Ad Code

កីឡាករ Keisuke Honda អាចជួយ​ក្រុម​Melbourne Victory បាន​វិញ ប៉ុន្តែ​មិនអាច​ត្រឡប់​មកជួយ U22 កម្ពុជា​នោះទេ



ក្រោយ​បញ្ចប់​បេសកកម្ម​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា ក្នុង​យុទ្ធនា​ការប្រកួត​ក្នុង​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 កាលពី​ខែធ្នូ​កន្លងទៅ​លោក Keisuke Honda​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម បានធ្វើ​ដំណើរ​ទៅ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​វិញ​នៅ​ប្រទេស​អូស្ត្រាលី ជាមួយ​ក្លិប​Melbourne Victory សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​អូស្ត្រាលី (A-League)។

​លោក​Muscat ទើបតែ​ដាក់​កីឡាករ Keisuke Honda ឲ្យ​ចូល​រួម​បាន​ឡើងវិញ​ក្រោយ​រូបគេ​សម្រាក​ព្យាបាល​របួស​ត្រគាក​ខាងស្តាំ ជិត​១០​លើក​ជាប់ៗ​គ្នា​មក​។ ការ​បង្ហាញ​ខ្លួន​លើកដំបូង​នេះ​គឺ​ស្របពេល​ក្រុម Melbourne Victory ស្មើគ្នា​ជាមួយ​ក្រុម​Wellington Phoenix ១​ទល់​១ កាលពី​ល្ងាច​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ ខណៈ​កីឡាករ Honda បាន​រកបាន​គ្រាប់​១​គ្រាប់ ក្នុងនាម​ជា​កីឡាករ​បម្រុង​ដែល​ត្រូវ​ប្តូរ​ចូល​នៅ​នាទី​៥៥​នៃ​ការប្រកួត​។ ទោះបីជា​ខកខាន​បង្ហាញ​ខ្លួន​រយៈពេល​យូរ​ក៏ដោយ​តែ​រូបគេ​រកបាន​គ្រាប់​បាល់​ចំនួន​៦​គ្រាប់​ម្នាក់ឯង​ឲ្យ​ក្រុម​ក្នុងចំណោម​ប្រកួត​កន្លងមកនេះ​ផងដែរ​។

​ទោះបីជា​កីឡាករ​ជប៉ុន រូប​នេះ​អាច​ត្រឡប់​មកកាន់​ទីលាន​បាន​វិញ​ក៏ដោយ តែ​រូបគេ​មិនអាច​មកជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ​ ក្នុង​យុទ្ធនាការ​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​យុវជន​តំបន់​អាស៊ាន AFF U22 Championship 2019​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Filex ដៃស្ដាំ​របស់ Honda និង​ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​បច្ចុប្បន្ន​។ ទោះបីជា​យ៉ាងណាក៏ដោយ Honda នៅតែ​តាមដាន​ការប្រកួត​ពី​ចម្ងាយ​ព្រមទាំង​រៀបចំ​ប្រព័ន្ធ​លេង​និង​ផែនការ​សម្រាប់​ក្រុម​ដដែល​។

គិត​ត្រឹម​ពេលនេះ​ ពានរង្វាន់​លី​គ​កំពូល​របស់​ប្រទេស​អូស្ត្រាលី បានធ្វើ​ដំណើរ​ចំនួន​១៩​ប្រកួត​មកហើយ ខណៈ​ប្រកួត​ក្នុង​ពានរង្វាន់ A-League ជា​បន្ត​ក្រុម​Melbourne Victory​ត្រូវ​ប៉ះ​ក្រុម​Melbourne City នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន Marvel Stadium ក្នុង​ទីក្រុង Melbourne​របស់​ខ្លួន​។ ក្រុម Melbourne Victory​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​២ បណ្តោះ​អាសន្ន​ក្នុងចំណោម​ក្លិប​ទាំង​១០ ពោល​គឺ​ប្រកួត​ឈ្នះ​១១​លើក ស្មើគ្នា​៤​លើក​និង​ចាញ់​៤​លើក​។

កីឡាករ Keisuke Honda បាន​ចុះ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្លិប​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី គឺ​Melbourne Victoty ខណៈ​រូបគេ​ធ្លាប់​បាន​រក​៣៧​គ្រាប់ និង​លេង​បាន​៩៨​ប្រកួត​ឲ្យ​ជម្រើសជាតិ​ជប៉ុន​។ រូបគេ​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ​ក្រោយ 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ីចប់​នៅពេល​ក្រុម​ជម្រើស​ជាតិ​ជប៉ុនធ្លាក់​នៅវគ្គ​១៦ក្រុម​ចុង​ក្រោយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu