Ad Code

អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​លើ​ករណី​អតីត​មេបញ្ជាការ​ប៉េអិម​ខេត្តរតនគិរី លោក គឹម រស្មី ហើយ



ភ្នំពេញ ​៖ បន្ទាប់ពី​ត្រូវ​បាន​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជ្យក្រឹត្យ​លុបឈ្មោះ​លោក គឹម រស្មី មេបញ្ជាការ​ប៉េអិម​ខេត្តរតនគិរី​ចេញពី​ក្របខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ មក អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានចាប់ផ្តើម​ដំណើការ​បើក​ការស៊ើបអង្កេត​ហើយ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​អង្គភាព​នេះ​។



ការ​លុបឈ្មោះ​លោក គឹម រស្មី​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ការ​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នេះ បាន​ធ្វើ​ឡើង ខណៈ​លោក គឹម រស្មី ដែល​ជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី កាលពី​យប់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ប្រកាស​នៅ​លើ​វេទិកា​មួយ ក្នុង​ពិធី​ខួបកំណើត​កូន​របស់​ខ្លួន ដោយ​ចែក​ប្រាក់​ដល់​កូនៗ​ចំនួន​៥​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ សរុប​៥០​ម៉ឺន​ដុល្លារ ថែមទាំង​អួត​អំពី​តម្លៃ វ៉ែនតា ស្បែកជើង ខ្សែក្រវាត់ ឬ​អាវ​ជាដើម ដែល​អាវ​មួយ​មានតម្លៃ​២​ពាន់​ដុល្លារ​អាមេរិក​ជាដើម​។ ជាមួយគ្នា​នោះ ក្នុង​កម្មវិធី​នោះ លោក​មេបញ្ជាការ ក៏បាន​បញ្ជាក់​ពី​ការ “​យក​ត្រី​តូច ស្ទូច​យក​ត្រី​ធំ​” ផងដែរ​។

ក្រោយ​ពិធី​នោះ វីដេអូ​របស់​លោក គឹម រស្មី ដែល​បាន​អួត​ពី​ការ​ចំណាយ​លុយ​ដល់​កូនៗ​របស់​ខ្លួន ជា​សាធារណៈ ដើម្បី​បង្កើត​មុខរបរ​រកស៊ី​នេះ ត្រូវ​បាន​បង្ហោះ ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​មួយ​ឈ្មោះថា “Gee Yong”​។ បន្ទាប់ពី​ឃើញ​វីដេអូ​នេះ មហាជន ក៏ដូចជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បានដាក់​ការសង្ស័យថា ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី ដែល​សម្ញែង​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ អាចមាន​ការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដោយសារតែ​ប្រាក់បៀវត្ស​របស់គាត់ នឹងមិន​អាចមាន​ចំនួន​ច្រើនបែប​នេះឡើយ ហើយក៏​បានដាក់​សង្ស័យ​ថា អាច​ជាប់​ទាក់ទង​បទល្មើស​ព្រៃឈើ​ទៀត​ផង​។



លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) មិនអាច​ស្វែង​ការបញ្ជាក់​តាម​ទូរស័ព្ទ​បានទេ ប៉ុន្តែ​លោក​បាន​មាន​ប្រសា​ស​ន៍​ប្រាប់​អ្នកសារព័ត៌មាន​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចាប់​ផ្តើម​បើក​ការស៊ើបអង្កេត​លើ​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី លោក គឹម រស្មី ហើយ តែ​លទ្ធផល​យ៉ាងណា​នោះ លោក​នៅ​មិនទាន់​បង្ហាញ​បានទេ ហើយ​ការស៊ើបអង្កេត​នេះ ក៏​មិនមែន​ធ្វើតាម​ពាក្យបណ្តឹង​របស់​អង្គការ​NGO ណា​នោះដែរ គឺ​កម្លាំង​ជំនាញ​របស់ ACU បាន​បើក​ការស៊ើបអង្កេត​តាំងពី​មាន​តម្រុយ​មុន​មាន​ករណីនេះ​ម្ល៉េះ​។

ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា លោក រស់ សា​រ៉ុ​ម បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​ថា លោក​មិនបាន​ដាក់ពាក្យ​ប្តឹង​ទេ ដោយសារ ACU បាន​ចាប់​ផ្តើម​ទៅហើយ ពីព្រោះ ACU ជា​ស្ថាប័ន​ច្បាប់​មាន​សិទ្ធ​គ្រប់គ្រាន់​ក្នុង​ការធ្វើ​រឿងនេះ ហើយ​ការ​បើក​ការស៊ើបអង្កេត​លើ​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី លោក គឹម រស្មី នេះ គឺ​ធ្វើ​ឡើង​តាម​អ្វីដែល​ជា​ការ​ចង់​បាន​របស់​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា ទោះបី​យើង​មិនបាន​ដាក់ពាក្យ​ប្តឹង តែ​នេះ​បំណង​របស់​យើង​។ លោក​បញ្ជាក់​ថា “​ក្នុងនាម​សង្គម​ស៊ីវិល ការ​ដកតំណែង​លោក គឹម រស្មី តែមួយ​មុខ ហើយ​អ្វីៗ​ចប់​នោះ វា​មិនបាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់​ទេ ដូច្នេះ​មានតែ​ការបើក​ការស៊ើបអង្កេត​លើ​លោក គឹម រស្មី ថា​តើ​មាន​កំហុស​អត់ ? “​

សូម​បញ្ជាក់​ថា ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ បានចេញ​ព្រះរាជក្រឹត្យ​លុបឈ្មោះ​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ចេញពី​ក្រម​ខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ​។ ចំណែក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហោះ​សារ​មួយ​ពាក់ព័ន្ធ​ករណី​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​នេះ ដោយ​សម្តេច​បាន​សរសេរ​ថា “​នេះ​គឺជា​វះកាត់​ប្រកបដោយ​ការឈឺចាប់​។ នេះ​ជា​អភិក្រម​ទី​៥ គឺ​ការវះកាត់​“​។

អភិក្រម​ទាំង​៥ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ដាក់ចេញ​នៅក្នុង​អាណត្តិ​ទី​៦​នេះ ដើម្បី​រំលឹក​ដល់​មន្ត្រី​ទាំងអស់​ឲ្យ​ខិត​ខំ​បម្រើ​ជាតិ កុំ​កេងប្រវ័ញ្ច ឬ​ពុករលួយ ដែល​អភិក្រម​ទាំង​៥​នោះ រួមមាន ទី​១, ឆ្លុះកញ្ចក់ ទី​២, ងូតទឹក ទី​៣, ដុសក្អែល ទី​៤, ព្យាបាល និង​ទី​៥, វះកាត់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu