Ad Code

ក្រុម​ណាហ្គា​វើ​ល រើស​បាន​កីឡាករ​យុវជន​ថ្នាល​១០​នាក់​មកពី​ខេត្តកំពង់ស្ពឺ ត្រៀម​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ



ក្រុម​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្លិប​ណាហ្គា​វើ​ល បានដាក់​ផែនការ​ចេញទៅ​ធ្វើតេស្ត​ស​ម​ត្ថ​ភាព​កីឡាករ​យុវជន​ថ្នាល​ក្រោម​អាយុ​១៨​ឆ្នាំ នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​ដាក់ចូល​ក្នុង​ក្រុមយុវជន​របស់ខ្លួន​ដែលមាន​ឱកាស​ចូលរួម​ក្នុង​ក្រុម​ឈុត​ធំ​នៅ​ថ្ងៃ​អនាគត​។

លោក មាស ចាន់ណា គ្រូបង្វឹក​របស់​ក្រុម​ណាហ្គា​វើ​ល បាន​លើកឡើង​ថា ​ការ​ធ្វើ​តេស្ត​កីឡាករ​យុវជន​ថ្នាល​នេះ​ធ្វើឡើង​អស់​មួយរយៈ​មក​ហើយ​នៅ​ទីលាន​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ខណៈ​ការធ្វើ​តេស្ត​កីឡាករ U18 នេះ​គឺ​ក្លិប​បង្កើតជា​ពានរង្វាន់​សម្រាប់​យុវជន​តែម្តង​ដោយមាន​ក្រុម​ចូលរួម​ចំនួន​១៩​ក្រុម​នៅក្នុង​ខេត្ត​។ កីឡាករ​ដែលមាន​សម​ត្ថ​ភាព​ទាំង​១០​នាក់​នេះ​នឹង​យកទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ​របស់​ណាហ្គា​វើ​ល ចំនួន​១០​ថ្ងៃ​សិន​។ ប្រសិនបើ​ពួកគេ​បន្ត​បង្ហាញ​សមត្ថភាព​បាន​ល្អ​ពេល​ហ្វឹកហាត់​នោះ​អាច​នឹងមាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​១​សប្ដាហ៍ មុន​ក្លាយជា​កីឡាករ​របស់​យុវជន​ថ្នាល​ក្លិប​ណាហ្គា​វើ​ល​។



គ្រូបង្វឹក​ខាងលើ​ធ្លាបបាន​បញ្ជាក់​ថា «​ប្រហែលជា​២​ឆ្នាំ​ទៀត​អី ​ទើប​យើង​អាច​ដាក់​បញ្ចូល​ពួកគេ​ក្នុង​ក្រុម​ធំ ហើយ​ពេលនេះ​យើង​ផ្តោត​តែ​លើ​យុវជន​នៅ​ខេត្តកំពង់ស្ពឺសិន ​ព្រោះថា​ថ្នាក់ដឹកនាំ​ក្លិប​ចង់យក​ខេត្ត​នេះ​ធ្វើជា​មូលដ្ឋាន​របស់​ក្លិប​សម្រាប់​ថ្ងៃ​អនាគត​»​។ យ៉ាងណា​ក្តី​លោក​រំពឹង​ថា​កីឡាករ​ដែល​ដុះ​ចេញពី​យុវជន​ថ្នាល​នេះ​នឹង​បង្ហាញ​សមត្ថភាព​បាន​ល្អ​នៅ​ថ្ងៃ​អនាគត​។

ក្រុម​ណាហ្គា​វើ​ល ទើបតែ​បញ្ចប់​បេសកកម្ម​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​៨​ដល់​១៥ ខែមករា ឆ្នាំ​២០១៨ ខណៈ​ក្រុម​នេះ​នឹង​តំណាង​ឲ្យ​កម្ពុជា ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2019 ខាងមុខ ដោយ​ស្ថិតក្នុង​ពូ​ល F ជាមួយ​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) ក្រុម​Tampines Rovers ( ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី ) និង Yangon United ( ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​) ឬ Zwekapin United​ក្រុម​លេខ​៣​នៅ​លី​គ​មីយ៉ាន់​ម៉ា​ដូចគ្នា​។

ងាក​ទៅ​មើល​ប្រវត្តិ​សាស្ត្រ​វិញ​ក្រុម​ណាហ្គា​វើ​ល ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចំនួន​២​លើក​ដែរ​ គឺ​នៅ​ឆ្នាំ​២០០៧​និង​២០០៩​។ គិត​ត្រឹម​ដឹកនាំ​ក្រុម​ណាហ្គា​វើ​ល ពី​ឆ្នាំ​២០១៥ មក​លោក មាស ចាន់ណា តែងតែ​បង្ហាញថា​ ក្រុម​ខ្លួន​ជា​បេក្ខជន​មួយ​ដែល​មិនអាច​រំលង​បាន​ក្នុង​ការ​ប្រជែង​យក​ជើងឯក​។ ជាក់ស្តែង​គឺ​ឆ្នាំ​២០១៥ ទទួល​បាន​ជើងឯក​រង​លី​គ​កំពូល​កម្ពុជា ក្រោយ​ចាញ់​បឹងកេត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៣​ទល់​២ និង​ជើងឯក​រង​ពានរង្វាន់​សម្តេច​តេ​ជោ ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​។ ឆ្នាំ​២០១៦ ណាហ្គា​វើ​ល ឈរ​ចំណាត់ថ្នាក់​លេខ​៣​ព្រមទាំង​មានឱកាស​ទៅលេង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់ AFC Cup 2017 ផងដែរ​។ ឆ្នាំ​២០១៧ ណាហ្គា​វើ​ល បាន​ត្រឹម​លេខ​៣​ក្រោយ​ចាញ់​ក្រសួងការពារជាតិ នៅ​វគ្គ​ជម្រុះ​លី​គ​កំពូល​កម្ពុជា ខណៈ​ពានរង្វាន់​សម្តេច​តេ​ជោ ក្រុម​នេះ​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu