កណ្តាល ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើកឡានក្នុងល្បឿនលឿនវ៉ាជែងជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿង ដែលកំពុងបើកបរតាមចិញ្ចើមផ្លូវខាងស្តាំដៃ(បញ្ច្រាសទិសគ្នា)ពេញទំហឹងផ្ទុបទៅនឹងផ្ទាំងថ្មបង្កាន់ដៃស្ពានបណ្តាលឲ្យភាគីម៉ូតូក្មេងស្រីជំទង់២នាក់ហោះផ្លោងចូលទៅក្នុងទឹកព្រែកដាច់ខ្យល់ស្លាប់នៅនឹងកន្លែងម្នាក់ រងរបួសធ្ងន់ម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៤.៤៥ ស្ថិតក្នុងភូមិព្រែកត្រែង,ឃុំសំរោងធំ,ស្រុកកៀនស្វាយ,ខេត្តកណ្តាល។
រថយន្តបង្កម៉ាកលុចស៊ីស៣០០ ពណ៌ស ពាក់ស្លាកលេខ "ភ្នំពេញ"2AL-2506បើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ អ្នកបើកបរត្រូវប្រជាពលរដ្ឋឃាត់ខ្លួន បានក្នុងស្ថានភាពស្រវឹងជោកខ្លួននិយាយស្តាប់គ្នាលែងបានឈ្មោះ សាន តយ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបឹងត្រយាប សង្កាត់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរទិសដៅពីអ្នកលឿង ទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុក ជាមួយម៉ូតូម៉ាក់HONDA DREAM ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧ.មានជ័យ 1B-3846 បើកបរដោយឈ្មោះវិរៈ សុម៉ានី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល អ្នករួមដំណើរឈ្មោះ ឃឹម សុឃីន ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរតាពុកលើ សង្កាត់បៃលិន សង្កាត់បៃលិន ក្រុងបៃលិន ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់ អ្នករួមដំណើរឈ្មោះឃឹម សុឃីន នៅកន្លែងកើតហេតុអ្នកបើកបរឈ្មោះវីរៈ សុម៉ានី រងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ម៉ូតូរងខូចខាតធ្ងន់ រថយន្តខូចស្រាល យកមករក្សាទុក ជាភស្តុតាងនៅអធិការដ្ឋានស្រុកកៀនស្វាយ តាមការសន្និដ្ឋានករណីនេះ បណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែស មិនប្រុងប្រយ័ត្ន បើករំលោភចូលមកចំណែកផ្លូវនៃយានយន្តមកពីទិសដៅផ្ទុយ៕
Source: Kampuchea Thmey Daily
0 Comments