Ad Code

គ្រូបង្វឹក​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​ក្រុម​ខ្លួន​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម



ក្រោយ​ប្រមូល​ផ្តុំគ្នា​មួយ​រយៈ​ពេល​ជិត​៤​ខែ​មកនេះ​ គ្រូបង្វឹក​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន​ថ្មី​គឺ​លោក Leonardo Vitorino បាន​សម្លឹង​ឃើញ​ពី​កម្រិត​សមត្ថភាព​របស់​កូនក្រុម​របស់​ខ្លួន ខណៈ​លោក​ក៏ត្រូវ​ការ​ពេល​កែប្រែ​បន្ថែម​មុន​ពេល​រដូវ​កាល​ឆ្នាំ​២០១៩ ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន មកដល់​នៅ​ដើមឆ្នាំ​២០១៩​នេះ​។



បុរស​ជនជាតិ​ប្រេ​ស៊ី​ល រូបនេះ​បានបញ្ជាក់​នៅ​លើ​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ថ្មីៗ​នេះ​ថា «សម្រាប់​ក្រុម​របស់​យើង​នៅតែ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​សម្រួច​លើ​បច្ចេកទេស​នៃ​ការលេង​លើ​ទីលាន​។ កីឡាករ​របស់​យើង​មួយចំនួន​មាន​បញ្ហា​របួស និង​មួយចំនួនទៀត​ត្រូវបាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ យើង​នៅសល់តែ​កីឡាករ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​ធ្វើការ​ហ្វឹកហាត់​ជាមួយគ្នា​ជា​រៀងរាល់ថ្ងៃ​។ តាំងពី​ពេល​ដែល​ខ្ញុំ​មកដល់​ទីនេះ ពួកយើង​មិនដែល​បាន​ហ្វឹកហាត់​ជុំគ្នា​ទាំងអស់​នោះទេ ដោយសារតែ​ពួកគេ​មាន​របួស និង​លេង​ជម្រើសជាតិ ហើយ​ខ្ញុំ​សង្ឃឹមថា​មុនពេល​លី​គ​ចាប់ផ្តើម យើង​នឹងមាន​ឱកាស​ហាត់​ជុំគ្នា​»​។

សូម​បញ្ជាក់​ថា ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោលគឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន ទាត់​បញ្ចូល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤​ទល់​៣ ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង​២​ជើង​៤​ទល់​៤​។

កាលពី​ចុងខែ​តុលា កន្លងទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន បានតែងតាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មានដូចជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ហើយ​លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្របពេល​ប្អូនប្រុស​របស់ខ្លួន Luis Fernando Vitorino កាន់​តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បាន​ទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈ​ដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu