ព្រះសីហនុ ៖ ក្រុមការងារចម្រុះរបស់រដ្ឋបាលក្រុង រដ្ឋបាល ខេត្តព្រះសីហនុ រួមមាន មន្ទីរបរិស្ថាន មន្ត្រីមន្ទីរសាធារណការ និងមន្ត្រី មន្ទីរ អង្គភាពជាច្រើន ទៀតទូទាំង ខេត្ត រួមនឹង អាជ្ញាធរ មូលដ្ឋាន ភូមិ សង្កាត់នៅតែបន្តចុះធ្វើការណែនាំទៅដល់បងប្អូន ប្រជាពលរដ្ឋ និង អាជីវករ លក់ដូរតាម ដងផ្លូវ សាធារណៈ ក៏ដូចជាម្ចាស់ ការដ្ឋាន សំណង់ មួយ ចំនួន ដែល បានទុកដាក់សម្ភារៈសំណង់ លើចិញ្ចើមផ្លូវ បង្កឲ្យមានផលប៉ះពាល់ សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ សោភណភាពទីក្រុង។ ដោយ វិធានការ របស់គណៈកម្មការចម្រុះ នាពេលនេះ គឺតម្រូវ ឲ្យ ម្ចាស់តូបលក់ដូរ ទាំង អស់ ដែល ដាក់តូប លើដី ចិញ្ចើមផ្លូវ ត្រូវរុះរើចេញវិញឲ្យអស់ ដោយគ្មានការតវ៉ា ជាពិសេសគឺ ការដ្ឋានក្រុមហ៊ុន សំណង់ ធំៗដែល នៅតែប្រើប្រាស់ដី សាធារណៈ ដាក់សម្ភារៈ សំណង់របស់ខ្លួន។
ក្រុមមន្ត្រី ចុះអនុវត្ត រៀបចំសណ្ដាប់ធ្នាប់ បានបញ្ជាក់អោយដឹងថា នេះមិនមែន ជាលើក ទីមួយទេដែលរដ្ឋបាលខេត្ត រដ្ឋបាលក្រុងចុះរៀបចំសណ្ដាប់ធ្នាប់ និងបាន ធ្វើការ ណែនាំព្រមទាំងបានធ្វើការ ចុះឃាត់ ធ្វើកំណត់ហេតុទៅលើក្រុមហ៊ុនសំណង់មួយចំនួន និង លំនៅដ្ឋានអាជីវករ ដែលបង្កផលប៉ះពាល់ ផ្លូវសាធារណៈក៏ដូចជា តូបលក់ដូរ នៅតាម ផងផ្លូវ សាធារណៈ តម្រូវ ឲ្យរុះរើ ដោយខ្លួន ឯង។ ប៉ុន្តែ សម្រាប់ពេលនេះ រដ្ឋបាល ខេត្ត រដ្ឋបាល ក្រុង ព្រះសីហនុ មិនយោគយល់ទៀតទេគឺបើពិនិត្យឃើញ ការដ្ឋានសំណង់ណាមួយ ក៏ដូចជា សំណង់ផ្សេងៗ នៅតែបន្តប្រើប្រាស់ដីចំណីផ្លូវ សាធារណៈ ដាក់សម្ភារៈសំណង់ របស់ ខ្លួន បង្កផលប៉ះពាល់ សណ្ដាប់ធ្នាប់ សាធារណៈតទៅទៀត រដ្ឋបាលខេត្ត នឹងដឹក ជញ្ជូន យក សម្ភារៈ ទាំងនោះ ទៅរក្សាទុក និងមានវិធានការផ្លូវច្បាប់។
ជាមួយគ្នានេះ លោកអភិបាល ខេត្តព្រះសីហនុ លោក យន្ត មីន ក៏បាន ធ្វើការ អំពាវនាវផងដែរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ក្រុមហ៊ុនការដ្ឋាន សំណង់ សំណង់ធំៗ សូមមេត្តាជួយសហការគ្នា ដើម្បីរួមគ្នាស្តារ និង អភិវឌ្ឍ ខេត្តព្រះសីហនុ អោយមានភាពស្រស់បំព្រង ប្រកបដោយចិរភាព មាន សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ ល្អ ក្នុងគោលដៅ ទាក់ទាញភ្ញៀវទេសចរ ពាណិជ្ជករ ក្រុមហ៊ុន វិយោគទុន ឲ្យកាន់តែ ច្រើន ពីព្រោះថា បើ ខេត្តយើង មាន ភ្ញៀវទេសចរចូលមកកម្សាន្ត ច្រើន និង ក្រុមហ៊ុន វិយោគ ទុនកាន់តែច្រើន នោះ ជីវភាពប្រជាពលរដ្ឋ ក៏បានធូរធារ តាមនឹង ដែរ ដូចនេះ យើងត្រូវតែរួមគ្នាធ្វើកិច្ចការនេះទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments