Ad Code

ក្រសួង​វប្បធម៌ ​រៀបចំ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស ឆ្នាំ​ទី​៥ ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២១



ភ្នំពេញ​ ៖​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានរៀបចំ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស ឆ្នាំ​ទី​៥ ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២១​នាពេល​ខាងមុខនេះ​ក្រោម​អធិបតីភាព​លោក សំរាំង កម្សាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ដំណើរ​ឆ្ពោះទៅ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស ឆ្នាំ​ទី​៥ ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២១​នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​ឆ្នាំ​២០១៩ លោក សំរាំង កម្សាន្ត​បាន​មានប្រសាសន៍ថា​ការរៀបចំម​ហោ​សិល្បៈ​យុវជន​ទូទាំង​ប្រ​ទេស គឺ​ក្រសួង​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​ក្នុង​គោលបំណង​ដើម្បី​លើកស្ទួយ​ការអបរំ និង​ផ្សព្វ ផ្សាយ​អំពី​ចំណេះដឹង​សិល្បៈ​វប្បធម៌ ក្នុង​បុព្វហេតុ​ជំរុញ​ការចូលរួម​ថែរ​រក្សា អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ប្រកបដោយ​ខ្លឹមសារ​អភិរក្ស អភិវឌ្ឍន៍ ការអប់រំ​យុវជន និង​សីលធម៌​សង្គម​។

​លោក សំរាំង កម្សាន្ត​បាន​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​មហោស្រព​នេះ​យុវជន​កម្ពុជា​ត្រូវ​បាន​លើកទឹកចិត្ត តាមរយៈ​ឲ្យ​ពួកគេ​ចូលរួម​បង្កើត​ស្នាដៃ​សិល្បៈ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ខ្មែរលើ​ការ​តែង​និពន្ធ ការសម្តែង​សិល្បៈ របាំ តន្ត្រី និង​ផ្សព្វផ្សាយ​សិល្បៈ​ទស្សនីយភាព​ខ្មែរ ជាដើម​។

​លោក​ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា ការ​បង្កើត​ឲ្យ​មាន​ការ​សម្តែង​នេះ ក៏​ជាការ​បណ្តុះ​ស្មារតី​ឲ្យ​យុវជន និង​មហាជន​ស្រលាញ់​មរតក​សិល្បៈ​វប្បធម៌​ខ្មែរ ពិសេស​ជំរុញ​ការផលិត និង​រក​ទីផ្សារ​វប្បធម៌​ឲ្យ​កាន់តែ​ទូលំទូលាយ​។

លោក​បាន​បន្ត​ទៀត​ថា ការរៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​វប្បធម៌ អាច​រួមវិភាគទាន​ដោយផ្ទាល់​ដល់​ការងារ​អភិរក្ស និង​ការអភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ ពិសេស​ដើម្បីឲ្យ​យុវជន​មានឱកាស​បញ្ចេញ​នូវ​សមត្ថភាព និង​ទេព​កោសល្យ​ពិតៗ​របស់ខ្លួន​អំពី​ផលិតផល​វប្បធម៌​ខ្មែរ​ដ៏​សម្បូណ៌​បែប​

​លោក​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​លើកទឹកចិត្ត​ដល់​យុវជន​ឲ្យចូល​រួម​ថែរក្សា និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ខណៈ​ពួកគេ​កំពុង​ប្រឈម​នឹង​ការ​ស្រូប​យក​ឥទ្ធិពល​នៃ​ការហូរចូល​វប្បធម៌​បរទេស​។

គួរ​បញ្ជាក់​ថា មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ​«​យុវជន ដើម្បី​វប្បធម៌​ជាតិ​» បន្ទាប់ពី​កើតឡើង​នៅ​ឆ្នាំ​២០១៥ តាម​ប្រសាសន៍​ណែនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ជំរុញ​ឲ្យមាន​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​។

មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដដែល​បានឲ្យដឹងថា មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស ដែល​នឹង​ចាប់ផ្តើម​នៅ​សាលសន្និសីទ​ចតុមុខ​នៅ​ដើម​សប្តាហ៍​ក្រោយនេះ ត្រូវបាន​សម្រិតសម្រាំង​យក​ស្នាដៃ​យុវជន​ចំនួន​៤៦​ក្រុម ដែលមាន​ផ្នែក​របាំ​ប្រពៃណី​ខ្មែរ របាំ​សហ​សម័យ​ខ្មែរ និង​ឈុត​ល្ខោន​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២១ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​៦ ខែមីនា​ខាងមុខនេះ នា​សាល​មហោស្រព​កោះ​ពេជ្រ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu