Ad Code

ការពិត ​ត្រូវ​បាន​លាតត្រដាង ​ជុំវិញ​ករណី​ឃាតកម្ម​លើ​បុរស​ម្នាក់



ស្ទឹងត្រែង ​៖ ​​បុរស​ម្នាក់​ ដែល​គេ​ប្រទះឃើញ​អណ្ដែត​ទឹក​កាលពី​ថ្ងៃ​ទី៤​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ កន្លង​មក​នេះ​នៅ​ថ្ងៃ​ទី៧ ​ខែ​កុម្ភៈ​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​អធិការ​ស្រុក​សេសាន​ស្រាវជ្រាវ​រក​ឃើញ​ និង​លាតត្រដាង​ដឹង​ពី​ការពិត​គឺ​​ជា​កូន​របស់​ជន​ដៃដល់, ​ប្រពន្ធ ​និង​ប្អូនថ្លៃ​ ​ដែល​​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ។

លោក​វរសេនីយ៍ទោ​ដួង​ ស៊ី​វុត្ថា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ជនរងគ្រោះ ​ដែល​ត្រូវ​កូន​សម្លាប់​នោះ ​ឈ្មោះ​ថង រិទ្ធី ភេទ​ប្រុស​ អាយុ 36 ឆ្នាំ​។​ ចំណែក​ជន​ដៃដល់​ជា​កូន​មាន​១​ឈ្មោះ រិទ្ធី សុ​មន្នី ភេទ​ប្រុស អាយុ​19 ឆ្នាំ​(​កូន​) ២​ម្ដាយ​ឈ្មោះ ម៉េ​ត អាប់​ ភេទ​ស្រី ​អាយុ 33 ឆ្នាំ​(​ប្រពន្ធ​)​ និង​ទី ៣ ឈ្មោះ ម៉េ​ត គី​ ភេទ​ប្រុស ​អាយុ 22​ឆ្នាំ​(​ប្អូនថ្លៃ)។ ជនរងគ្រោះ ​និង​ជន​ដៃដល់​មាន​ទីលំនៅ​ក្នុង​ភូមិ​ភ្លុក​ ឃុំ​ភ្លុក​ ស្រុក​សេសាន​ ខេត្ត​ស្ទឹងត្រែង។

លោក​នាយ​ការិយាល័យ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​នៅ​ថ្ងៃ​កើតហេតុ ​ប្ដី​ស្រវឹង​ បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​រួមទាំង​កូន​ ពេល​ដែល​ឈ្លោះ​គ្នា​នោះ ​ឪពុក​បាន​យក​ដំបង​បម្រុង​វាយ​ទៅលើ​កូន​ តែ​កូន​ចាប់​យក​ដំបង​បាន​ ក៏​វាយ​ទៅលើ​ឪពុក​ចំនួន​២​ ដំបង​ចំក្បាល​ផ្នែក​ខាងក្រោយ​ និង​មួយ​ដំបង​ទៀត​ចំ​ស្មា ​ធ្វើ​ឲ្យ​ឪពុក​ដេក​ស្ដូកស្ដឹង​ស្លាប់​ភ្លាមៗ​នៅ​លើផ្ទះ​តែម្ដង។

លោក​វរសេនីយ៍ទោ​បន្ត​ថា ​តាម​ម្ដាយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា ​ក្រោយ​កើតហេតុ ​ជនដៃដល់​ជា​កូន​ បាន​​​អៀវ​ឪពុក ​ដែល​ស្លាប់​ ​ចុះទៅ​ក្នុង​ទន្លេ​យក​ខ្មោច​ចង​សណ្ដូន​ជាមួយ​ថ្ម​ជាច្រើន​ដុំ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​សេសាន។

លោក​ថា ​សព​នោះ ​នៅ​ថ្ងៃ​ទី 4 ខែ​កុម្ភៈ​ ត្រូវបាន​ប្រជា​នេសាទ​ប្រទះឃើញ​​ ​អណ្ដែត​ក្នុង​ទន្លេ​ ដែល​មាន​ខ្សែ​ចង​ដុំ​ថ្ម​ជាច្រើន​ដុំ​ ហើយ​បាន​រាយការណ៍​ទៅដល់​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ និង​ធ្វើ​កោសល្យវិច័យ​រក​ឃើញថា​ សាកសព​ ត្រូវ​បាន​គេ​សម្លាប់​ចង​នឹង​ថ្ម​សណ្ដូន​ទម្លាក់​ទឹក​ហើម​ស្អុយ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ។

បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​នេះ​កើតឡើង ​អាជ្ញាធរ​ភូមិ​ឃុំ​ បាន​ចុះ​ស្រាវជ្រាវ​នៅ​តាម​ភូមិ​ក្នុង​ឃុំ​កើតហេតុ​ សួរ​សមាជិក​ក្រុម​គ្រួសារ​ មាន​បាត់​មនុស្ស​ឬទេ​ តែ​ក្រុមគ្រួសារ​ ដែល​ត្រូវបាន​សម្លាប់​ហាក់បី​ដូច​មិនបាន​រាយការណ៍​ថា ​បាត់​មនុស្ស​នោះ​ទេ ​ហាក់បីដូច​ជា​មាន​អាថ៌កំបាំង។

លោក​វរសេនីយ៍ទោ ​បានបញ្ជាក់​បន្ថែមថា ​បន្ទាប់​ពី​មាន​ករណី​នេះ ​កើតឡើង​ហើយ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ ​ត្រូវបាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹកនាំ​ដោយ​លោក​ដួង​ស៊ី​វុត្ថា​ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​សេសា​ន ​ចុះ​ស្រាវជ្រាវ​ក្នុង​ករណី​ខាង​លើ​នេះ ទើប​ដឹង​​នូវ ​ផ្ទះ​ដែល​ជា​ឃាតក​បាត់​មនុស្ស​មិនបាន ​រាយការណ៍​ ហើយ​បាន​ចុះ​ស្រាវជ្រាវ​ដល់​ផ្ទះ​នោះ ​រក​ឃើញ​នូវ​វត្ថុ​តាង​ជាច្រើន ​ដូចជា​ខ្សែ​អន្ទាក់​ចង​សណ្ដូន​ថ្ម​ទម្លាក់​ជនរងគ្រោះ​ចូលទៅក្នុង​ទឹកជា​ភស្តុតាង​ ​​, ​ខ្សែ​អន្ទាក់​ដែល​នៅផ្ទះ​ជនរងគ្រោះ​ ហើយ​បាន​ឃាត់ខ្លួន​មនុស្ស​បីនាក់​ដែល​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើនេះ​ មានកូន​ប្រុស​ ម្តាយ​ និង​ប្អូនថ្លៃ​នាំ​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សេសា​ន ​និង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សាកសួរ​។​

​លោកនាយ​ការិយាល័យ​បន្តថា ​នៅ​ថ្ងៃទី 7 ខែកុម្ភៈ បន្ទាប់ពី​មានការ​សាកសួរ​ជនដៃដល់​ជា​កូន​មិន​ត្រូវបាន​សារភាព​ថា ​ខ្លួន​បាន​សម្លាប់​ឪពុក​នោះ​ទេ តែ​ម្ដាយ​បាន​សារភាព​ចំពោះ​សមត្ថកិច្ច​ថា នៅ​ថ្ងៃកើតហេតុ​ប្តី​របស់​គាត់​ឈ្លោះ​ជាមួយ​គាត់ ​និង​កូន​ ហើយ​​​​​​​ ​បាន​យក​ដំបង​បម្រុង​​វាយ​គាត់​ និង​កូន​។ ពេលនោះ ​កូន​ក៏បាន​ស្ទុះ​ទៅ​ឆក់​យក​ដំបង​ពី​ឪពុក​វាយ​ទៅលើ​ឪពុក​ចំនួន 2 ទៅ 3 ដំបង​បណ្ដាល​ឱ្យស្លាប់​តែម្ដង​ ហើយ​អៀវ​ជនរងគ្រោះ​​ជា​ឪពុក ​ចុះទៅ​ក្នុង​ទន្លេ​និង​ចង​សណ្តូន​ថ្ម​ទម្លាក់​ទឹក​ដើម្បី​បំបាត់ភស្តុតាង​។​

​តែ​ទោះជា​យ៉ាងណា​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ​​សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​សេ​សាន​បាន​ចុះ​ស្រាវជ្រាវ​ដល់ផ្ទះ​ជនរងគ្រោះ​ និង​បាន​រក​ឃើញ​នូវ​វត្ថុតាង ​និង​អាច​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់​នោះ​ ដែល​ជាប់​ពាក់ព័ន្ធ។

ម្តាយ​បាន​សារភាពថា ​ប្ដី​គាត់​ពិតជា​ត្រូវ​បានកូន​វាយ​នឹង​ដំបង​ពិតប្រាកដ​មែន ហើយ​ក្នុង​ហេតុការណ៍​នោះ​ ជនដៃដល់​ជា​កូន​មិនបាន​សារភាពថា ​ខ្លួន​បាន​វាយ​សម្លាប់​ឪពុក​នោះ​ទេ។ ក្នុង​ហេតុការណ៍​នេះ​​ក៏មាន​វត្ត​មាន​ប្អូន​ថ្លៃ​របស់​គាត់ ​នៅ​ទីនោះ​ដែរ​ តែ​មិនបាន​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​នោះ​ទេ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់​មាន​កូន​ម្ដាយ ​និង​ប្អូនថ្លៃ​ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ​ស្ថិតក្រោម​ការសាកសួរ​ពី​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃទី 8​ស្អែក​នេះ។ ជនសង្ស័យ​ទាំង 3 នាក់ ​នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu