Ad Code

លោក ស៊ុន ចាន់ថុល ជំរុញ​មន្ត្រី​ក្រោម​ឱវាទ​ ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឲ្យ​បាន​លឿន មាន​ប្រសិទ្ធភាព និង​តម្លាភាព​



ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​កិច្ចប្រជុំ​លើកដំបូង​របស់​គណៈកម្មការ​ដឹក​នាំ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។​

​ពិធី​នេះ​ប្រព្រឹត្តឡើង ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​សំខាន់ៗ និង​មន្ត្រីរាជការ​របស់​ក្រសួង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន។​

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិភាក្សា​លើ​លទ្ធភាព ​នៃ​ការផ្ទេរ​សេវា​សាធារណៈ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ​ទៅ​ថ្នាក់ក្រោម​ជាតិ ដោយមាន​ការជួយជ្រោមជ្រែង​ផ្នែក​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ព្រមទាំង​ការប្រកាស​សុពលភាព​សមាសភាព​របស់​គណៈកម្មការ និង​លេខាធិការដ្ឋាន​របស់​ក្រសួង​ផងដែរ​។​

ថ្លែង​នៅក្នុង​អង្គពិធី​ទាំងមូល លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការធ្វើប្រតិភូកម្ម​សេវា​សាធារណៈ ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ ទៅ​ថ្នាក់ក្រោម​ជាតិ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន តាមរយៈ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន អង្គភាព​ច្រក​ចេញ​ចូល​តែមួយ ការិយាល័យ​ច្រកចេញចូល​តែមួយ និង​យន្តការ​ច្រកចេញចូល​តែមួយ ដើម្បី​ជំរុញ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ ពង្រឹងគុណភាព​សេវា​សាធារណៈ បណ្ដុះ​ស្មារតី​ភាពជា​ម្ចាស់ លើកកម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​គោល​នយោបាយ​របស់​ក្រសួង សេវា​សាធារណៈ​មួយចំនួនធំ ​ត្រូវបាន​ផ្ទេរ​ទៅ​ថ្នាក់ក្រោម​ជាតិ រួមមាន ​៖ ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ ប្ដូរ ឬ​ពន្យារ​ប័ណ្ណ​បើកបរ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​សេវា​សាធារណៈ​មួយចំនួនទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេវា​សាធារណៈ ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​គឺ ធ្វើឲ្យ​បាន​លឿន ធ្វើឲ្យ​មាន​ប្រសិទ្ធភាព និង​ធ្វើឲ្យ​មាន​តម្លាភាព​។

លើសពីនេះទៅទៀត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​បើកឲ្យ​មាន​មណ្ឌល​ប្ដូរ និង​ពន្យារ​ប័ណ្ណ​បើកបរ​នៅតាម​ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២ ឆៀក​ចល័ត និង​ប្រើប្រាស់​យន្តការ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដាក់ពាក្យ​ប្រឡង​យក​ប័ណ្ណ​បើកបរ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក​) ដែល​អាចឲ្យ​​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​នេះ​បាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ទោះបី​នៅក្រៅ​ប្រទេស​ក្ដី ក៏​អាច​ប្រើ​សេវា​ទាំងនេះ​បានដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu