Ad Code

ហ៊ីយ៉ាន់ដាយ​ដឹក​ស៊ីម៉ងត៍​ពេញ បុក​រះ​រថយន្ត​ចត​ស្ងៀម​ចំនួន​៤​គ្រឿង​នៅ​ផ្លូវបំបែក​ស្រែអំបិល​ ស្លាប់​ម្នាក់ ​របួស​ម្នាក់



ព្រះសីហនុ​ ៖​ ​មនុស្ស​ម្នាក់​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ដោយ​ខ្លួនប្រាណ​កៀប​ជាប់​នៅ​ក្នុង​រថយន្ត នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ងត៍​មួយ​គ្រឿង​ ​​បើក​បុក​រថយន្ត​ចត​ស្ងៀម​ចំនួន​៤​គ្រឿង​ផ្សេងទៀត​នៅ​ចំណុច​ផ្លូវបំបែក​ស្រែអំបិល។ នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​មាន​មនុស្ស​ជាច្រើន​នាក់​ នាំគ្នា​ចោមរោម​មើល​ព្រមទាំង​ជួយសង្គ្រោះ​អ្នក​រង​របួស​ផង​ដែរ។

ករណី​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ ​បាន​កើតមានឡើង​នៅ​ម៉ោង ១០និង១៣​នាទី​ព្រឹក ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លើផ្លូវ​ជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ 141-142 ចំណុច​ថ្នល់​បំបែក​ស្រែអំបិល ស្ថិតក្នុង​ភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​ដឹក​ស៊ីម៉ងត៍​ ម៉ាក​ហ៊ីយ៉ាន់​ដាយ ពាក់​ស្លាក​លេខ កំពង់ធំ 3A-1369 បើក​ក្នុងទិសដៅ​ចេញពី​កំពង់ផែ​ស្រុកស្រែ​អំបិល​ទៅ​ភ្នំពេញ លុះ​មកដល់​ចំណុច​កើត​ហេតុ​រថយន្ត​បើក​ចុះ​ផ្លូវ​ចុះ​ចំណោត​ចំណុច​ថ្នល់​បំបែក​ស្រែអំបិល​ផ្លូវជាតិ​លេខ ៤៨ ឆ្លង​ចូល​ផ្លូវជាតិ​លេខ ៤ ក៏បាន​បុក​រថយន្ត ចំនួន​៤​គ្រឿង​ដែល​ចត​នៅ​ចិញ្ចើមផ្លូវ​ក្រួស​ក្រហម បណ្តាល​ឲ្យ​រង​របួស​និង​ស្លាប់​នៅ​កន្លែង​កើតហេតុ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ករណី​រថយន្ត​បុក​រះ​ជាច្រើន​គ្រឿង​នេះ ភាគី​តៃកុង​រថយន្ត​បង្ក​មិនបាន​រត់​គេច​ខ្លួន​នោះ​ទេ ព្រោះថា​នៅក្នុង​ហេតុការណ៍​នេះ ​អ្នកបើករថយន្ត​ក៏បាន​រង​របួស​ធ្ងន់​ដែរ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​នេះ ​បាន​ខូចខាត​រថយន្ត​៥​គ្រឿង​ ក្នុង​នោះ​
1/ រថយន្ត​ធំ​ដឹក​ស៊ីម៉ងត៍​ ​ម៉ាក​ហ៊ីយ៉ាន់​ដាយ អ្នក​បើកបរ ឈ្មោះ សាទ ម៉ា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ភ្នំ​ដី ឃុំ​ច្បារមន ស្រុក​ច្បារមន ខេត្តកំពង់ស្ពឺ របួសធ្ងន់។ 2/ រថយន្ត​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-2821 ចត​នៅលើ​ចិញ្ចើមផ្លូវ​ក្រួស​ក្រហម អ្នក​បើកបរ​ឈ្មោះ សុ​ទ រិទ្ធី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ០៤ សង្កាត់​លេខ ០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ស្លាប់​ក្នុង​រថយន្ត។ 3/ រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ១​តោន​ម្ភៃ​ប្រាំ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-0660 ចត​នៅលើ​ចិញ្ចើមផ្លូវ​ក្រួស​ក្រហម។ 4/ រថយន្ត​ម៉ាកហ៊ីយ៉ាន់ដាយ ១​តោន​ម្ភៃ​ប្រាំ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-1267 ចត​នៅ​ចិញ្ចើម​ផ្លូវ​ក្រួស​ក្រហម។ 5/ រថយន្ត​ធុន​តូច ម៉ាក ALTO. SUZUKI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2F-0885 ចត​នៅ​ចិញ្ចើម​ផ្លូវ​ក្រួស​ក្រហម​។
បច្ចុប្បន្ន​វត្ថុ​តាង​រថយន្ត​ទាំង ៥​គ្រឿង ​សមត្ថកិច្ច​បាន​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ដើម្បី​បន្ត​នីតិ​វិធី។ ចំណែក​​​សព​រង់ចាំ​គ្រួសារ​​ ​មក​ទទួលយក​ទៅ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu