ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយ បានកើតមានឡើង ខណៈដែលគេបានឃើញអណ្ដាតភ្លើង ឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងផ្ទះល្វែងជាន់ទី១ ដែលជាផ្ទះសម្រាប់ដាក់អីវ៉ាន់ ចានឆ្នាំង ចានដែកជ័រ ហើយគ្រោះអគ្គិភ័យនេះ ប៉ូលិសបានប្រើប្រាស់ពេលវេលា នៃការជួយពន្លត់រហូតដល់ជាងបីម៉ោង និងប្រើប្រាស់ទឹកជាង២០ឡាន ទើបភ្លើងបានរលត់ទាំងស្រុង។
គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីរាត្រីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីនៅចំណុចផ្ទះល្វែងលេខ៣១៤ ផ្លូវ២៦១កែង១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី១ បន្ទាប់មកក៏ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ភ្លាមនោះ ប្រជាពលរដ្ឋ
ក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ផងដែរ។
ក្នុងនោះដែរ គេក៏បានឃើញ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងលោកអធិការខណ្ឌទួលគោក ចុះមកដល់ទីតាំងកើតហេតុភ្លាមៗដែរ ដើម្បីដឹកនាំកម្លាំងជួយអន្តរាគមន៍ ធ្វើយ៉ាងណាគ្រប់គ្រងគ្រោះអគ្គិភ័យនេះឲ្យបាន និងកុំឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងផ្សេងទៀត។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២២គ្រឿង ដោយប្រើប្រាស់រយៈពេល៣ម៉ោង ទើបអាចគ្រប់គ្រងបានទាំងស្រុង។
សមត្ថកិច្ចបានបន្តថា ក្នុងការបង្កគ្រោះអគ្គិភ័យនេះ កម្លាំងពិបាកនឹងអន្តរាគមន៍បន្តិច ដោយសារតែ ការឆាបឆេះនោះ គឺនៅជាន់ទី១ នៃបន្ទប់ដាក់អីវ៉ាន់មាន ដូចជាចានឆ្នាំង ចានដែកជ័រជាដើម។
សមត្ថកិច្ចបានបន្តទៀតថា សម្ភារៈត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ហើយមូលហេតុនោះ ជំហានដំបូង សន្និដ្ឋានមកពីឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕
Source: Kampuchea Thmey Daily
0 Comments