Ad Code

ខ្យល់​កន្ត្រាក់ ​បាន​បំផ្លាញ​ឃ្លាំង​សាយ​ឡូ និង​ផ្ទះ​ពលរដ្ឋ អស់​ជាង​២០​ខ្នង​



​បាត់ដំបង ៖ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង២០ខ្នង រួម​ជាមួយនឹង​ឃ្លាំង​សាយ​ឡូ១កន្លែង ដែល​ក្នុង​នោះ​មាន​របស់របរ​ជាច្រើន ព្រមទាំង​បាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​៥​ម៉ឺន​ដុល្លារ ត្រូវ​ខ្ទេចខ្ទី​រាប​ស្មើ​ដល់​ដី បន្ទាប់ពី​មាន​ខ្យល់​កន្ត្រាក់​បាន​បោកបក់​មក​ចំ​ កាលពី​ល្ងាច​ម្សិលមិញ​នេះ។​

​ហេតុការណ៍​ នៃ​គ្រោះធម្មជាតិ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ត្រង់ចំណុច​ភូមិ​តា​ក្រី ឃុំ​តា​ក្រី​ ស្រុក​កំរៀង ខេត្ត​បាត់ដំបង ខណៈ​ដែលមាន​ភ្លៀង​មួយ​មេ​រួចមក ក៏​ស្រាប់តែ​ខ្យល់​កំណាច​នោះបាន​បោកបក់​មក​យ៉ាងខ្លាំង​តែម្តង។​



​ក្រោយពី​មានការ​ចុះ​ត្រួតពិនិត្យ​ពី​សំណាក់​អាជ្ញាធរ និង​សមត្ថកិច្ច​នៅក្នុង​តំបន់​នោះ​រួចមក ក៏បាន​ធ្វើ​របាយការណ៍​រួមមួយ ​ដើម្បី​ផ្ញើ​ជូន​ទៅ​សាខា​កាកបាទក្រហម​ខេត្ត​ ដោយ​ក្នុងនោះ​ការខូចខាត​រួមមាន សាយ​ឡូ១​កន្លែង ដែល​មាន​ទំហំ​៣០​ម៉ែត្រ​ គុណ​៦០​ម៉ែត្រ ធ្វើ​អំពី​ថ្ម ដែក និង​ប្រក់ ស័ង្កសី ត្រូវ​បាន​បំផ្លាញ​រាប​ដល់​ដី ដែល​ការសាងសង់​មានតម្លៃ​ប្រមាណ​៥០.០០០​ដុល្លារ នៅក្នុង​នោះ​ក៏​មាន​របស់របរ​មួយចំនួន​ផងដែរ​ដូចជា រថយន្ត​ឡង់​គ្រី​ស័​រ​១​គ្រឿង ម៉ូតូ​១​គ្រឿង គោយន្ត​កន្ត្រៃ​៣​គ្រឿង ម៉ាស៊ីន​កិន​ដំឡូង​៣​គ្រឿង ម៉ាស៊ីន​បូមទឹក​៥​គ្រឿង ឡ​សំងួត​៣ ( ឡ នីមួយៗ មាន​ចំណុះ​៣​តោន) ដំឡូង​ស្រស់ ៦០​តោន ​ត្រាក់ទ័រ២​គ្រឿង ម៉ាស៊ីន​បាញ់​ស្មៅ​១០​គ្រឿង និង ស្រូវ២០តោន ដោយ​សាយ​ឡូ និង របស់​របរ​ទាំងនេះ ជា​របស់ លោក ហែម ថ្លៃថ្លា និង អ្នកស្រី ឆេង មុំ។​

​ក្រៅពីនេះ ក៏មាន​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន២១ខ្នង ផងដែរ ដែល​ត្រូវបាន​ខ្យល់​កន្ត្រាក់​វាយបំផ្លាញ​គ្មាន​សល់ នៅក្នុង​រយៈពេល​តែមួយ ដោយ​បច្ចុប្បន្ន​ខាង​អាជ្ញាធរ​ស្រុក​ បានរៀបចំ​ឯកសារ​ហើយ ដើម្បី​បញ្ជូន​ទៅ​សាលាខេត្ត និង​កាកបាទក្រហម​ខេត្ត ប៉ុន្តែ​នៅក្នុង​ហេតុការណ៍​នេះដែរ គឺ​ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​នរណា​ម្នា​ក់​ឡើ​យ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu