ភ្នំពេញ ៖ តារាសម្ដែងលក្ខណៈភេទទី៣ លោក គន់ រៀមរតនៈ ហៅចែ រ៉ូហ្សា ព្រោះតែមើលឃើញពីការខ្វះខាត និងកំពុងត្រូវការចំាបាច់នូវថវិកាមួយចំនួនដើម្បីរួមចំណែកក្នុងការជួយកសាង និងចាក់ដីបំពេញទីធ្លាធ្វើក្នុងទីអារាមវត្តឥន្ទកាលាកំព្រៅ ដែលជាស្រុកកំណើតរបស់ខ្លួន និងក៏ជាស្រុកកំណើតកវីនិពន្ធរឿងទុំទាវ ងួន សោម នោះ លោកនៅតែបន្តធ្វើការអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុក ធ្វើការរ៉ៃអង្គាសថវិកា។
បើតាមការរៀបរាប់ឲ្យដឹងពីសំណាក់តារាសម្ដែង លោក គន់ រៀមរតនៈ បានបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងទីអារាមវត្តឥន្ទកាលាកំព្រៅ គឺកំពុងតែជួបការខ្វះខាតនូវថវិកាមួយចំនួន ដើម្បីធ្វើការចាក់បំពេញទីធ្លាវត្តទាំងមូលសម្រាប់ត្រៀមធ្វើបុណ្យឆ្លងមហាចេតិយឥន្ទកាលា នៅខែមេសាខាងមុខនេះ។ ដូច្នេះហើយ ក្នុងនាមព្រះចៅអធិការវត្ត ក៏ដូចជាលោកផ្ទាល់ សូមធ្វើការអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាជួយបរិច្ចាគថវិកាខ្លះៗ ដើម្បីចូលរួមជួយកសាងវត្តមួយកន្លែងនេះផង។
តារាសម្ដែង គន់ រៀមរតនៈ បានបន្តទៀតថា វត្តឥន្ទកាលាកំព្រៅខាងលើនេះ មានទីតាំងស្ថិតនៅភូមិ កំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ហើយក៏ជាវត្តកំណើតរបស់កវីនិពន្ធប្រលោមលោកដ៏ល្បីល្បាញក្នុងរឿង ទុំទាវ និងផ្ការាំ ទឹករាំ គឺភិក្ខុសោម ងួន សោម រួមទាំងអ្នកនិពន្ធប្រលោមលោកល្បីៗជាច្រើនទៀត។ ពេលនេះ កំពុងជួបការខ្វះខាតក្នុងការកសាងសមិទ្ធផលនានា និងចាក់ដីបំពេញទីធ្លាវត្តទាំងមូល ដើម្បីត្រៀមធ្វើបុណ្យឆ្លងមហាចេតិយឥន្ទកាលាដ៏ធំ។
ជាមួយគ្នានេះ លោក គន់ រៀមរតនៈ ហៅចែ រ៉ូហ្សា ក៏បានធ្វើការអំពាវនាវថា ខ្ញុំសូមអំពាវនាវដ៏សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស សូមមេត្តាជួយតាមកម្លាំងសុធាជ្រះថ្លា។
លោកថា បើសប្បុរសជនមានបំណងចូលរួមបរិច្ចាគថវិកា រួមចំណែកក្នុងការកសាងអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖០១១ ៦៨ ៦៨ ៧៩ និង ០១០ ៦៨ ៦៨ ៧៩។
សូមបញ្ជាក់ថា លោក គន់ រៀមរតនៈ នឹងនាំយកថវិការបស់សប្បុរសជនដែលរៃអង្គាសបានជាលើកទី២ ទៅប្រគល់ជូនដល់ទីវត្តអារាមខាងលើនេះ នាពេលឆាប់ៗនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments