លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រហាក់ដូចជាមិនអើពើចំពោះកាលកំណត់របស់សភាអាមេរិកដើម្បីកំណត់ថាតើនរណាជាអ្នកបញ្ជាឲ្យធ្វើឃាតលោក Jamal Khashoggi ទេចំពេលមានការលាតត្រដាងថ្មីថា រាជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានបន្ទូលថានឹងតាមចាប់អ្នកកាសែតរូបនេះដោយគ្រាប់កាំភ្លើង។
ខណៈសម្ពាធកំពុងកើនឡើងកាន់តែខ្លាំងលើទីក្រុងវ៉ាស៊ីនតោននិងរីយ៉ាដនោះ ប្រធានាធិបតីអាមេរិកបានមកដល់ពេលកំណត់ហើយដើម្បីបញ្ជាក់ពីអ្នកទទួលខុសត្រូវចំពោះការសម្លាប់អ្នកកាសែត Washington Post ដែលត្រូវបានរឹត.កនិងបំបែកសាកសពដោយភ្នាក់ងារអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងស្ថានកុងស៊ុលរបស់ប្រទេសនេះប្រចាំទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី២ខែតុលា។
ពេលវេលាកំណត់នេះត្រូវបានដាក់ដោយសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋដែលបានសរសេរទៅលោកប្រធានាធិបតីកាលពីថ្ងៃទី១០ខែតុលាដោយអំពាវនាវឲ្យមានការស៊ើបអង្កេតលើការសម្លាប់នេះ។
ក្រោមច្បាប់គណនេយ្យភាពសិទ្ធិមនុស្ស, លិខិតនេះបានផ្តល់ពេល១២០ថ្ងៃដល់លោកប្រធានាធិបតីដើម្បីកំណត់និងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវ។ ប៉ុន្តែមិនមានសកម្មភាពច្បាស់លាស់ត្រូវបានគេរំពឹងទុកពីរដ្ឋបាលនេះទេកាលពីថ្ងៃសុក្រ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងវ៉ាស៊ីនតោនបានចាត់វិធានការរួចទៅហើយ។ ក្រសួងបានអះអាងបែបនេះដោយចង្អុលបង្ហាញដល់ការដកហូតទិដ្ឋាការមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតជិតដប់ពីរនាក់និងការបង្កកទ្រព្យសម្បត្តិរបស់មនុស្ស១៧នាក់ផ្សេងទៀតកាលពីឆ្នាំមុន។
សមាជិកសភាខ្លះបានប្រកាសជាសាធារណៈថា ពួកគេសង្ស័យថា រាជទាយាទដ៏មានឥទ្ធិពល Mohammed bin Salman គឺជាអ្នកទទួលខុសត្រូវដោយផ្ទាល់ចំពោះការសម្លាប់នេះដោយផ្អែកលើសេចក្តីសន្និដ្ឋានរបស់CIA។
ហើយសមាជិកព្រឹទ្ធសភាទាំងពីរគណបក្សកាលពីថ្ងៃព្រហស្បតិ៍បានស្នើឡើងនូវច្បាប់មួយដែលនឹងកាត់បន្ថយការលក់អាវុធមួយចំនួនហើយទាមទារឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងជនជាតិអារ៉ាប៊ីសាអ៊ូឌីតរូបណាដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Khashoggi ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានលើកឡើងពីករណីឃាតកម្មលោក Khashoggi ក្នុងចំណោមបញ្ហាដទៃទៀតអំឡុងកិច្ចប្រជុំមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតលោក Adel al-Jubeir៕ AFP
Source: Kampuchea Thmey Daily
0 Comments