ភ្នំពេញ ៖ រថយន្តដឹកដីដឹកខ្សាច់របស់ ឈ្មោះ វែង ដែលគេស្គាល់ថា(តាវែងៗ) នោះ បច្ចុប្បន្នកំពុងតែធ្វើសកម្មភាពបំផ្លាញផ្លូវលំ និងផ្លូវបេតុង ក្នុងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារខូចខាតខ្ទេចខ្ទីអស់ ជាពិសេសរថយន្តរបស់ក្រុមតាវែងនេះ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់របួស និងខូចខាតទ្រព្យសម្បត្តិជាញឹកញាប់។
បើតាមប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា រថយន្តក្រុមតាវែងនេះ ដឹកដីដឹកខ្សាច់បំផ្លាញផ្លូវខូចខាតស្ទើរគ្រប់កន្លែង តាំងពីខណ្ឌជ្រោយចង្វា រហូតដល់ខណ្ឌឫស្សីកែវ ហើយការដឹកដីដឹកខ្សាច់មិនដែលគ្របតាមការណែនាំរបស់អាជ្ញាធរទេ ដោយកំពប់ដី ឬខ្សាច់ជ្រុះពេញផ្លូវ ពេលខែភ្លៀងបែកភក់វល់ពេលមេឃក្តៅហុយទ្រលោមពេញផ្ទះប្រជាពលរដ្ឋពិបាករស់នៅណាស់។
ជាងនេះទៀត រថយន្តរបស់តាវែងនេះ យកតៃកុងក្មេងៗ បើកលឿនៗ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់មនុស្សស្លាប់ និងរបួសជាញឹកញាប់។
ជាក់ស្ដែងរថយន្តដឹកដីមួយគ្រឿង ដែលគេស្គាល់ថា ជារបស់តាវែង កាលពីកន្លងមក បានបើកបុករះរថយន្តរ៉ឺម៉ក និងម៉ូតូរ៉ឺម៉កកង់បីជាបន្តបន្ទាប់ចំនួន៥គ្រឿង ជ្រុលទៅមុខ បុកគ្រែលក់បាយសម្ល និងកញ្ច្រែងផ្លែឈើ ២ ៣ កន្លែងទៀត កំពប់បែកបាក់ខ្ទេចខ្ទីអស់ តែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ហើយតៃកុងវ័យក្មេងបានដាក់មេប្រូច តែគេចាប់បានវិញ។
មហាជននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តដឹកដីរបស់តាវែង ដែលតៃកុងក្មេងបើកគ្មានការប្រុងប្រយ័ត្ន ហើយគ្រោះថ្នាក់ចរាចរណ៍នេះ មុនកម្មកររោងចក្រចេញពីធ្វើការតែប៉ុន្មាននាទីប៉ុណ្ណោះ បើចំម៉ោងកម្មករចេញពីធ្វើការវិញ មិនដឹងមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ឡើយ។ ដូច្នេះ សូមអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយមានវិធានការលើរថយន្តដែលមានម្ចាស់ឈ្មោះ តាវែង នេះផង៕
Source: Kampuchea Thmey Daily
0 Comments