Ad Code

ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ត្រៀមលក្ខណៈ​ ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​លើ​ករណី​គ្រោះ​អគ្គិភ័យ​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ អ្នកវិនិយោគទុន​គ្រប់ពេលវេលា​



កំពង់ស្ពឺ ៖ កងកម្លាំង​នគរបាល​ជំនាញ​ផ្នែក​បង្ការ​សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ស្ពឺ បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច (២៤​ម៉ោង​លើ​២៤​ម៉ោង​) ដើម្បី​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​គ្រោះ​អគ្គិភ័យ​នានា​ដែល​កើតឡើង​ជាយថាហេតុ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​ផងដែរ នា​រដូវប្រាំង​ឆ្នាំនេះ​។​

ការ​ប្ដេជ្ញា​ថា​ នឹង​សង្គ្រោះ​ពលរដ្ឋ អាជីវករ អ្នកវិនិយោគទុន​តាម​រោងចក្រ សហគ្រាស​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​នេះ គឺជា​ការរួមចំណែក​ក្នុង​កិច្ចការ​សង្គម អនុវត្ត​តាម​តួនាទី ភារកិច្ច ប្រតិបត្តិការ ត្រៀម​២៤/២៤​ម៉ោង​ ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​លើ​ករណី​គ្រោះ​អគ្គិភ័យ​ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់​វណ្ណៈ​ដោយ​មិន​ប្រកាន់​និន្នាការ ពូជសាសន៍​ឡើយ​។​

លោក​ឧត្ដមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការ​រង​ទទួល​ផែន​បង្ការ ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​នគរ​បាល​ខេត្ត​កំពង់ស្ពឺ បាន​លើកឡើងថា «​កន្លងមក​យើង​ធ្លាប់​ឮ​តែ​ពាក្យ​ចចាមអារ៉ាម​ថា​ រថយន្ត​ពន្លត់​អគ្គិភ័យ​តែងតែ​យឺតយ៉ាវ អស់​ទឹក គ្មាន​ប្រេង បាញ់​តែ​ផ្ទះ​អត់​ឆេះ​(​ផ្ទះ​អ្នកមាន​លុយ​) ប៉ុន្តែ​សម្រាប់​ខេត្ត​កំពង់ស្ពឺ ពាក្យ​នេះ​ដូចជា​មិនត្រូវ​បាន​ឮ​តាម​ខ្យល់​តាម​ទឹក​នោះ​ទេ​»​។​

លោក​ស្នងការរង បាន​បន្ថែមថា «​ដោយមាន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់ និង​ការ​គោរពវិន័យ គោរព​តាម​បទបញ្ជា ក្រមសីលធម៌ សុជីវធម៌ ធ្វើ​ឲ្យ​វប្បធម៌ នៃ​ការបែងចែក​រើសអើង​រលាយ​សាបសូន្យ​មិន​មាន​ជីវិត​រស់នៅ​លើ​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ឡើយ​»​។​

លោក​ឧត្ដមសេនីយ៍​ត្រី អ៊ុម ប៊ុនធឿន ស្នងការ​រង​ទទួល​ផែន​បង្ការ ពន្លត់​អគ្គិភ័យ បាន​លើក​ឡើង​ទៀត​ថា «​ជា​ការ​សំណូមពរ​ក្នុង​រដូវប្រាំង​ឆ្នាំនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ លោក លោកស្រី ជា​នាយក​ក្រុមហ៊ុន សិប្បកម្ម អាជីវកម្ម សហគ្រាស រោងចក្រ ទីតាំង​ស្ថានីយ​ប្រេងឥន្ធនៈ ហ្គាស៍ ទីតាំង​ងាយ​រងគ្រោះ​បញ្ហា​អគ្គិភ័យ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​វិធានការ​បង្ការ សង្គ្រោះ​បឋម ដូចជា​ត្រៀម​បំពង់​ឧបករណ៍​សម្រាប់​ពន្លត់​អគ្គិភ័យ ត្រៀម​រថយន្ត​អគ្គិភ័យ​ផ្ទាល់ខ្លួន (​បើ​មាន​) ប៉ុន្តែ​មិន​ត្រូវ​មាន​ការ​បារម្ភ​នោះ​ពេក​ទេ​»​។​

លោក​ស្នងការ​រង​បញ្ជាក់​ថា កម្លាំង​នគរបាល​ជំនាញ​ផ្នែក​បង្ការ ពន្លត់​អគ្គិភ័យ បាន​ត្រៀម​មធ្យោបាយ​សង្គ្រោះ​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ចាំ​ជួយ​អន្តរាគមន៍​ក្នុង​ករណី​កើត​មាន​គ្រោះ​អគ្គិភ័យ ​ដែល​កើត​មាន​ជាយថាហេតុ ២៤​ម៉ោង​ លើ​២៤​ម៉ោង ប៉ុន្តែ​មិនអាច​យកទៅ​ត្រៀមចាំ​នៅ​ទីតាំង​ផ្ទះ​របស់​ លោក លោកស្រី ឧកញ៉ា ​ណាមួយ​នោះ​បានទេ​។​

លោក​ឧត្ដមសេនីយ៍​ត្រី បន្ថែម​ថា «​ករណី​បន្ទាន់​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ 097 778 0018 និង​លេខ​ទូរស័ព្ទ​លោក​ស្នងការ​រង អគ្គិភ័យ 098 889 228​។​

សូម​រម្លឹក​ថា កងកម្លាំង​នគរបាល​ជាតិ មាន​តួនាទី ភារកិច្ច​ក្នុង​ការ​អនុវត្ត និង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​កិច្ច​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍ ​និង​សង្គ្រោះ​ករណី​ផ្សេងៗ​ រួម​ទាំង​គ្រោះ​អគ្គិភ័យ​ដែល​កើត​ឡើង​ជាយ​ថាហេតុ​។​

បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ បង្ការ ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើការ​ហ្វឹកហាត់ ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​លើ​កិច្ច​ការ​ជំនាញ​របស់​ខ្លួន និង​បាន​ម្ចាស់ការ​ជួយ​សង្គ្រោះ​អន្តរាគមន៍​ភ្លាមៗ​ក្នុង​ករណី​ចាំបាច់ និង​មានការ​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ស្ថានភាព​ជាក់​ស្ដែង​។​

សូម​បញ្ជាក់​ថា កន្លងទៅ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​កើត​នៅ​តាម​បណ្ដា​ក្រុង ស្រុក​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ ដូចជា​ករណី​ ឆេះ​ផ្ទះ​នៅ​ស្រុក​គងពិសី ករណី​ឆេះ​រថយន្ត​ដឹក​ប្រេង នៅ​ស្ថានីយ​ប្រេងឥន្ធនៈ សូ​គី​មិច ក្រុង​ច្បារមន ឆេះ​កម្ទេច​ក្រណាត់​នៅ​ក្បែរ​រោង​ចក្រ ករណី​ឆេះ​ស្មៅ​ នៅ​ក្បែរ​បង​រោងចក្រ ករណី​ឆេះ​រថយន្ត​ឆ្លង​ចរន្ត​អគ្គិសនី​នៅ​តាម​ផ្លូវជាតិ ករណី​ឆេះ​ឡ​សម្ងួត​ស្រូវ​នៅ​ស្រុក​ឧដុង្គ មិនតែប៉ុណ្ណោះ​ កងកម្លាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ជួយ​ការងារ​លាង​សម្អាត​តាម​ដង​ផ្លូវ​សាធារណៈ តាម​ការ​ស្នើ​សុំ​ឲ្យ​ដោយ​មិន​ប្រកាន់​លើ​កិច្ចការ និន្នាការ ពណ៌​សម្បុរ​ជាតិ​សាសន៍ ឬ​ការ​រើស​អើង​ឋានៈ​ អ្នកក្រ​អ្នកមាន​ទីតាំង​ឆ្ងាយ​ជិត​នោះ​ទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu