ព្រះសីហនុ ៖ បុរសអ្នកបើករថយន្តPRUIS មួយគ្រឿង ខណៈកំពុងតែបើកសុខៗ ស្រាប់តែបត់ឆ្វេងឆ្លងកាត់ផ្លូវ គាប់ជួនពេលនោះមានរថយន្តធុនធំបើកមកដល់ អ្នកបើកបរខំកាច់ចង្កូតគេច ហើយក៏កៀរគ្នាបណ្តាលឲ្យប៉ើងអូសធ្លាក់ផ្លូវទៅមុខលែងរួចទាំងអស់គ្នា។
ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារតែការធ្វេសប្រហែសនេះ មិនមានមនុស្សណាម្នាក់រងរបួសនោះទេ។ ករណីនេះបានកើតមានឡើងនៅម៉ោង ប្រមាណ៨និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤គីឡូម៉ែត្រ ១៧៦-១៧៧ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយសាររថយន្ត១គ្រឿងម៉ាក PRUIS ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរ ឈ្មោះ សុង សំ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ បើកក្នុងទិសដៅពីព្រះសីហនុ ទៅកំពង់សិលា លុះដល់ចំណុចខាងលើ បានបត់ឆ្វេង ឆ្លងកាត់ផ្លូវ បន្ទាប់មកក៏មានរថយន្តធុនធំ មកពីខាងក្រោយជ្រុលចង្កូតកៀរធ្លាក់ផ្លូវទាំងពីរ រថយន្តម៉ាក HYUNDAI ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរ ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះមិនមានអ្នករងរបួសទេ ប៉ុន្តែរថយន្ត២គ្រឿង ខូចខាតច្រើនបង្គួរ។
ក្រោយពេលកើតហេតុ វត្ថុតាងរថយន្តតូចធំទាំង២គ្រឿងនេះ សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយបន្ត៕
Source: Kampuchea Thmey Daily
0 Comments