ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាជំរុញបង្កើតឲ្យមានចលនាប្រឡងប្រណាំង«វិថីម្ហូបអាហារ»សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ដោយសម្ដេចបានចាត់ទុកថា ចលនានេះជាការរួមចំណែកលើកកម្ពស់អនាម័យម្ហូបអាហារតាមដងវិថី និង ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុងផងដែរ វាក៏ជាការទាក់ទាញភ្ញៀវទេសចរកុំឲ្យទៅប្រមូលផ្ដុំគ្នានៅតែមួយកន្លែង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ឆ្នាំ២០១៩ ក្រោមប្រធានបទ“ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ”អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៣ ជ័យលាភីទីក្រុងដែលបានរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំនិងជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី១ នៅសណ្ឋាគារសុខាភ្នំពេញនាព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា អនាម័យចំណីអាហារគឺជាបញ្ហាធំគឺដើម្បីធានាថា ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាយើងស្វែងរកប្រភពចំណីអាហារដោយឆ្ងាញ់និងគុណភាពយើងត្រូវដាក់ចេញនូវស្តង់ដារគុណភាពវិថីម្ហូបអាហារ។ដើម្បីទាក់ទាញភ្ញៀវទៅបរិភោគអាហារនៅទីនោះ។ ប្រសិនជាតំបន់ណាមួយធ្វើម្ហូបអាហារឆ្ងាញ់ហើយមានគុណភាពនោះភ្ញៀវនឹងទៅកាន់ទីនោះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា «ឥលូវនេះដាក់ចេញនូវគោលដៅស្ដង់ដារវិថីម្ហូបអាហារ និងបង្កើតឲ្យមានការប្រកួតប្រជែងតាមវិថីនានាដែលលក់ម្ហូបអាហារ បើសិនជាវិថីនេះឆ្ងាញ់ពិសា ទេសចរណ៍ច្បាស់ជាចូលចិត្តមកទាំងថ្ងៃទាំងយប់ ប៉ុន្ដែវិថីមួយទត បើសិនចង់បានឲ្យទេសចរណ៍ ទៅកាន់ទីនោះដែរទាល់តែប្រឹងសម្អាតផ្លូវ»។
សម្ដេចតេជោ ហ៊ុន សែន ក៏ណែនាំឲ្យប្រើប្រាស់វិស័យទេសចរណ៍ដើម្បីជំរុញវិស័យកសិកម្មឲ្យឈានឡើងមួយកម្រិតទៀតពោលនៅជុំវិញតំបន់ទេសចរណ៍ធំៗ ត្រូវខិតខំរៀបចំខ្សែក្រវាត់បៃតងដោយត្រូវជំរុញឲ្យប្រជាពលរដ្ឋឲ្យដាំបន្លែផ្លែឈើចិញ្ចឹមសត្វចិញ្ចឹមត្រីនេះជាការនាំចេញនៅនឹងកន្លែងបានន័យថា ផលិតផលដែលកសិករធ្វើបានគឺផ្គត់ផ្គង់ទៅតាមបណ្ដាសណ្ឋាគារ និង ភោជនីយដ្ឋានដែលចំណុចនេះមានសារសំខាន់ខ្លាំងណាស់។
សម្ដេចតេជោបានបញ្ជាក់ថា «ប៉ុន្មានឆ្នាំរួចហើយ ដែលខ្ញុំនៅតែនិយាយម្ដងហើយម្ដងទៀត អំពីការខិតខំនាំចេញនៅនឹងកន្លែងសំដៅទៅដល់ការដែលប្រជាពលរដ្ឋរបស់យើងខិតខំដាំដុះនៅបន្លែបង្ការផ្លែឈើ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ឲ្យបណ្ដាសណ្ឋាគារដែលទទួលភ្ញៀវទេសចរ។ ចំណុចនេះមានសារសំខាន់ខ្លាំងណាស់ ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍»។
ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ក្នុងការផ្តល់ពិន្ទុដល់សណ្ឋាគារគឺត្រូវពិនិត្យទៅលើសណ្ឋាគារណាដែលប្រើប្រាស់ផលិតផលក្នុងស្រុកបានច្រើនជាងគេគឺត្រូវផ្ដល់នូវពិន្ទុល្អលើកលែងតែរបស់ដែលយើងមិនអាចផលិតបាននៅក្នុងស្រុក។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំណុចនេះបង្កើតបានការងារផងនិងជាទីផ្សារសម្រាប់កសិករ សិប្បកររបស់កម្ពុជាផងដែរ។ សម្ដេចបន្ថែមថា អ្វីដែលយើងផលិតបាន ត្រូវតែខិតខំផលិតជៀសវាងការនាំចូល ហើយអ្វីដែលផលិតមិនទាន់បាន ត្រូវតែខិតខំស្រាវជ្រាវបន្ដទៀត៕
Source: Kampuchea Thmey Daily
0 Comments