ប្រទេសកម្ពុជា ទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់បាល់ទាត់ជើងឯកយុវជនក្រោយអាយុ២២ឆ្នាំប្រចាំតំបន់អាស៊ាន AFF U22 Championship នៅឆ្នាំ ២០១៩ នៅចុងខែកុម្ភៈ ខាងមុខ ខណៈសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (ស.ប.ក) បានកោះហៅកីឡាករចំនួន៥៤នាក់ដើម្បីធ្វើតេស្តជម្រុះរកកីឡាករល្អៗមុនការប្រកួតមកដល់។
យោងតាមសេចក្តីជូនដំណឹងរបស់ស.ប.ក បានបង្ហាញបញ្ជីឈ្មោះកីឡាករទាំង៥៤នាក់ដូចជាកីឡាករមកពីក្រុមក្រសួងការពារជាតិ មានកីឡាករ ង៉ែត លីទី, កាន់ ពិសាល, សុខ ហៀង, សុខ ហៀង, ណារ៉ុង កក្កដា។ ចំណែកក្រុមណាហ្គាវើល មានកីឡាករ រ័ត្ន ប៊ុននូ, យ៉េត ចិត្រា,ហេង ទីណា,សេត ម៉ាន់ស៊ូត,ឈន ដារ៉ា,កែវ ឧត្តម, ចាន់ សុភា។ ក្រុមបឹងកេត មាន ឱ ភារុណ, ជា វេសលី, ហ៊ុល គឹមហ៊ុយ,ទេស សម្បត្តិ,សឿត ណាវ៉ា, យ៉ាន់ សុខា,ស្លេស សេន, ម៉ុន វ៉ាន់ដា។ ក្រុមព្រះខ័នរាជស្វាយរៀង មាន គន្ធា រ៉ាវ៉ាន់, ឃឿង ម៉េងហ៊ួ,គឹម សុខយុទ្ធ,តែ លីហេង,ត្រាយ វិចិត្រ។ ក្រុមភ្នំពេញក្រោន មាន សឿត បារាំង, ពៅ ប៉ុនវុទ្ធី, យើ មូស្លីម, សួន នឿត, សេត រ៉ូហ្សាក់, ជួន ចាន់ចាវ, សាវែង សំណាង,យើ សាហ្វី, ឈិន ឆៃនុត, សុខ បញ្ញា។ វិសាខា មានកីឡាករ គឹម ឆៃយ៉ា, កែវ ច័ន្ទសុភ័ក្ត្រ, ម៉ាត់ សាក់រវី,ជា វ៉ាន់សាក់, ទៀត គឹមហេង,ស៊ិន សុផាណាត់,សាន គឹមហេង,គង់ ពីឡុត,សាន បូរ៉ា, ផន តៃនិញ,ឡុង ម៉េង ហាវ។ ក្រុមសូលទីឡូអង្គរ មាន ប្រាក់ សុវណ្ណពិសិដ្ឋ។ ក្រុមអគ្គីសនីកម្ពុជា មាន ឈឿង វិស៊ីនុ,ណុប ដេវីត,ផាច សុជាវីឡា ចំពោះក្រុមអង្គរថាយហ្គឺរ មាន ឡុង ភារ៉ាត់, ឈង់ ប៊ុនណាត ក្លិបអាស៊ីអឺរ៉ុប មាន កែវ សារ៉ាត និងមកពីសាលាបាល់ទាត់ជាតិបាទីមាន ថា ច័ន្ទឬទ្ធី និងតាំង ប៊ុនឆៃ។
ក្រុម U22 កម្ពុជា គឺលោកក្រោមការដឹកនាំពីសំណាក់លោក Felix Agustin Dalmas ដែលជាគ្រូបង្វឹក ខណៈការជម្រុះកីឡាករនេះនឹងបន្សល់ទុកតែ២៣នាក់ប៉ុណ្ណោះ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបង្ហាញបញ្ជីឈ្មោះកីឡាករចុងក្រោយឆាប់ៗ ខណៈការប្រមូលផ្តុំគ្នាឡើងវិញត្រូវចាប់ផ្តើមពីថ្ងៃសុក្រ សប្ដាហ៍នេះតទៅផងដែរ។
ពានរង្វាន់ AFF U22 Championship មានក្រុមចំនួន៨ចូលរួមដោយក្នុងនោះពូល Aមាន វៀតណាម ថៃ ទីម័រ និងហ្វីលីពិន ខណៈឯក្នុងពូល B វិញមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។ ការប្រកួតធ្វើឡើងពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។
តាមពិតទៅពានរង្វាន់ប្រភេទយុវជន U22 នេះត្រូវបាន AFF សហការគ្នាបង្កើតឡើងវិញ នៅឆ្នាំ២០១៩ ខាងមុខ ក្រោយពីខកខានជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។ គណៈកម្មការក៏បានកំណត់ដែលថាក្រុមខ្លាំងជាងគេចំនួន៤ក្រុម នៃពានរង្វាន់ AFF U22នេះ នឹងទទួលបានកៅអីឡើងទៅលេងក្នុងវគ្គជម្រុះពានបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំ (U23) ប្រចាំទ្វីបអាស៊ី (AFC U-23 ) ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments