បាត់ដំបង ៖ បុរសម្នាក់ ដែលអ្នកភូមិអះអាងថា ជាមនុស្ស គ និងថ្លង់ ត្រូវបានក្មេងគង្វាលប្រទះឃើញដេកស្លាប់នៅលើដំបូក កណ្តាលវាលស្រែ ដែលស្ថានភាពសពមានលក្ខណៈ ហើម ស្អុយទៅហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេលបានបញ្ជាក់ថា ការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី ដោយសារតែមានក្មេងៗ ដើរឃ្វាលគោ ក៏បានប្រទះឃើញសព មនុស្សដេក ស្លាប់នៅលើដំបូក ចំណុចវាលស្រែ ស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
លោកអធិការបានបន្តថា ជនរងគ្រោះត្រូវបានគេស្គាល់ថា មាន ឈ្មោះ កៅ រៀម ភេទប្រុស អាយុ ៣៩ឆ្នាំ (ជាមនុស្ស គ ថ្លង់ ) មានទីលំនៅភូមិបឹងក្រឡ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង នេះ បើ យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ និង សាច់ញាតិនៅជុំវិញកន្លែងកើតហេតុ។
បន្ទាប់ពីការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យរួចមក គឺបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ (គាំងបេះដូង) ព្រោះនៅជុំវិញកន្លែងកើតហេតុ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ឬក៏ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះឡើយ។ ដោយក្រោយពីពិនិត្យ រួចមកសមត្ថកិច្ច ក៏បានប្រគល់ទៅឲ្យបងប្អូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
Source: Kampuchea Thmey Daily
0 Comments