ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពីបទ ប្រឆាំងនឹងរាជការសាធារណៈ កាលពីវេលាម៉ោង១៥និង៣០នាទី នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចក្នុងបឹងសំរោង ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនក្នុងករណីនេះ ទី០១-ឈ្មោះ ជឿង វឹងលិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ។ ទី០២-ឈ្មោះ ងៀង យ៉ាំងដាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅផ្ទះបែរចិញ្ចឹមត្រី ខណ្ឌឫស្សីកែវ ភ្នំពេញ។ ទី០៣-ឈ្មោះ យ៉ យ៉ាំងទឹង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ និងទី០៤-ឈ្មោះ ហូ យ៉ាំងហុង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ភ្នំពេញ។ សម្ភារៈដកហូត ទូកស្មាច់ចំនួន០១គ្រឿង ទូកឈើចំនួន០២គ្រឿង និងកូនឈើមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានចុះត្រួតពិនិត្យស៊ងចិញ្ចឹមត្រីក្នុងបឹងសំរោង ដែលត្រូវហាមឃាត់ និងរុះរើ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនសង្ស័យចំនួន០៤នាក់ខាងលើ កំពុងសាងសង់ស៊ងចិញ្ចឹមត្រីក្នុងតំបន់ហាមឃាត់ ឃើញដូចនោះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ក៏បានធ្វើការហាមឃាត់ ប៉ុន្តែក្រុមជនសង្ស័យមិនឈប់ឡើយ រួចមកកម្លាំងសណ្ដាប់ធ្នាប់ក៏បានរាយការណ៍ទៅសាលាខណ្ឌព្រែកព្នៅ។ ក្រោយពីទទួលបានការរាយការណ៍ពីកម្លាំងភ្លាម លោក ស៊ឹម សុផង នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះទៅហាមឃាត់ម្ដងទៀត ប៉ុន្តែជនសង្ស័យខាងលើ នៅតែបន្ដធ្វើទៀត ក៏បានទាស់ពាក្យសំដីគ្នា ភ្លាមនោះកម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យខាងលើមកអធិការដ្ឋានខណ្ឌព្រែកព្នៅតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments