ភ្នំពេញ ៖ បុរសម្នាក់ បានកៀបក្នុងរថយន្តទទួលរងរបួសធ្ងន់ធ្ងរ ដោយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៣ ដោយឡែកភាគីរថយន្តម្ខាងទៀតបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង១៥នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញរថយន្ត ម៉ាក កាមរី បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-2157 បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈនោះក៏មានរថយន្តធុនធំ១គ្រឿង មិនចាំម៉ាក និង ស្លាកលេខ ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនដូចគ្នា នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តធុនធំនោះរេចង្កូតទៅបុករថយន្តបាឡែនរងគ្រោះពេញទំហឹង បណ្ដាលឲ្យកៀបអ្នកបើកបរ និងខូចខាតរថយន្តកំណាត់ខាងមុខ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរដល់កន្លែងកើតហេតុ។
ប្រភពព័ត៌មានប្រាប់បន្តថា ក្រោយពីកើតហេតុ ភាគីខាងរថយន្តធុនធំបង្កហេតុបានបន្ថែមល្បឿនបើកបរឆ្ពោះទៅមុខគេចខ្លួនបាត់ស្រមោល ដោយបន្សល់តែរថយន្ត កាមរី បាឡែន រងគ្រោះនៅកន្លែងកើតហេតុ។
សាក្សីប្រាប់បន្តទៀតថា ក្រោយពេលកើតហេតុភ្លាមៗ ឃើញមានសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជា កម្លាំងអន្តរាគមន៍របស់អង្គភាព711 បានមកជួយគាស់ទ្វាររថយន្តយកជនរងគ្រោះចេញពីរថយន្តដើម្បីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯរថយន្តរងគ្រោះសមត្ថកិច្ចមូលដ្ឋានបានស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់រថយន្តមកទទួលយកទៅប្រើប្រាស់នៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments