កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង ម៉ូតូនិងឡានកុងតឺន័រ បានបណ្តាលឲ្យភាគីម៉ូតូរងរបួសធ្ងន់ម្នាក់។ ករណីនេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លើបណ្ដោយផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៨-១៩ចំណុច ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ករណីនេះបង្កឡើងដោយម៉ូតូម៉ាកHONDA DREAM ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-6953 អ្នកបើកបរ ឈ្មោះ មាឌ គន្ធា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ ព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ទិសដៅពីអ្នកលឿងទៅភ្នំពេញ។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានកៀរម៉ូតូ និងម៉ូតូ បណ្តាលឲ្យម៉ូតូ១គ្រឿងខាងលើ ដួលខ្ទាតម៉ូតូ និងអ្នកបើកបរមកខាងឆ្វេង ស្របពេលនោះ មានរថយន្តម៉ាកFREIGHTLINER ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9817 សណ្ដោងសឺមីរ៉ឺម៉ក(កុងតឺន័រ) ដែលបើកបរមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូ ឈ្មោះ មាឌ គន្ធា រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកអ្នកបើកបរឡានកុងតឺន័ររត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយពីកើតហេតុរួច សមត្ថកិច្ចប៉ូលិសផ្នែកចរាចរណ៍ស្រុក ចុះទៅធ្វើការវាស់វែងតាមជំនាញ រួចយកម៉ូតូ និងរថយន្តមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋានស្រុកកៀនស្វាយ រង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់។
តាមការសន្និដ្ឋាន ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បើកកៀរគ្នា ហើយដួលចូលមកចំណែកផ្លូវ នៃយានយន្តមកពីទិសដៅផ្ទុយគ្នា៕
Source: Kampuchea Thmey Daily
0 Comments