ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់បញ្ជាឲ្យមន្ត្រីរបស់ខ្លួន ដែលឈរជើងនៅតាមច្រកអន្តរជាតិនានា ជាពិសេសអាកាសយានដ្ឋានអន្តរជាតិ និងច្រកព្រំដែនអន្តរជាតិ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តដីកាចាប់ខ្លួនលោក សម រង្ស៊ី ឲ្យមានប្រសិទ្ធភាព។
ការដាក់បញ្ជានេះ ត្រូវបានធ្វើឡើងតាមលិខិតមួយច្បាប់ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលផ្ញើទៅកាន់អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធាននាយកដ្ឋានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះហត្ថលេខាដោយនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ហើយការប្រកាសឲ្យអនុវត្តនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសចូលមកប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩នេះ។
លិខិតរបស់នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា កន្លងមកអគ្គនាយកដ្ឋាន បានជូនដំណឹងអំពីចំណាត់ការនេះជាច្រើនលើករួចមកហើយ ហើយថ្មីៗនេះក៏មានព័ត៌មានថា ទណ្ឌិតឈ្មោះ សម រង្ស៊ី នឹងធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។ ក្នុងន័យនេះ “អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមក្រើនរំលឹកជាថ្មីដល់ឯកឧត្តម លោកជំទាវ អគ្គនាយករង និងប្រធាននាយកដ្ឋានពាក់ព័ន្ធ ពិសេសនៅតាមគោលដៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវចាត់វិធានការអនុវត្តជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឲ្យមានប្រសិទ្ធភាពខ្ពស់”។
នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ទៀតថា លោក លោកស្រី អគ្គនាយករង និងលោកប្រធានអគ្គនាយកដ្ឋាន អង្គភាពចំណុះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវចាត់តាំងអនុវត្តឲ្យបានម៉ឺងម៉ាត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទាក់ទងបញ្ហានេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្លាប់បានបញ្ជាក់នៅក្នុងពិធីប្រកាសផ្ទេរតំណែងស្នងការនគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ថា តុលាការបានចេញដីកាចំនួនបី ឲ្យនគរបាលចាំស្វាគមន៍លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ពេលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយសមត្ថកិច្ចក៏បានត្រៀមកម្លាំងរួចជាស្រេចផងដែរ។ ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលទាំងអស់ពង្រឹងស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ និងចាត់ការវិធានការសន្តិសុខ គ្រប់គ្រងស្ថានការណ៍ឲ្យបាន ជាពិសេសការបង្កចលាចល។
តាមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅពេលនេះ មានសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន ទោះបីមិនបង្ហាញរូបភាព ក៏ប៉ុន្តែនៅតែប្តេជ្ញាចិត្តតាមហ្វេសប៊ុក និងតាមយូធូបសម្បើមណាស់ ដូច្នេះសមត្ថកិច្ចត្រូវក្តាប់ឲ្យបាន។ នាយឧត្តមសេនីយ៍បន្តថា សិទ្ធិធ្វើនយោបាយត្រូវធ្វើតាមច្បាប់ តាមរដ្ឋធម្មនុញ្ញ សិទ្ធិធ្វើនយោបាយរបស់ប្រជាពលរដ្ឋចង់ចូលបក្សណាក៏បានដែរ ក៏ប៉ុន្តែពីម៉ោងនេះទៅ គ្មានទេសង្គ្រោះជាតិ ពីព្រោះគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយ និងហាមសិទ្ធិធ្វើនយោបាយ៕
Source: Kampuchea Thmey Daily
0 Comments