ត្បូងឃ្មុំ ៖ ផ្ទះចំនួន៤ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ ហើយផ្ទះចំនួន៣ខ្នងទៀត បានឆេះរាបដល់ដី និង១ខ្នងទៀត ឆេះអស់ពាក់កណ្ដាល បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ សំណាងមិនមានមនុស្សណាម្នាក់ទទួលរងរបួសឡើយ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិជាំក្រវៀន ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលករណីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យដឹងថា ករណីអគ្គិភ័យខាងលើ បានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋ អស់ចំនួន៤ខ្នង និងទ្រព្យសម្បត្តិយ៉ាងច្រើន តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ ក្នុងករណីភ្លើងឆេះសន្ធោសន្ធៅនេះដែរ កម្លាំងជំនាញពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដោយប្រើទឹកអស់ចំនួន១៥ឡាន ទើបពន្លត់បានទាំងស្រុង ដោយមិនឲ្យឆេះរាលដាលផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅជិតនោះបន្តទៀត។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ចំពោះការខូចខាតវិញ នៅពុំទាន់ដឹងនៅឡើយទេ ព្រោះកម្លាំងជំនាញកំពុងស្រាវជ្រាវ សួរនាំដល់ម្ចាស់ផ្ទះ រងគ្រោះទាំង៤ខ្នងនោះ ហើយករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
Source: Kampuchea Thmey Daily
0 Comments