Ad Code

ក្លិប​អង្គ​រថា​យ​ហ្គឺ​រ នាំយក​កីឡាករ Yudai Ogawa ប​ញ្ជូ​ល​ក្នុង​បញ្ជី​កីឡាករ​បរទេស​ក្រោយ​កីឡាករ Kenjiro Orgino ចាកចេញ



កីឡាករ Yudai Ogawa ដែល​កាលពី​រដូវ​កាល​មុន​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ នៅពេលនេះ​បានសម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ (Angkor Tiger FC) ហើយ​ដែល​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដូចគ្នា ខណៈ​ក្លិប​រូបគេ​គឺ​ចូលទៅ​បំពេញ​ក្នុង​បញ្ជី​កីឡាករ​បរទេស​ក្នុង​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ​បន្ទាប់ពី​អ្នកចាំទី​ជនជាតិ​ជប៉ុន Kenjiro Orgino បាន​ចាកចេញ​កាលពីដើម​ខែមករា កន្លងទៅ​។

យោង​តាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ កីឡាករ​Yudai Ogawa ជា​ជនជាតិ​ជប៉ុន ដែល​ធ្លាប់​មាន​បទពិសោធន៍​ប្រកប​អាជីព​នៅ​លី​គ​លំដាប់​ទី​៣​របស់​ជប៉ុន មុន​បន្តដំណើរ​មកកាន់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៨​។ ក្រោយ​ចប់​ឆ្នាំ​២០១៨ រូបគេ​បានធ្វើ​ដំណើរ​ជាមួយ​ក្រុម​ចាស់​ក្រសួងការពារជាតិ ប្រកួត​ឈ្នះ​ជើងឯក​ក្នុង​ពានរង្វាន់​អន្តរជាតិ 2018 China-ASEAN Cities Football Tournament នៅ​ខេត្ត Nanning ប្រទេស​ចិន​ផងដែរ​។

យោងតាម​ការកំណត់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​)​បាន​បញ្ជាក់ថា​ ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុងនោះ​ត្រូវតែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ គិត​ត្រឹម​ពេលនេះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ មាន​កីឡាករ​បរទេស​គ្រប់​ចំនួន​ហើយ​បូក​ទាំង​កីឡាករ Ramos Alexis Damian ជនជាតិ​អា​ហ្ស​ង់​ទីន Joichiro Sugiyama របស់​ជប៉ុន​និង​កីឡាករ​នី​ហ្សេ​រី​យ៉ា Okereke Timothy កីឡាករ​ជប៉ុន Ryota Hayashi និង​កីឡាករ​Yudai Ogawa​នេះ​តែម្តង​។

គួរ​ដឹង​ដែរ ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ត្រូវបង្កើត​ឡើង​នៅ​ឆ្នាំ ២០១៥ ដែល​មាន​ប្រធាន​ក្លិប​ជនជាតិ​ជប៉ុន Akihiro Kato ។ ក្លិប​នេះ​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប និង ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប​ជាទី​លាន​ប្រកួត ហើយ មួយរយៈ​រដូវ​កាល​២០១៨​កន្លងទៅនេះ ទទួល​បាន​ភាព​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកគាំទ្រ​ដោយ​ឈ្នះ​ពាន CNCC Award ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​ទៀតផង​។

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្តូរ​ឈ្មោះ​មកពី​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ កាលពី​ចុងរដូវ​កាល​២០១៤ ហើយ​នៅ​រដូវ​កាល​២០១៥ គឺជា​កំណត់ត្រា​ល្អ​របស់​ក្លិប​ពោលគឺ អាច​ឡើងដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ដូចគ្នា​។ ក្រុម​នេះ ទទួលបាន​សិទ្ធិ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​រដូវ​កាល​ឆ្នាំ​២០១៧ កន្លង​ធ្វើជា​ទឹកដី​របស់ខ្លួន​រាល់​ការប្រកួត​នានា​។

ចំណែក​លទ្ធផល​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បានបញ្ចប់​យុទ្ធនាការ​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​ក្លិប​ទាំង​១២ ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​៧​លើក ហើយ​ស្មើគ្នា​បាន​៧​លើក​និង​បរាជ័យ​៨​លើក​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន ក្រោយ ប្រកួត​បរាជ័យ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ដោយ​ថ្វី​ជើង​ក្រុម​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​២ទល់០៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu