ព្រះសីហនុ ៖ យោងតាមប្រភពពីមន្ត្រីកងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថា នាវាកងកម្លាំងស្វ័យការពារជប៉ុន ចំនួន០២គ្រឿង នឹងចូលសំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ រយៈពេល០៤ថ្ងៃ (ថ្ងៃទី២៥ ដល់ ថ្ងៃ២៨ កុម្ភៈ) ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរ។
នាវាទាំង០២គ្រឿងនេះរួមមាន ទី០១.នាវា ឈ្មោះ SETOYUKI (TV-3518) មានបណ្ដោយ១៣០ ម៉ែត្រ -ទទឹង១៣.៦០ម៉ែត្រ -ជម្រៅទឹក៨.៥០ម៉ែត្រ -ទម្ងន់ផ្ទុក៣០៥០តោន មានចំនួនប្រមាណ១៦៧ នាក់ មេបញ្ជាការ នាវា លោកវរនាវីទោ NAOTO NAKADERA។
នាវាទី០២ ឈ្មោះ SHIMAYUKI (TV-3515) បណ្ដោយ១៣០ម៉ែត្រ -ទទឹង១៣៦០ម៉ែត្រ -ជម្រៅទឹក ៨.៥០ម៉ែត្រ-ទម្ងន់ផ្ទុក៣០៥០ តោន-នាវិក ប្រមាណ១៧៦ នាក់-មេបញ្ជាការនាវា លោកវរនាវីទោ TAKEHIKO SAITO+ប្រធានប្រតិភូ លោកវរនាវីឯក YOSHIYUKI NAKAGANA .មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ០១ នៃកងកម្លាំង ស្វ័យការពារជប៉ុន។
នាវាចម្បាំង ទាំង០២ ក្នុងពេលចូលចត ក៏មានគម្រោងធ្វើការហ្វឹកហ្វឺនដល់នាវិកបើកបរនាវាចម្ងាយឆ្ងាយផងដែរ។ រយៈពេលស្នាក់នៅកម្ពុជា ប្រតិភូក៏នឹងចូលទៅទស្សនា ព្រះបរមរាជវាំង សារមន្ទីរជាតិ និងទីកន្លែងវប្បធម៌ ទេសចរណ៍មួយចំនួនទៀត ព្រមទាំងមានកម្មវិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះជប៉ុន ការដាក់កម្រង ផ្កា នៅវិមានឯករាជ្យ និងចូលជួបសំដែងការគួរសមជាមួយគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទផងដែរ៕
Source: Kampuchea Thmey Daily
0 Comments