Ad Code

ប្រជាពលរដ្ឋ​ ក្នុងស្រុក​មេមត់​ ប្រារព្ធ​ពិធី​ចាប់​ត្រី​បឹង​ត្រពាំង​ក្រំ ដើម្បី​រក្សា​ប្រពៃណី​ដូនតា​ខ្មែរ



ត្បូងឃ្មុំ​ ៖​ ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ បន្ទាប់ពី​​​​​​​​​ប្រមូល​ផល​កសិកម្ម​រួចរាល់​អស់ហើយ​នោះ ​​បងប្អូន​ប្រជាពលរដ្ឋ​តែងតែ​​​ប្រារព្ធ​ពិធី​ ចាប់​ត្រី នៅ​រមណីយដ្ឋាន​បឹង​ត្រពាំង​ក្រំ ស្ថិត​ក្នុង​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ​ដើម្បី​រំលឹក​រក្សា​អភិរក្ស​កេរ្តិ៍​តំណែល​ពី​បុរាណ​តរៀងមក ក្នុង​តំបន់​នេះ។

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣​ពាន់​នាក់ មកពី ឃុំ​ជាំ​ក្រវៀន ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ​ និង​ខ្លះ​ទៀត​ ​​មកពី​ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ផងដែរ ​​បាន​ចូលរួម​ក្នុង​ពិធី​នោះ ​ក្នុង​ស្មារតី​ភាតរភាព​សាមគ្គីភាព ស្រលាញ់​រាក់ទាក់​គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាង​ល្អ​ផូរផង់ និង​មាន​លក្ខណៈ​ជាតិនិយម​គួរ​ជាទី​មោទនៈ។​

លោក រិ​ន សំអឿន អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ បានបញ្ជាក់​ឱ្យដឹងថា គាត់​មាន​ឧបករណ៍​អង្រុត​យក​មក​ចុះ​រុត​ចាប់​ត្រី រាល់​ឆ្នាំ ​តែ​ឆ្នាំនេះ​ត្រី​មិន​សម្បូរ​​​ទេ ទឹក​បឹង​ត្រពាំង​រាក់ គឺ​នៅ​រដូវវស្សា​ដី​ហូរ​ចូល​ក្នុង​ត្រពាំង មូលហេតុ​អស់​ព្រៃឈើ មាន​ចម្ការ​ជុំវិញ​បឹង​ច្រើន ឆ្នាំនេះ​ចាប់បាន​ត្រី​តូចៗ យកទៅ​ធ្វើ​ម្ហូប​ជា​លក្ខណៈ​គ្រួសារ។​

លោកយាយ ស្បោង អ៊ូច ក្នុង​វ័យ​ជាង​៧០​ឆ្នាំ បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា ពី​ដើម​មុននឹង​ចុះ​ចាប់​គេ​ធ្វើ​ពិធី​សែន​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី សុំឱ្យ​ត្រី​ដែលមាន​ធ្មុង​ទាំង​ឡាយ ដូចជា​ត្រី​ឆ្លាំង ត្រី​អណ្តែង ត្រី​កញ្ចុះ ជាដើម សូមឱ្យ​ស្លូត​ដូច​ត្រី​កំភ្លាញ ធ្វើ​ដូចនេះ ពេល​បងប្អូន​ប្រជាពលរដ្ឋ​ចុះ​ចាប់​ត្រី​មិនមាន​បញ្ហា​មុត​ត្រី​អ្វី​នោះទេ នេះ​ជា​ទំនៀម​បុរាណ​យើង។

លោក អ៊ូច យឿន មេឃុំ​ជាំ​ក្រវៀន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កម្មវិធី​ចាប់​ត្រី​បឹង​ត្រ​ពាំង​ក្រំ បាន​បញ្ជាក់​ឱ្យដឹង​ថា ថ្ងៃនេះ​ជា​ថ្ងៃ​នក្ខត្តឫក្ស​ដ៏​ល្អ​ត្រចះត្រចង់ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ បាន​នាំគ្នា​ជា​ឯកច្ឆន្ទ​ប្រារព្ធ​ពិធី​ចាប់​ត្រី​បឹង​ត្រពាំង​ក្រំ​របស់​យើង ជា​រៀងរាល់ឆ្នាំ​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ៨.៩ និង​ថ្ងៃទី​១០ ខែ​កុ​ម្ភៈ នេះ​តែម្តង។ នៅ​ពីរ​ថ្ងៃ​ដំបូង​គឺ​ថ្ងៃទី​៨ និង​ថ្ងៃទី​៩ គឺ​បងប្អូន​បានមក​ជួបជុំគ្នា ដើរ​លែង​កម្សាន្ត ទស្សនា​ទេសភាព​ស្ថិតនៅ​ជុំវិញ​តំបន់​បឹង​ត្រពាំង​ក្រំ ដែលមាន​កេរ្តិ៍ ដំណែល​ពី​ដូនតា​យើង រួមមាន​៖ ថ្ម​តា​ជ្រូក ដី​ពណ៌​ឈាម ក្បាល​តា​ជក តា​ព្រាម កន្លែង​ឡ​ស្រា និង​ស្រះ​ទឹក​នាង​លើ​ម​ជាដើម។ ក្រៅពី​ដើរ​ទស្សនា​កម្សាន្ត​ពី​ប្រវត្តិ និង​កេរ្តិ៍ដំណែល យ៉ាង​ជក់ចិត្ត សប្បាយ​អឺងកង នាពេល​ថ្ងៃ​នោះ នៅ​ពេល​រាត្រី មានកម្ម​វិធី រាំច្រៀង​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​ផងដែរ។ ​បន្ទាប់​គឺ នៅ​ថ្ងៃទី​១០ ខែ​កុ​ម្ភៈ នេះ ​គឺជា​ថ្ងៃ​បងប្អូន​ប្រជាពលរដ្ឋ​យើង ប្រមាណ​ជាង​៣​ពាន់​នាក់ មកពី​ឃុំ​ជាំ​ក្រវៀន ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង បានមក​ប្រារព្ធ​ពិធី​ចាប់​ត្រី នេះដែរ។​

លោក​មេឃុំ​បានបញ្ជាក់​ទៀតថា បឹង​ត្រពាំង​ក្រំ​មាន​ទំហំ​១០០​បួន​ជ្រុង ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​មក​ចាប់​ត្រី​នេះ​គឺ មាន​ឧបករណ៍​របៀប​បុរាណ​រួមមាន​៖ អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប ។​ល​។ នៅ​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​នេះដែរ គឺ​បងប្អូន​ ​នាំគ្នា​ចុះ​ចាប់​ត្រី​រួមគ្នា​តែម្តង។ ឆ្នាំនេះ​ត្រី​មានដូចជា​ត្រី​ក្រាញ់ ត្រី​ឆ្លូញ ត្រី​ទួ​ក ត្រី​អណ្តែង ត្រី​កញ្ចុះ ត្រី​កន្ត្រប់ ត្រី​តា​អោន និង​ត្រី​កំភ្លាញ ។​ល​។ ហើយ ត្រី​មិន​សម្បូរ​​​ដូច​ឆ្នាំទៅ​ទេ ដោយសារ​បឹង​រាក់ ក្នុង​១​ឆ្នាំ​យើង​អនុញ្ញាត បើក​ឱ្យ​បងប្អូន​ចាប់​បាន​តែម្តង​ទេ។ ផុតពី​ថ្ងៃ​យើង​ប្រារព្ធ​ពិធី​ចាប់​ត្រី គឺ​យើង​មាន​កម្លាំង​ប្រជា​ការពារ​ភូមិ និង​កម្លាំង​ប៉ុស្តិ៍​ការពារ មិនឱ្យ​មានការ​នេសាទ​ដោយ​យក​ឧបករណ៍​ហាមឃាត់​ល្មើសច្បាប់​មក​រក​នោះទេ ធ្វើបែបនេះ គឺ​ដើម្បី​ការពារ​ត្រី​បឹង​ធម្មជាតិ​របស់​យើង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu