Ad Code

ក្រសួងសុខាភិបាល​ ហាម​នាំចូល​លក់​និង​ចែកចាយ​ឱសថ​និង​ឱសថ​បំប៉ន​ចំនួន​៧​មុខ​ ដែល​ខុសច្បាប់



ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​១៥​ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ជា​សាធារណៈ​ហាមឃាត់​គណនី​ហ្វេ​ស​ប៊ុ​ក​(fb)​ឈ្មោះ​The National Care កំពុង​ផ្សព្វផ្សាយ​លក់​នូវ​ឱសថ​និង​ឱសថ​បំប៉ន​សុខភាព​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ជម្រាប​ដល់​សា​ធារណ​ជន​ឲ្យ​បាន​ជ្រាបថា​ យោង​តាម​ការ​ពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook)​រៀងរាល់ថ្ងៃ​មានឈ្មោះ​The National Care​កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​និង​ឱសថ​បំប៉ន​សុខភាព​ចំនួន​៧​មុខ​ដោយ​ខុសច្បាប់​។

ឱសថ​ដែល​បាន​ផ្សាយ​រួមមាន​១.Weightup ជា​ឱសថ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បាយ​បាន សម្រាន្ត​លក់ ឡើង​គីឡូ​។​២. Giant Plus​ជា​វីតាមីន​ជួយ​ឲ្យ​ធាត់ ឡើង​គីឡូ​។​៣.Osteo Plus ជា​វីតាមីន​ជំនួយ​ឆ្អឹង ពន្លូត​កម្ពស់​។ ​៤.Gareinia Cambogia​ជា​វីតាមីន​ជួយ​សម្រក​ទម្ងន់​។​៥.Anti Ulcere​ថ្នាំ​ព្យាបាល​ជំងឺ​ក្រពះ ពោះ​វៀត​។​ ៦.Tea Natural តែ​ធម្មជាតិ​សម្រក់​ទម្ងន់​និង​៧.Milk Thistle Extract វីតាមីន​ជំនួយ​សុខភាព​ថ្លើម​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​”​ឱសថ​និង​បំប៉ន​សុខភាព​ចំនួន​៧​មុខ​ខាងលើ​នេះ​គ្មាន​ចុះបញ្ជី គ្មាន​ត្រួតពិនិត្យ​គុណភាព​និង​គ្មាន​ការអនុញ្ញាត​នាំចូល​និង​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល”។

ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស​និង​ប៉ះពាល់​សុខភាព​ ឬ​ អាច​ឈាន​ដល់​ការ​បាត់​បង់ជីវិត​របស់​ប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ឱសថ​និង​ឱសថ​បំប៉ន​សុខភាព​ខាងលើ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​បន្ទាន់​។

ក្រសួងសុខាភិបាល​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ខាងលើ​បញ្ឈប់​ការ​នាំចូល លក់ ចែកចាយ​និង​ផ្សព្វផ្សាយ ឱសថ​និង​ឱសថ​បំប៉ន​សុខភាព​ខាងលើ​បន្តទៀត​ព្រមទាំង​ប្រមូល​ផលិតផល​ទាំងនោះ​មកវិញ​ដើម្បី​កម្ទេចចោល​។

ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ​”​ក្រសួងសុខាភិបាល​នឹង​ចាត់ការ​តឹងរ៉ឹង​ទៅតាម​ផ្លូវ​ចំពោះ​គណនី​ហ្វេ​ប៊ុ​ក​ឈ្មោះ​The National Care​ដែល​នាំចូល លក់ ចែកចាយ​និង​ផ្សព្វផ្សាយ ឱសថ​និង​ឱសថ​បំប៉ន​សុខភាព​ខាងលើ​ទៅតាម​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន”។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​៧ ​ខែកុម្ភៈ ​ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ជូនដំណឹង​ផ្លូវការ​ហាមឃាត់​ការ​នាំ​ចូល លក់ ចែកចាយ​និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook)​នូវ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ​Résistance​គ្មាន​ចុះបញ្ជី​ការ​និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​និង​បាន​ផ្សព្វ​ផ្សាយ​ភូតកុហក​បោកប្រាស់​និង​បំផ្លើស​ហួស​ពី​ការពិត​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ថែម​ទៀតផង​។

​គណនី​ហ្វេ​ស​ប៊ុ​ក​(Facebook)​ទាំង​៧​រួមមាន​គឺ​១.​បុរស​ខ្លាំង​ពិត ,២.​កសិដ្ឋាន​លក់​ផលិតផល​មកពី​បារាំង​,៣.Resistance បុរស​ខ្លាំង ,៤.​សុខភាព​របស់​បុរស ,៥.​ស្តេច​ថ្នាំ ជួយ​សុខភាព​,៦.​បុរស​ខ្លាំង​ពិត​និង ៧.Sova van n healthy shops៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu