អភិបាលរដ្ឋ New Mexico បានបញ្ជាឲ្យដកឆ្មាំជាតិភាគច្រើន ដែលឈរជើងនៅព្រំប្រទល់ភាគខាងត្បូងនៃរដ្ឋអាមេរិកមួយដោយរិះគន់ការព្រមានរបស់លោកប្រធានាធិបតីដូណាល់ត្រាំអំពីជនចំណាកស្រុកនៅព្រំដែន។
លោកស្រី Michelle Lujan Grisham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំសូមបដិសេធការអះអាងរបស់សហព័ន្ធដែលថា មានវិបត្តិសន្ដិសុខជាតិដ៏លើសលប់នៅតាមព្រំដែនភាគខាងត្បូង”។
បញ្ជារបស់លោកស្រីចំពោះការដកទ័ពនេះបានកើតឡើងមិនយូរប៉ុន្មានមុនពេលលោក Trump ថ្លែងសុន្ទរកថា State of the Union របស់លោកកាលពីល្ងាចថ្ងៃអង្គារដែលក្នុងនោះលោកបានប្តេជ្ញាថានឹងសាងសង់ជញ្ជាំងដ៏ចម្រូងចម្រាស់នៅតាមបណ្តោយព្រំដែនអាមេរិក-ម៉ិកស៊ិក។
បញ្ជារបស់លោកស្រី Grisham បានគ្របដណ្ដប់លើកងកម្លាំងភាគច្រើនដែលត្រូវបានដាក់ពង្រាយនៅរដ្ឋ New Mexico ព្រមទាំងកងទ័ពមកពីរដ្ឋ Arkansas, Kansas, Kentucky, New Hampshire, South Carolina និង Wisconsin ផងដែរដែលត្រូវបានដាក់ពង្រាយនៅតាមព្រំដែន។
ការិយាល័យរបស់លោកស្រីបាននិយាយថា កងទ័ពទាំងនោះមានចំនួន១១៨នាក់។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Grisham បាននិយាយថា កងទ័ពមួយចំនួននឹងនៅតែឈរជើងដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍នៅក្នុងតំបន់ដែលត្រូវដោះស្រាយជាមួយលំហូរនៃគ្រួសារ ស្ត្រីនិងកុមារដែលឆ្លងកាត់ព្រំដែន។
លោកស្រី Grisham បាននិយាយថា “យើងនឹងគាំទ្រអ្នកជិតខាងរបស់យើងដែលត្រូវការជំនួយហើយយើងនឹងផ្តល់ជំនួយនៅពេលដែលយើងអាចជួយដល់ជនងាយរងគ្រោះទាំងនោះដែលបានមកដល់ព្រំដែនរបស់យើងប៉ុន្ដែរដ្ឋ New Mexico នឹងមិនចូលរួមក្នុងការបំភិតបំភ័យរបស់លោកប្រធានាធិបតីអំពីបញ្ហាព្រំដែនដោយប្រើប្រាស់កងទ័ពឆ្មាំជាតិដ៏ឧស្សាហ៍របស់យើងទាំងខុសឆ្គងនោះទេ”។
លោកស្រីបានបន្ថែមថា “យើងនឹងដាក់ពង្រាយបុរសនិងស្ត្រីរបស់យើងក្នុងឯកសណ្ឋានតែនៅកន្លែងដែលមានតម្រូវការប៉ុណ្ណោះហើយវត្តមានរបស់ពួកគេអាចធ្វើឲ្យមានភាពខុសគ្នាពិតប្រាកដក្នុងការធានាសុវត្ថិភាពសាធារណៈនិងការបន្ធូរបន្ថយនូវក្តីព្រួយបារម្ភផ្នែកមនុស្សធម៌នៅតាមព្រំដែនភាគខាងត្បូងរបស់យើង”៕ AFP
Source: Kampuchea Thmey Daily
0 Comments