Ad Code

ក្រសួង​ការបរទេស​ក​ម្ពុ​ជា ចាត់ទុក​សកម្មភាព​របស់​បុគ្គល សម រង្ស៊ី ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ថា​ជា​ការ​អុចអាល និង​ញុះញង់ ដើម្បី​មហិច្ឆតា​អំណាច​



​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អះអាងថា ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ បុគ្គល សម រង្ស៊ី ដែលជា​ទណ្ឌិត​ជនជាតិខ្មែរ​មាន​សញ្ជាតិ​បរទេស បានធ្វើការ​អំពាវនាវ​ឥតឈប់ឈរ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ចោទសួរ​ពី​ធម្មានុរូប​ភាព​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា និង​អំពាវនាវ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ និង​ប្រជាជន ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល ដែល​បាន​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ ជាមួយនឹង​សំឡេង​ឆ្នោត​យ៉ាងច្រើន​លើសលប់​របស់​ម្ចាស់ឆ្នោត​។

តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស សកម្មភាព​របស់​បុគ្គល សម រង្ស៊ី អតីត​មេដឹកនាំ​បក្សប្រឆាំង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ គឺជា​ការ​អុចអាល និង​ញុះញង់ ដើម្បី​មហិច្ឆតា​អំណាច​ប៉ុណ្ណោះ ដូច្នេះ​រាជរដ្ឋាភិបាល នឹង​ទប់ស្កាត់​តាម​គ្រប់​មធ្យោបាយ នៃ​ការប៉ុនប៉ង​នានា ដែលមាន​បំណង​ការបង្ក​អស្ថិរភាព និង​បំផ្លិចបំផ្លាញ​មាតុភូមិ ក៏ដូចជា​សុភមង្គល​របស់​ប្រជាជន នេះ​បើតាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​បានបញ្ជាក់​យ៉ាងនេះ​ថា ក្រសួងការបរទេស ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទង្វើ​របស់​ទណ្ឌិត សម រង្ស៊ី ដែល​បាន​អំពាវនាវ​មិន​ឲ្យ​កងទ័ព​ស្តាប់​បញ្ជា និង​ឲ្យ​មានការ​បះបោរ និង​សេចក្តីថ្លែងការណ៍​ដ៏​ពិសពុល​របស់​ជន​រូប​នេះ​។ ក្នុងការ​អះអាង​ដែល​គ្មាន​មូលដ្ឋាន​ថា ការបោះឆ្នោត​ជាស​កល​កាលពី​ខែកក្កដា ឆ្នាំ​២០១៨ មិនមាន​ធម្មានុរូប​ភាព បុគ្គល​រូបនេះ​បាន​ប្រើប្រាស់​វោហារ​សាស្ត្រ​នយោបាយ​ដដែលៗ ចំពោះ​រាល់​ការបោះឆ្នោត​ថ្នាក់ជាតិ ចាប់តាំងពី​ឆ្នាំ​១៩៩៨ មក ដែល​បុគ្គល​នេះ និង​គណបក្ស​ដែល​គាត់​ដឹកនាំ បានទទួល​បរាជ័យរ​ហូត​មក​”​។​

អ្នកនាំពាក្យ​បញ្ជាក់ថា នៅពេលដែល​ទណ្ឌិត សម រង្ស៊ី អួតអាង​ខ្លួនឯង​ថា ជា​វីរបុរស និង​ទុក្ករបុគ្គល​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះ នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប និង​អារ្យ​ប្រទេស​ធំៗ​ផ្សេងទៀត បុគ្គល​រូបនេះ​គួរ​ត្រូវបាន​ចាត់ទុកជា​ជន​ប្រជាភិថុតិ ជន​ប្រជា​កល​និយម​ប្រកបដោយ​គ្រោះថ្នាក់ ជាតិនិយម​ហួសហេតុ និង​ប្រកាន់ពូជសាសន៍ ដែល​ដើរ​ឃោសនា​ឲ្យ​មានការ​បែកបាក់​ក្នុងសង្គម និង​ការផ្លាស់ ប្តូរ​របប​ដោយ​មធ្យោបាយ​ហិង្សា​។ អ្នកបោះឆ្នោត​កម្ពុជា​បាន​បដិសេធ​ដាច់អហង្ការ​នូវ​គោលបំណង​ទុច្ចរិត​នេះ និង​បានជ្រើសរើស​មាគ៌ា​ប្រជាធិបតេយ្យ តាមរយៈ​ដំណើរការ​បោះឆ្នោត​។​

សេចក្តីថ្លែងការណ៍​រប​ស់​បុគ្គល​រូបនេះ មិន​ត្រឹមតែ​មើលស្រាល​យ៉ាងធ្ងន់ធ្ងរ​ដល់​គណបក្ស​នយោបាយ​ចំនួន​១៩​ទៀត ដែល​បាន​ចូលរួម​បោះឆ្នោត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មើលស្រាល​ដល់​ឆន្ទៈ​ម្ចាស់ឆ្នោត​ប្រមាណ​៨៣,២​ភាគរយ ដែល​បាន​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច​ដោយ​សំឡេង​ភាគច្រើន​លើសលប់​។ កំណើនសេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ក្នុង​អត្រា​៧,៧​ភាគរយ ក្នុង​រយៈកាល​ជាង​ពីរ​ទស្សវត្សរ៍ រួម​ជាមួយនឹង​ស្ថិរភាព​នយោបាយ ការបែងចែក​ផ្លែផ្កា​នៃ​វិបុលភាព​ប្រកបដោយ​សមធម៌ គឺជា​មូលដ្ឋាន​ពន្យល់​យ៉ាងច្បាស់​នូវ​ជម្រើស​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន​មាគ៌ា​ជា​បន្ត​ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​។ ការអំពាវនាវ​ទាំងនេះ គឺ​គ្រាន់តែ​ជាការ​អុចអាល និង​ញុះញង់ ដើម្បី​តែ​មហិច្ឆតា​ចង់បាន​អំណាច​របស់​ទណ្ឌិត​រូបនេះ​តែប៉ុណ្ណោះ​។ រាជរដ្ឋាភិបាល​នឹង​ប្រឆាំង​ទប់ស្កាត់​តាម​គ្រប់​មធ្យោបាយ ចំពោះ​រាល់​ការប៉ុនប៉ង​នានា និង​ការធ្វើអន្តរាគមន៍​ពី​ភាគី​ទី​៣ ក្នុង​ការបង្ក​អស្ថិរភាព និង​បំផ្លិចបំផ្លាញ​មាតុភូមិ ក៏ដូចជា​សុភមង្គល​របស់​ប្រជាជន​យើង​។ យើង​នឹង​ការពារ​ប្រជាជាតិ​យើង ប្រឆាំង​ទល់នឹង​កលល្បិច​ទាំងនេះ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ត្រូវបាន​ជាប់ឆ្នោត​ដោយ​ត្រឹមត្រូវ បង្កើតឡើង​ដោយ​ស្របច្បាប់ និង​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​បណ្តា​ប្រទេស​ជាច្រើន រួមទាំង​ប្រទេស​នានា​នៅក្នុង​សហភាព​អឺរ៉ុប និង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​សំខាន់ៗ​ផ្សេងៗ​ទៀត​។ ព្រះរាជាណាចក្រ​កម្ពុជា រីករាយ​ជាមួយនឹង​ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​ជាមួយ​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​។ នៅក្នុង​ស្មារតី​នេះហើយ ​ដែល​យើង​បាន​អំពាវនាវ​មិន​ឲ្យ​មានការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ឲ្យ​មានការ​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ដើម្បី​ឲ្យ​កម្ពុជា​អាច​បន្ត​ដំណើរ​លើ​មាគ៌ា​របស់ខ្លួន​ឆ្ពោះទៅរក​សាមគ្គីភាព​ជាតិ ការពង្រឹង​ថែមទៀត​នូវ​លទ្ធិ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការលើកកម្ពស់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu