ្ឋានកសិកម្មបែបទំនើបរបស់វិទ្យាស្ថានប្រាយហូប មានទំហំដីតែមួយតែប៉ុណ្ណោះ ដែលមានដាំបន្លែច្រើនមុខ ច្រើនប្រភេទ និងដាំនៅក្នុងសំណង់ប្លាស្ទិក នៅក្នុងសំណង់សំណាញ់ និងនៅតាមទីវាល ដើម្បីធ្វើការបង្ហាញពីភាពខុសគ្នា នៃផលិតផលបន្លែ នៅតាមកន្លែងដាំទាំងបីប្រភេទ ដើម្បីផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្មទំនើបលើបន្លែទាំងអស់នេះ។
ជាក់ស្ដែងកសិដ្ឋានរបស់យើង បានចាប់ផ្ដើមដាំបន្លែនេះ នៅដើមខែវិច្ឆិកាឆ្នាំ២០១៨ មកដល់ពាក់កណ្ដាលខែកុម្ភៈនេះ បន្លែគ្រប់មុខបានទទួលផលហើយ និងក៏ជាពេលវេលាដ៏សមស្របមួយក្នុងការបង្ហាញដល់កសិករដែលមានចំណាប់អារម្មណ៍ ដើម្បីសង្កេត និងពិនិត្យមើលការបណ្ដុះកូនដំណាំ ការដាំបន្លែ ដែលកំពុងលូតលាស់ ដើម្បីរៀនសូត្រស្រង់បទពិសោធន៍បច្ចេកទេស និងពិនិត្យមើលប្រព័ន្ធស្រោចស្រពដំណក់ទឹក និងឧបករណ៍កសិកម្មសំខាន់ៗនាំចូលមកពីប្រទេសអ៊ីស្រាអែល។
លោកនាយកវិទ្យាស្ថាន បានឲ្យដឹងថា កសិកម្មបែបទំនើបនេះ គឺមិនប្រើជីធំ មិនប្រើដីធំ មិនទុកលុយជាឧបសគ្គ តែទុកឆន្ទៈ និងបច្ចេកទេសជាធំ , ប្រើពូជគ្រាប់មិនប្រកាន់រដូវ អាចទទួលផលក្នុងរយៈពេលខ្លី និងមានទិន្នផលខ្ពស់ មានរសជាតិឆ្ងាញ់ ប្រើប្រាស់ប្រព័ន្ធស្រោចស្រព និងការដាក់ជីតាមបែបប្រព័ន្ធដំណក់ទឹក ប្រើប្រាស់មធ្យោបាយផលិតកម្មទំនើប តែចំណាយសម្រាប់ការផលិតទាប ដែលអាចរកប្រាក់ចំណេញបានច្រើន។
ចំពោះគោលបំណងរបស់កសិដ្ឋាន គឺ ស្រាវជ្រាវបទពិសោធន៍កសិកម្មបានតាមបែបទំនើប ដើម្បីបង្ហាញដល់កសិករ និងសហគមន៍ បង្កើនជំនាញកសិកម្មទំនើបដល់និស្សិត និងកសិករតាមរយៈការអនុវត្តផ្ទាល់ ផ្គត់ផ្គង់ឧបករណ៍សម្ភារៈកសិកម្ម ពូជជី កូនបន្លែ និងជួយសម្របសម្រួលបង្កើតកសិកម្មទំនើបសហការជាមួយសាកលវិទ្យាល័យជាតិ អន្តរជាតិ អ្នកបច្ចេកទេសនានា ដើម្បីស្រាវជ្រាវបទពិសោធន៍បច្ចេកទេសកសិកម្មទំនើបថ្មីៗបន្តទៀត។ បង្កើតទីផ្សារបន្លែក្នុងស្រុក និងទំនាក់ទំនងទីផ្សារទំនើបដើម្បីលក់បន្លែ របស់កសិដ្ឋាននានា។
ដោយឡែក លោក ប្រាក់ សោភណ្ឌ នាយករងវិទ្យាស្ថានប្រាយហូប បានឲ្យដឹងថា មកដល់ពេលនេះ និស្សិតនៅក្នុងវិទ្យាស្ថានប្រាយហូបជាង២០០នាក់ហើយ ដែលបានបញ្ចប់ការសិក្សាអំពីកសិកម្មតាមបែបទំនើបនៅប្រទេសអ៊ីស្រាអែល ដែលមកដល់ពេលនេះ និស្សិតទាំងអស់នោះកំពុងចែករំលែកបទពិសោធន៍បច្ចេកទេស នៃកសិកម្មទំនើប ដល់និស្សិតជំនាន់ក្រោយ និងដល់ប្រជាកសិកររបស់យើង ដែលមានបំណងរៀនសូត្រ ដើម្បីកែទម្លាប់ពីការធ្វើកសិកម្មតាមបែបបូរាណ ចាប់យកការធ្វើកសិកម្មបែបទំនើប ដើម្បីដាំបន្លែទទួលបានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ៕
Source: Kampuchea Thmey Daily
0 Comments