បន្ទាយមានជ័យ ៖ រថយន្តម៉ាកលុចស៊ីស៣០០ ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ ២AM ៣១ ៩០១គ្រឿង បានបើកបោះពួយពីចម្ងាយ ទៅបុករថយន្តធំចតនៅមុខយានដ្ឋានកែច្នៃ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង តែសំណាងមិនបង្កឲ្យមានអ្នកបើករងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ កាលពីម៉ោង១១យប់ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចយានដ្ឋានកែច្នៃរថយន្តធំមួយកន្លែង ផ្លូវចូលទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នគរបាលចរាចរណ៍បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានរថយន្តធំ១គ្រឿង បានបើកចតនៅមុខយានដ្ឋានកែច្នៃរថយន្តធំមួយកន្លែង ដោយគ្មានដាក់ស្លាកសញ្ញាសម្គាល់នៅពេលយប់ លុះនៅម៉ោង១១យប់នោះ ស្រាប់តែមានរថយន្តលុចស៊ីស៣០០ បើកមកយ៉ាងលឿន បុកពីក្រោយពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង តែសំណាងណាស់អ្នកបើកលុចស៊ីស៣០០ មិនបង្កឲ្យទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
ពលរដ្ឋដែលបាននិយាយប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅចំណុចគ្រោះថ្នាក់នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនដងមកហើយ ដោយសារតែមានឡានសណ្ដោង ឡានធំចូលចិត្តមកចតនៅខាងមុខយានដ្ឋានកែច្នៃរថយន្តធំមួយនេះ។
ពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា កន្លែងគ្រោះថ្នាក់១នេះ គេធ្លាប់ឃើញមានរដ្ឋបាលក្រុង ជំនាញកាត់តទ្រុងឡានធំ នៃមន្ទីរសាធារណការខេត្ត និងជំនាញផ្សេងៗទៀត មកណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់យានយន្តដែរ តែម្ចាស់យានយន្តធំខ្លះមិនដឹងមកឈប់នៅទីនេះមិនចេះដាច់។
នគរបាលចរាចរណ៍បានបញ្ជាក់ទៀតថា ទាំងរថយន្តធំ និងរថយន្តលុចស៊ីស៣០០ ត្រូវបានយកមករក្សាទុកនៅស្នងការដើម្បីដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments