Ad Code

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ ប្រកាស​គាំទ្រ​ការ​ប្តេជ្ញាចិត្ត​របស់​សម្តេច​តេ​ជោ សែន ដែល​ធានា​មិន​ឲ្យ​មាន​សង្គ្រាម​ជាថ្មី



ភ្នំពេញ ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ បង្ហាញ​ពី​ការគាំទ្រ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បានប្រកាស​ធានា​មិន​ឲ្យ​មាន​សង្គ្រាម​ជាថ្មី នៅលើ​ដែនដី​កម្ពុជា និង​បានចាត់ទុក ការប្តេជ្ញាចិត្ត​នេះ ថា​ជា​ឧ​ត្ត​ម​គតិ​ជាតិ​ពិត និង​ជា​សេចក្តី​ចង់បាន​បំផុត របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​។​

សេចក្តីថ្លែងការណ៍​បាន​លើកឡើងថា ការិយាល័យ​អ្នកនាំពាក្យ សូម​សម្តែង​នូវ​អំណរ​សាទរ និង​ក្តី​គោរព​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ប្តេជ្ញា​ជា​ឱឡារិក ក្នុង​កិច្ច​អនុវត្តន៍​នូវ​កាតព្វកិច្ច​របស់ខ្លួន ក្នុងកា​គាំទ្រ និង​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​វាសនា នៃ​ប្រទេសជាតិ​របស់ខ្លួន ហើយ​អំណាច​ទាំងអស់ ជា​របស់​ប្រជាពលរដ្ឋ ដែល​លោក​បាន​អនុវត្តន៍​សិទ្ធិ​របស់ខ្លួន​រួចមកហើយ តាមរយៈ​ការបោះឆ្នោត​សាកស និង​លទ្ធផល​ចេញពី​ប្រអប់​ឆ្នោត កាលពី​ថ្ងៃទី​២៧ កក្កដា ឆ្នាំ​២០១៨ ក៏ដូចជា​សេចក្តី​រីករាយ សុខក្សេមក្សាន្ត​របស់​មហាជន​ទាំងមូល ដែលមាន​ស្រាប់​ក្នុងពេល​បច្ចុប្បន្ន​។​

ការិយាល័យ​អ្នកនាំពាក្យ ក៏បាន​ថ្លែងអំណរគុណ​សាជាថ្មី ចំពោះ​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ជ្រើស​យក សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី តាមរយៈ​គណបក្ស​ប្រជាជន​កម្ពុជា ជាទី​ទុកចិត្ត​លើ​សមត្ថភាព​ដឹកនាំ និង​ស្មោះត្រង់​បំផុត របស់​សម្តេច​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំង​ចូលរួម​យ៉ាង​ក្លៀវក្លា​ជាមួយ សម្តេច​តេ​ជោ ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​រួមចំណែក​កសាង​ប្រទេសជាតិ កាន់តែ​រីកចម្រើន​ទៅមុខទៀត សម​ដូច​ប្រសាសន៍​សម្តេច​តេ​ជោ បាន​លើកឡើងថា “​យើងទាំងអស់គ្នា​បាន​ខិតខំ​ប្រឹងប្រែង និង​ធ្វើ​ពលិកម្ម​ខ្លាំងណាស់ ហើយក៏​គ្មាន​នរណា​នឹង​ជំនួស​យើង​ទេ បើ​យើង​មិន​ប្រឹង​ដោយ​ខ្លួនឯង​”​។​

ការិយាល័យ​អ្នកនាំពាក្យ បាន​សម្តែង​នូវ​មោទនភាព និង​សេចក្តី​គោរព​បំផុត ក្នុង​កិច្ច​ប្ដេជ្ញាចិត្ត​របស់​សម្តេច​តេ​ជោ ដែល​លោក​បាន​លើកឡើងថា “​នៅក្រោម​ការដឹកនាំ​រប​ស់​ខ្ញុំ គឺ​ដាច់ខាត​មិនឱ្យ​កម្ពុជា​វិល​ទៅរក​សង្គ្រាម វិនាសកម្ម​សារជាថ្មី​ឡើយ ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ​” ដែល​នេះ​ជា​ឧ​ត្ត​ម​គតិ​ជាតិ​ពិត និង​ជា​សេចក្តី​ចង់បាន​បំផុត របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​។​

ជាមួយគ្នា​នោះ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​រំលឹក​សាជាថ្មី​ថា សន្តិភាព ស្ថិរភាព​នយោបាយ នីត្យានុកូលភាព ប្រក្រតីភាព សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ គឺជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការពារ និង​ធានា ដែល​មិន​អនុញ្ញាតឱ្យ​បុគ្គល ឬ​ក្រុម​ណា បៀតបៀន​បានឡើយ​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ពុធ ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្តេជ្ញាចិត្ត​ជាថ្មី ក្នុង​ការធានា​រក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព ដែល​កំពុង​គ្រប់​ដណ្តប់​ទូទាំង​ផ្ទៃ​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន ដោយ​មិន​អនុញ្ញាត​ឲ្យ​សង្គ្រាម វិនាសកម្ម​បំផ្លាញ​ប្រទេស បំផ្លាញ​ក្តី​សុខ​ប្រជាពលរដ្ឋ កើតមាន​ជាថ្មី​នោះឡើយ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu