ក្រុម Cambodia All Stars ដែលបង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានចាប់ផ្តើមប្រមូលផ្តុំជាផ្លូវការនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ Muangthong United សមាជិកក្នុងពានរង្វាន់លីគកំពូលប្រទេសថៃនៅដើមខែកុម្ភៈ ឆ្នាំ២០១៩ ឆាប់ៗនេះ។
ក្រោយប្រមូលផ្តុំបានរយៈពេលខ្លីនេះក្រុម Cambodia All Stars បានប្រកួតមិត្តភាពកម្តៅសាច់ដុំក្រៅផ្លូវការចាញ់ក្រុមAfrican All Stars (បណ្តុំកីឡាករមកពីទ្វីបអាហ្វ្រិកដែលប្រកបអាជីពបាល់ទាត់នៅកម្ពុជា) ដោយលទ្ធផល ៣ទល់០ កាលពីនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មីៗនេះ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ តាមគម្រោងក្រុម Muangthong United របស់ថៃនឹងប្រកួតជាមួយក្រុម Cambodia All Stars នៅវេលាម៉ោង៦ល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខលើទីលានពហុកីឡដ្ឋានជាតិ។
ក្រុម Cambodia All Stars លើកនេះដឹកនាំដោយលោក ភា សុភត្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ ខណៈថ្នាក់ដឹកនាំក្រុមផ្សេងទៀតមានលោក ឈូក ពិសិដ្ឋ តែងតាំងជាអ្នកចាត់ការទូទៅ លោក អ៊ុំ សាវង្ស គ្រូជំនួយ លោក ហោ សុខហេង គ្រូជំនួយ លោក យឿម សារ៉ាន់ គ្រូជំនួយ លោក ស៊ឹម ម៉េងហៃ គ្រប់គ្រងសម្ភារៈ និងលោក នី លក្ខណា គ្រប់គ្រងសម្ភារៈ។
ចំណែកសមសភាពកីឡាករវិញមានដូចជា សំរឹទ្ធ សីហា, ឈង់ ប៊ុនណាត, សេត រ៉ស៊ីប, នួន បូរី, សឿយ វិសាល, ប្រាក់ មុន្នីឧត្តម, អ៊ុំ វិចិត្រ, គួច សុកុម្ភៈ, កែវ សុខផេង, សុះ ស៊ូហាណា, សារ៉េត គ្រីយ៉ា, រ៉ឹង ប៊ុនហៀង, ស៊ិន កក្កដា, ឈិន ឈឿន, ម៉ាត់ ណូរ៉ុន, ឆេង ម៉េង, ហុង ផេង, ភួង សុខសាណា, ស៊ូ យ៉ាទី, អ៊ន ចាន់ប៉ូលីន, លី វ៉ាហេទ, អ៊ុព កាម៉ុល, Joichiro Sugiyama, Anderson Zogbe, Mizuno Hikaru, Mohamad Hamza, Privat។
ក្រុម Cambodia All Stars គឺជាការប្រមូលផ្ដុំកីឡាករល្អៗនៅក្នុងលីគកំពូលកម្ពុជា ទាំងកីឡាករខ្មែរនិងបរទេស ខណៈក្រុមនេះធ្លាប់បានប្រកួតមិត្តភាព៥លើករួចមកហើយ។ លោក ប្រាក់ សុវណ្ណារ៉ា និង លោក ទេព ឡុងរចនា ក៏ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមមួយនេះដែរ ខណៈចុងក្រោយលោក Leonardo Vitorino គឺជាគ្រូបង្វឹកម្តង។ ក្រុម Cambodia All Stars ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតឡើងនៅចុងឆ្នាំ២០១៥ មកម្ល៉េះ។
សូមរំលឹកថាគោលដៅនៃការប្រកួតរវាងក្រុម Muangthong United និងក្រុម Cambodia All Stars កន្លងទៅគឺដើម្បីដកស្រង់បទពិសោធន៍ រវាងក្រុមទាំង២ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រទេសទាំង ជាពិសេសគឺដើម្បីប្រមូលថវិកាសម្រាប់សកម្មភាពពង្រឹងសមត្ថភាពកីឡាករបាល់ទាត់វ័យក្មេងកម្ពុជានៅទូទាំង ២៥រាជធានី-ខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ៕
Source: Kampuchea Thmey Daily
0 Comments