ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគ្នាទាំងកំរោល ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យភាគីម្ខាងស្លាប់ និងភាគីម្ខាងទៀតរបួសធ្ងន់ កាលពីវេលាម៉ោង១១និង៣០យប់ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិដូនកី សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះមាន ឈ្មោះ ផា ចន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នករត់តុ ស្រុកកំណើតភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ។
យោងតាមប្រភពព័ត៌មានពីប្អូនប្រុសជនរងគ្រោះបាននិយាយថា មុខពេលកើតហេតុជនរងគ្រោះដែលស្លាប់ បានចេញពីធ្វើការជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៧ ស្លាកលេខ កណ្ដាល1E-5211 ទៅទិញអីហូប ពេលជិះម៉ូតូត្រឡប់មកវិញ ក្នុងទិសដៅពីត្បូងមកជើង បញ្ច្រាសគ្នា មកដល់ចំណុចកើតហេតុ ដោយសារផ្លូវងងឹតផង ខណៈនោះក៏មានម៉ូតូមួយគ្រឿង ម៉ាក zoomer X ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខតាកែវ1 O-4622 ដែលជិះម៉ូតូបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនដូចគ្នា ពេលជិះមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាពីមុខពេញទំហឹង បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូហុងដាឌ្រីមដួលបោកក្បាលនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវ បានខាងមន្ទីរពេទ្យឯកជនសម្ភរស្មី ដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែង ហើយបានធ្វើការវាស់វែង និងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពរងគ្រោះ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments