Ad Code

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ ​ប្រារព្ធ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ឆ្នាំ​២០១៩



ភ្នំពេញ ​៖ ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF)​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ និង​អង្គការ​ដៃគូ​នានា​ កាលពី​ល្ងាច​ថ្ងៃទី​៩ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ បាន​ប្រារព្ធ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ឆ្នាំ​២០១៩ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​និង​អ្នកស្ម័គ្រចិត្ត​មកពី​តាម​បណ្តា​អង្គការ​សមាគម​ប្រមាណ​ជាង​២៥០​នាក់​។

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) ដែល​ជា​អង្គការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សកល​ដ៏​ធំ ជាមួយ​ការថែទាំ​អ្នកជំងឺ​ជាង ១ លាន​នាក់​នៅក្នុង ៤៣​ប្រទេស កំពុង​រៀបចំ​យុទ្ធនាការ​ម្តង​ទៀត «​តែងតែ​ទាន់សម័យ​» នៅ​ថ្ងៃ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ (ICD) ជា​ថ្ងៃ​ឈប់សម្រាក​ទូទាំង​ពិភពលោក​ដែល​ស្រប​ជាមួយនឹង ទិវា​ក្តី​ស្រឡាញ់ នៅ​ថ្ងៃទី ១៣ ខែកុម្ភៈ​។



ព្រឹត្តិការណ៍​កន្លងទៅ​ដែល​ប្រារព្ធ​ឡើង​ក្រោម​បដា​ពាក្យស្លោក​ដ៏​មាន​ប្រជាប្រិយភាព​ «​តែងតែ​ទាន់សម័យ !» របស់ AHF បាន​ចាប់​ផ្តើម​ជាច្រើន​សប្តាហ៍​ដោយ​ការ​បង្ហាញ​ម៉ូដ ការ​ដង្ហែ​ក្បួន និង​ការឃោសនា​ជាដើម ហើយ​សម្រាប់​ឆ្នាំនេះ ក៏​មិន​ខុសពី​ឆ្នាំមុនៗ​ដែរ​! ។ AHF នឹង​រៀបចំ​ព្រឹត្តិការណ៍​ម្តងទៀត និង​សកម្មភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន (​ការ​ផ្តល់​ស្រោមអនាម័យ​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​ឥតគិតថ្លៃ​!) នៅ​ទូទាំង​សហរដ្ឋអាមេរិក (​ក្រោម​ពាក្យស្លោក «​សុ​វត្តិភាព គឺ សេច​ស៊ី​!») និង​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក ដើម្បី​លើកកម្ពស់​ដល់​ការ​យល់ដឹង និង​សុវត្ថិភាព​ក្នុង​ការ​រួមភេទ​។



លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) បាន​មានប្រសាសន៍ថា​សម្រាប់​នៅ​ប្រទេស​កម្ពុជា​ទិវា​នេះ​យើង​បាន​រៀប​ចំ​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ​រួមមាន​ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ឥតគិតថ្លៃ ការចែក​ស្រោម អនាម័យ ការ​រាំ​ហែ​ក្បួន​និង​ការប្រគំ​តន្ត្រី​ដែល​មាន​ការចូលរួម​ពី​តារា​ចំរៀង​ល្បីៗ​ដើម្បី​ផ្សព្វផ្សាយ​ដល់​យុវវ័យ​ឲ្យ​បាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​ថែមទៀត​ស្តី​ពី​វិធី​បង្ការ​និង​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ​ឬ​ជំងឺអេដស៍​។

លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បាន​បន្ត​ថា ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​មនុស្ស​ទូទៅ​ពិសេស​យុវវ័យ​បាន​ស្វែងយល់​ពី​ការប្រើប្រាស់​ស្រោមអនាម័យ​ដែល​ជា​មធ្យោបាយ​មួយ​ដ៏​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​មិន​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ព្រោះ​ជំងឺអេដស៍​កំពុង​តែ​បន្ត​គំរាមកំហែង​ប្រជាពលរដ្ឋ​ពិសេស​យុវវ័យ​គួរ​ឲ្យ​ព្រួយបារម្ភ​។



លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ថា​ «​សម្រាប់​ទិវា​ស្រោមអនាម័យ​អន្តរជាតិ AHF កម្ពុជា ចង់​ឲ្យ​មនុស្ស​ទូទៅ​ទទួល​បាន​នូវ​បទពិសោធន៍​ដោយផ្ទាល់​ដើម្បី​ដឹង​ថា ​ហេតុអ្វី​បានជា ស្រោមអនាម័យ តែងតែ​ទាន់សម័យ​! និង​ហេតុអ្វី​បានជា​ទាំងអស់គ្នា​មាន​សុវត្ថិ​ភាព​មិន​ឆ្លង​មេរោគ​អេដស៍ និង​កាមរោគ​ដោយសារ​ស្រោមអនាម័យ​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ហើយ​យើង​កំពុង​ធ្វើ​ការងារ​គ្រប់យ៉ាង ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ធានា​ថា សម្រាប់​មនុស្ស​គ្រប់រូប កាន់តែ​ងាយស្រួល​ទទួល​បាន​ស្រោមអនាម័យ​»​។

