Ad Code

សម្រេច ​កម្ទេច​គ្រាប់បែក​កំណត់​ម៉ោង នៅមុខ​កាស៊ីណូ



ប៉ោយប៉ែត ​៖ ​គ្រាប់បែក​កំណត់​ម៉ោង​ ត្រូវ​បាន​គេ​យក​ទៅ​​ប្លុង​ចោល​នៅ​ក្នុង​បន្ទប់​ទឹក​មួយ ​នៅ​ក្នុង​កាស៊ីណូ​ហ្គោលឌិ​ន​ក្រោ​ន ក្នុង​គោលបំណង​​បំផ្ទុះ​កម្ទេច បន​ល្បែង​​នេះ​ចោល​តែម្ដង​ ​ជា​ហេតុ​បង្ក​​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​​​​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រួម​ទាំង​ប្រជាពលរដ្ឋ​ ដែល​កំពុងតែ​ធ្វើដំណើរ​ទៅមក​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ។

ហេតុការណ៍​ខាង​លើ​នេះ ​​​កើត​​ឡើង​​នៅ​វេលា​ម៉ោង ៥​និង​៣០​នាទី​ ល្ងាច​​ ​ថ្ងៃទី 10 ខែកុម្ភៈ​ ឆ្នាំ 2019 ​​នៅ​ចំណុច​ខាងក្នុង​កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​1 សង្កាត់​ប៉ោយប៉ែត​ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ក្រោយ​ពេល​អាជ្ញាធរ​ និង​សមត្ថកិច្ច​ សម្រេច​ចិត្ត​កម្ទេច​គ្រាប់បែក​ខាងលើ​នោះ​រួចមក គេ​បាន​សង្កេតឃើញ​ថា មកដល់ពេលនេះ​ ​គេ​បិទ​បន​ល្បែង​ក្នុង​កាស៊ីណូ​នោះ​ទាំងស្រុង​តែម្ដង​ ​ដើម្បី​រង់ចាំ​ការ​ត្រួតពិនិត្យ​ស៊ើបអង្កេត​បន្ថែម​ទៀត​ពី​មន្ត្រី​ជំនាញ​ ​នាពេល​ខាងមុខនេះ។

បើ​តាម​ប្រភព​នានា​នៅ​ក្នុង​កាស៊ីណូ​នោះ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​ជនសង្ស័យ​ម្នាក់ (​ត្រូវ​បាន​គេ​ឃើញ​តាម​​កាមេរ៉ា​សុវត្ថិភាព)​ បាន​យួរ​ថង់​ខ្មៅ​មួយ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក។ ក្រោយមក​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ ដែល​ចូល​ទៅ​លេងល្បែង​នៅ​ទីនោះ ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​គោលបំណង​ទៅ​បត់ជើងតូច​ ​ក៏​ឮ​សំឡេង​នាឡិកា ​ដែល​គេ​ដាក់​ភ្ជាប់​ជាមួយ​នឹង​គ្រាប់បែក​កែច្នៃ​ដើម្បី​បំផ្ទុះ​នោះ។ ដោយ​មាន​ការ​​​សង្ស័យ​ ក៏​ហែក​ថង់​មើល ​រួច​ហៅ​សន្តិសុខ​ក្នុង​កាស៊ីណូ​នោះ​មក​ពិនិត្យមើល​បន្ថែម​ទៀត ទើប​ដឹង​ថា​ជា​គ្រាប់បែក​កំណត់​ម៉ោង​សម្រាប់​បំផ្ទុះ​នៅ​ក្នុង​កាស៊ីណូ​នោះ​តែម្ដង។

ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពេល​សន្តិសុខ​នោះ បាន​ឃើញ​គ្រាប់បែក​ក្នុង​ថង់​ខ្មៅ​រួចមក គេ​ក៏​យួរ​ថង់​ខ្មៅ​នោះ​ មក​ដាក់​នៅ​ខាងមុខ​កាស៊ីណូ​ចម្ងាយ​តែ​5 ម៉ែត្រ ខាងមុខ​ខ្លោងទ្វារ​ចូលក្នុង កាស៊ីណូ រួច​ក៏​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ជំនាញ​មក​ពិនិត្យ​បន្ថែម​ទៀត​ ទើប​មានការ​ភ្ញាក់​ផ្អើលឆោឡោ​ពេញ​ក្រុង​ប៉ោយប៉ែត​តែម្តង។

ប្រភព​ព័ត៌មាន​ដដែល​នោះ​ បាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​កាស៊ីណូ​ក្នុង​នោះ ភាគច្រើន​ពុំ​សូវ​ឃើញ​មាន​ជនបរទេស​ចូល​ទៅ​លេង​ទេ​ គឺ​សុទ្ធសឹងតែ​ជា​ជនជាតិ​ខ្មែរ​ទាំងអស់ ហើយ ការ​ត្រួតពិនិត្យ​ភ្ញៀវ​ខ្មែរ​ ដែល​ចូល​ទៅលេង​នោះ ​គឺ​ពុំ​មាន​លក្ខណៈ​ប្រុងប្រយ័ត្ន​ឡើយ ទើប​ធ្វើ​អោយ​ងាយស្រួល​ដល់​ជន​បង្ក​ ​ធ្វើ​សកម្មភាព​នៅ​ក្នុង​កាស៊ីណូ​នោះ​បាន​យ៉ាង​ស្រួល​បំផុត ដូច​ករណី​ខាង​លើ​នេះ​អញ្ចឹង។

លោក​អាត់ ​ខែម​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​នៅ​កន្លែង​កើតហេតុ​ថា លោក​បាន​ទទួល​បញ្ជា​ពី​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​កម្ទេច​គ្រាប់បែក​កែច្នៃ​នោះ​ជាបន្ទាន់​ មុន​ពេល​នាទី​របស់​វា​ដើរ​ដល់​ម៉ោង​ត្រូវ​ផ្ទុះ។ ក្រោយពេល​កម្ទេច​រួច​មក ​លោកស្នងការ​បាន​បញ្ជា​ឱ្យ​កម្លាំង​សរុប​ថែរក្សា​ទីតាំង​កន្លែង​កើតហេតុ​បន្ត​ទៀត ដោយ​រង់ចាំ​អោយ​ថ្នាក់លើ​មក​ត្រួតពិនិត្យ​បន្ថែម​ដើម្បី​បញ្ជាក់​ថា​គ្រាប់បែក​នោះគេ​ធ្វើ​អំពី​អ្វី​ឲ្យ​ពិតប្រាកដ ហើយ​ការ​ធ្វើ​របស់​ជន​បង្ក​នោះ​គឺ​មាន​គោលបំណង​អ្វីខ្លះ។

ដោយឡែក​នៅ​យប់​ថ្ងៃ​ដដែល​ខាងលើ​នោះ ក៏​មាន​ការ​កាប់​ចាក់​និង​បាញ់​ប្រហារ​គ្នា​ទៅមក​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ដែរ ដែល​ទីតាំង​កើតហេតុ​នោះ គឺ​មាន​ឈ្មោះថា ខារ៉ាអូខេ ឡា​ហ្វីរ៉ា ហើយ​ក្នុង​ហេតុការណ៍​ខាងលើ​នោះដែរ គឺមាន​បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​គេ​បាញ់​បាក់​ភ្លៅ។ ក្រោយពេល​កើតហេតុ​ ជនរងគ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​​​គ្លីនិក​នគររាជ​​ផង​ដែរ ប៉ុន្តែ​ហេតុការណ៍​បាញ់​ប្រហារ​គ្នា​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​នោះ ​​​​សមត្ថកិច្ច​បិទ​មិន​ឲ្យ​យក​ព័ត៌មាន​ឡើយ តាំងពី​យប់​រហូតដល់​ព្រឹក។

​នៅក្នុង​ហេតុការណ៍​នោះ គេ​សង្កេតឃើញ​មាន​លោក​មាស​ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​លោក​ប៊​ន​បិ​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កំពុងតែ​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​នោះ​ផ្ទាល់​តែម្តង តែ​គេ​ហាម​មិន​ឱ្យមាន​អ្នកសារព័ត៌មាន​ចូលទៅ​កាន់​តំបន់​ដែល​កើតហេតុ​នោះឡើយ​។​

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ ខារ៉ាអូខេ​ខាងលើ​នោះ ដើមឡើយ​ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​បិទ​ម្ដង​រួច​ទៅហើយ ដោយសារតែ​មានការ​លួច​ជួញដូរ​គ្រឿងញៀន​ក្រោយមក​ក៏​ឃើញ​បើក​វិញ​មកដល់ពេលនេះ​។

ប្រភព​​​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ហាង​ខារ៉ាអូខេ​នោះ​ត្រូវបាន​គេ​ជួល​ឲ្យ​ទៅ​ជនជាតិ​ចិន​ដើម្បី​ធ្វើ​អាជីវកម្ម​បន្ត​រហូតមក​ដល់ពេលនេះ​។​

សម្រាប់​ព័ត៌មាន​ចុងក្រោយ កាលពី​រសៀល​ថ្ងៃទី 11 ខែ​​ ​ខែ​កុ​ម្ភៈ ឆ្នាំ 2019​នេះ​ មន្ត្រី​ជំនាញ​ស៊ីម៉ាក់​និង​មន្ត្រី​ប៉ូលិស​ប៉េអឹម​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ បានធ្វើ​ការរុករក​បំណែក​នៃ​គ្រាប់​ផ្ទុះ​កាលពី​យប់​ថ្ងៃទី 1០​កន្លងទៅ ដើម្បី​យកទៅ​ពិសោធន៍​បន្តទៀត រីឯ​កាស៊ីណូ​ដែល​រង​នូវ​ការ​បំផ្ទុះ​គ្រាប់បែក​នោះ​គឺ​បាន​បើក​ដំណើរការ​លេង​ធម្មតា​ដូចដើម​វិញ។ ដោយឡែក​ចំពោះ​ការ​បាញ់​ប្រហារ​គ្នា​នៅ​ក្នុង​ខារ៉ាអូខេ​នោះ ​​​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា លោក​ព្រះរាជ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បញ្ជា​ឲ្យ​បិទ​ទាំងស្រុង​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu