ភ្នំពេញ ៖ តារាសម្តែង និងជាពិធីករប្រុសរូបសង្ហា VJ DADA ដោយមើលឃើញពីការលំបាក និងអាណិតអាសូរដល់តារាចម្រៀងជើងចាស់ លោកគ្រូ នូស៊ិប ខណៈដែលបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយផងនោះ បានធ្វើការអំពាវនាវ និងប្រកាសប្រមែប្រមូលថវិកាពីមិត្តភ័ក្ដិរួមអាជីព ព្រមទាំងសប្បុរសជនបានរហូតជាង៣០០ដុល្លារ ដើម្បីឧបត្ថម្ភដល់ លោកគ្រូ នូស៊ិប។
ជាក់ស្ដែង នៅរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ តារាប្រុសវីជេដាដា បាននាំយកថ្នាំពេទ្យ និងថវិការបស់សប្បុរសជន និងលុយផ្ទាល់ខ្លួនមានប្រមាណជាង៣០០ដុល្លារ ទៅឧបត្ថម្ភជូនដល់ លោកគ្រូ នូស៊ិប ដល់ចំណុចបន្ទប់ផ្ទះជួល ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
បើតាមការលើកឡើងរបស់តារាប្រុសវីជេ ដាដា បានបញ្ជាក់ថា ចំពោះថវិកាទាំងនេះ គឺបានមកពីការរួមចំណែករបស់សប្បុរសជនរួមមាន ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យចំនួន១០០ដុល្លារ,លោក Kheam Panha ,លោក យុន ,អ្នកនាង ម៉ារ៉ាឌី និងបងស្រីម្ចាស់សម្អាងការហេង មានលាភ ជាដើម។
លោកថា ក្នុងនាមជាសិល្បករមួយរូប ពិតជាសប្បាយចិត្តណាស់ ដែលបាននាំយកថវិកាខ្លះៗមកជួយសម្រាលជីវភាពខ្វះខាតប្រចាំថ្ងៃរបស់ លោកគ្រូ នូស៊ិប។
ពិធីករមានប្រជាប្រិយភាពវីជេ ដាដា បានបន្តទៀតថា ពេលលោកបានមកដល់កន្លែងស្នាក់នៅហើយឃើញស្ថានភាពលំបាកបែបនេះពិតជាអាណិត លោកគ្រូ នូស៊ិប ណាស់ ព្រោះបច្ចុប្បន្នគាត់កំពុងរស់នៅក្នុងផ្ទះជួលដល់តូចចង្អៀត ហើយដំបូលប្រក់ស័ង្កសីក្ដៅហែង រួមផ្សំនឹងជំងឺប្រចាំកាយជាច្រើនមុខរបស់លោកគ្រូទៀតផង។
ជាមួយគ្នានេះដែរ លោកគ្រូ នូស៊ិប បានរៀបរាប់ពីភាពលំបាករបស់ខ្លួនថា សព្វថ្ងៃអាជីពសិល្បៈរបស់លោកគ្រូបានបាត់បង់ស្ទើរទាំងស្រុង ខណៈដែលបច្ចុប្បន្ន លោកគ្រូ ក៏កំពុងមានជំងឺប្រចាំកាយផងនោះ។
ចំណែកឯបន្ទប់ដែលលោកគ្រូស្នាក់នៅរាល់ថ្ងៃនេះ គឺជួលគេក្នុង១ខែតម្លៃ៥០ដុល្លារ ប៉ុន្តែសម្រាប់ការចំណាយលើបន្ទប់ជួលនេះដែរ គឺបានការជួយឧបត្ថម្ភពីបុគ្គលម្នាក់ ព្រោះថាលោកគ្រូ គ្មានលទ្ធភាពក្នុងការរកលុយទៀតឡើយ។
លោកគ្រូ នូស៊ិប បានបន្ថែមថា លោកពិតជាអរគុណខ្លាំងណាស់សម្រាប់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភថវិកា ដើម្បីបន្តទិញថ្នាំព្យាបាលជំងឺ និងសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថាគិតរហូតមកទល់ពេលនេះតារាចម្រៀងជើងចាស់លោកគ្រូ នូស៊ិប គឺមានអាយុ៧២ឆ្នាំហើយ ខណៈដែលអាជីពសិល្បៈរបស់លោក ក៏ស្ទើរតែបាត់បង់សមត្ថភាពផងនោះ៕
Source: Kampuchea Thmey Daily
0 Comments