អ្នកស្រី Terri Ford នាយក គោលនយោបាយ​សកល និង ការតស៊ូ​មតិ បាន​មានប្រសាសន៍ថា ស្រោម​អនាម័យ​នៅ​តែ​មាន​តម្លៃថោក និង​ជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​ការពារ​ការ​ឆ្លង​មេរោគ​អេដស៍ កាមរោគ និង​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​គ្រោងទុក​។​ ព្រឹត្តិការណ៍​របស់​យើង គឺជា​កម្មវិធី​ដ៏​សប្បាយរីករាយ​មួយ​ដែល​ប្រមូល​ផ្តុំ​មនុស្ស​ឲ្យ​មក​ជួប​ជុំគ្នា និង​ផ្តល់​ចំណេះដឹង​ពី​របៀប​ការពារ​ខ្លួន និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ឲ្យ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​។



លោកស្រី​បាន​បន្ត​ថា ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ ក៏​ជួយ​ក្រើនរំលឹក​ដល់​មនុស្ស​ទូទៅ​ឲ្យ​បាន​ដឹង​ថា មេរោគ​អេដស៍​នៅតែ​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ពិភពលោក​ទាំងមូល ហើយ​តាមរយៈ​យុទ្ធនាការ «​តែងតែ​ទាន់សម័យ​!» គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង និង​ប្រយុទ្ធ​នឹង​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ​អេដស៍​។



ចំណែក​លោក Michael Weinstein ប្រមុខ​ដឹកនាំ​អង្គការ AHF ទូទាំង​សកល​មានប្រសាសន៍ថា «​ការលើកកម្ពស់​ការអនុវត្ត​ន៍​សុវត្ថិភាព​នៃ​ការ​រួម​ភេទ គឺជា​រឿង​សំខាន់បំផុត​នៅពេលដែល​ថវិកា​សម្រាប់​សុខភាព​សកល​នៅ​តែ​មាន​កង្វះខាត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និង «​ការ​ខ្វះខាត​ថវិកា រួម​ទាំង​ថវិកា​សម្រាប់​ស្រោមអនាម័យ​ផងដែរ​»​។ ដូច្នេះ​វា​ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់​យើងទាំងអស់គ្នា​ផ្សព្វផ្សាយ​ពី​ការ​ទទួលបាន​ពី​សារៈសំខាន់​ក្នុងការ​ថែរក្សា​សុខភាព និង​គ្មាន​ជំងឺ ជាពិសេស​គឺ​ប្រទេស​ដែល​ធ្លាប់មាន​អត្រា​ឆ្លង និង​រីក​រាលដាល​មេរោគ​អេដស៍​ខ្ពស់​។



លោក​វេជ្ជបណ្ឌិត តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​និង​យុវវ័យ​ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​គ្រប់ពេល​នៅ​ពេល​ដែល​រួមភេទ​ជាមួយ​ដៃគូ​ដែល​មិនមែន​ជា​ប្តី ឬ​ប្រពន្ធ​ព្រោះថា ​ស្រោមអនាម័យ​នេះ​មិន​ត្រឹមតែ​អាច​ការពារ​អ្នក​មិន​ឲ្យ ឆ្លង​មេរោគ​អដ​ស៍បាន​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​អាច​ការពារ​នូវ​ការ​ឆ្លង​ជំងឺ​កាមរោគ ផ្សេងៗ​ទៀត​ព្រមទាំង​ការពារ​មិន​ឲ្យ​មានកូន​មិន​តាម​ប្រាថ្នា​ទៀតផង​។

ជា​មួយ​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត តែង គ​ន្ធី​បាន​ស្នើ​ដល់​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​បង្កើន​ការ​ផ្សព្វផ្សាយ​ស្តីពី​ជំងឺអេដស៍​នេះ​ដល់​ប្រជាពលរដ្ឋ​និង​យុវវ័យ​ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​នេះ​ កុំ​ឲ្យ​មាន​ការ​រីក​រាលដាល​ឡើងវិញ​ខណៈ​បច្ចុប្បន្ន​ការ​ការ​ផ្សព្វផ្សាយ​ហាក់​មានការ​ស្ងប់ស្ងាត់​ដោយសារ​ជំនួយ​សម្រាប់ធ្វើ​សកម្មភាព​លើ​ការងារ​ជំងឺអេដស៍​បាន​កាត់បន្ថយ​។



គួរ​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​បើក​យុទ្ធនាការ​ការប្រើប្រាស់​ស្រោមអនាម័យ​១០០​ភាគរយ​ កាល​ពី​ឆ្នាំ​១៩៩៩​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ​អេដស៍​ដែល​តាមរយៈ​យុទ្ធនាការ​នេះ​បាន​ធ្វើ​ឲ្យ​អត្រា​ឆ្លង​មេរោគ​អេដស៍​ចំពោះ​មនុស្ស​ពេញវ័យ​ថយ​ចុះ​ពី​២​ភាគរយ​នៅ​ឆ្នាំ​១៩៩៨​មក​នៅ​ត្រឹម​០.៦​ភាគរយ​នៅ​ឆ្នាំ​២០១៨​កន្លង​មក​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu