Ad Code

នគរបាល​ ប្រគល់​វត្ថុ​បូរាណ​ ដែល​បាន​ពី​ពលរដ្ឋ​ជីក​ដី ​ប្រទះឃើញ ​ទៅ​ដល់​សារមន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្ប ​ខេត្ត​បន្ទាយមានជ័យ​



បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ​​ មាន​ប្រជាពលរដ្ឋ​ម្នាក់​ បាន​កាយ​ដី​ធ្វើ​ភ្លឺ​ស្រែ ក៏​ប្រទះឃើញ​វត្ថុ​បូរាណ​២​ប្រភេទ​ ​រួច​យក​វត្ថុ​បូរាណ​ទាំង​២​ប្រភេទ​នោះ​ ទៅ​ប្រគល់​ឲ្យ​ លោក​ឧត្ដមសេនីយ៍​ទោ​ អាត់ ​ខែម ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមាន​ជ័យ​ ស្របពេលនោះ ​លោកស្នងការ​ ក៏បាន​ប្រគល់​វត្ថុ​បូរាណ​ទាំង​២​ប្រភេទ​នេះ ​ទៅ​ឲ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​ខេត្ត​បន្ទាយមានជ័យ ​ដើម្បី​យក​ទៅ​រក្សាទុក​បន្ត​នៅ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​ឧត្ដមសេនីយ៍​ទោ ​អាត់​ ខែម ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​វត្ថុ​បុរាណ​ទាំង​២​ដុំ​ប្រភេទ​ជា​ថ្មភក់​មាន​ទម្ងន់ សរុប ចំនួន​៤៥.៥ គីឡូក្រាម ដល់​មន្ត្រី​ការិយាល័យ​ហើយ​វត្ថុ​បុរាណ​ទាំង​២​ប្រភេទ​នេះ គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ម្កាក់ សង្កាត់​ម្កាក់ ​ក្រុង​សិរីសោភ័ណ បាន​កាយ​ដី​ធ្វើ​ភ្លឺស្រែ ក៏​ប្រទះ​ឃើញ ហើយ​បាន​ប្រគល់ជូន​លោក​កន្លងមក​ថ្មីៗ​នេះ​។​

បន្ទាប់មកទៀត ​វត្ថុ​បូរាណ​នោះ​ លោក​បាន​ធ្វើ​ពិធី​ប្រគល់​ជូន​មន្ត្រី​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ ដើម្បី​រក្សាទុក​នៅ​សារមន្ទីរ​ខេត្ត ជា​សម្បត្តិ​បេតិកភណ្ឌ​រដ្ឋ​។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ វត្ថុ​បុរាណ​ទាំង​ដុំ​នោះ​មាន រូប​យោនី នា​ឧមា​វ​តី ធ្វើ​អំពី​ថ្មភក់​១ មាន​ទម្ងន់​​៣៤.៥​កី​ឡូ​ក្រាម ​និង រូប​លិង្គ​ឥសូរ ធ្វើ​អំពី​ថ្ម​ភក់​១ មាន​ទម្ងន់​២​គីឡូក្រាម។​

លោក សោម ហៃ អនុប្រធាន​ការិយាល័យ​សារមន្ទីរ​បាន​បញ្ជាក់ដែរថា វត្ថុ​បុរាណ​ទាំង​២​ប្រភេទ នេះ គឺ​មាន​អាយុកាល រាប់​១.០០០ឆ្នាំ ឬ​តាំង​ពីមុន​សម័យអង្គរ​មក​ម្ល៉េះ។ ​ក្នុងនោះ​ លោក​ក៏បាន​ថ្លែង​អំណរគុណ លោក​ឧត្ដមសេនីយ៍​ទោ​ អាត់ ​ខែម​ ស្នងការ និង​កោតសរសើរ​ប្រជាពលរដ្ឋ​ល្អ ដែល​មាន​ស្មារតី​ស្នេហា​សម្បត្តិ​វប្បធម៌​ជាតិ​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu