Ad Code

ផ្ដន្ទាទោស​បុរស​តៃវ៉ាន់​ម្នាក់​ ដាក់​ពន្ធនាគារ​៣០​ឆ្នាំ​ ករណី​ដឹកជញ្ជូន​គ្រឿងញៀន ​ចូល​កម្ពុជា​



​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាល​ក្រម​សម្រេច ​កាលពី​ថ្ងៃទី​១៨ ខែ​​កុម្ភៈ ឆ្នាំ​២០១៩​នេះ ​ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន​៨០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​រក្ស​ទុក ជួញដូរ ដឹកជញ្ជូន​គ្រឿងញៀន​ដោយ​ខុស​ច្បាប់។​

ការសម្រេចសេចក្ដី​នេះ​ធ្វើឡើង​នៅ​ចំពោះមុខ​ជនជាប់ចោទ ដោយ​សម្រេច​រឹបអូស​គ្រឿងញៀន​ទាំងអស់​កម្ទេច​ចោល​តែម្ដង។​

ជនជាប់ចោទ​ ឈ្មោះ TSAI JAN KO ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន​តៃវ៉ាន់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៧ កន្លងទៅ​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២០ ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​សារធាតុ​ញៀន ប្រភេទ MDMA ចំនួន ៣៥៨១.៧៩​ក្រាម សារធាតុ​ញៀន​ប្រភេទ ICE ៧២.០៦ ក្រាម សារធាតុ​ញៀន​ប្រភេទ​WY ១២១.០៥​ក្រាម ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​១​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១​គ្រឿង និង​លិខិតឆ្លងដែន ១​ក្បាល។ សរុបទៅ​គ្រឿងញៀន ​ដែល​អាជ្ញាធរ​កម្ពុជា​រឹបអូស​បាន​ពី​ជនសង្ស័យ​ មាន​ទម្ងន់​ជិត​៤​គីឡូ​ក្រាម។​

ករណី​បង្ក្រាប​ជនជាតិ​ចិនតៃវ៉ាន់​ខាង​លើ​នេះ គឺជា​ការធ្វើ​ឡើង​តាម​វិធានការ​ញុះញង់​របស់​សមត្ថកិច្ច ពោលគឺ​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​ជំនាញ អូសទាញ​ជនសង្ស័យ​ឲ្យ​ចេញ​មុខមក​លក់​គ្រឿងញៀន ហើយ​ក៏​ចាប់ខ្លួន​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu