Ad Code

​ប្រមុខ​រាជរដ្ឋាភិបាល​ ជំរុញ​ឲ្យ​ទីក្រុង​ទេសចរណ៍​ធំៗ​ទាំងអស់​ ត្រូវតែ​ជាទី​ក្រុង​ដែលមាន​ខ្សែ​ក្រវាត់បៃតង​



​ ​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម និង​គ្រប់​អភិបាល​រាជធានី ខេត្ត ត្រូវ​បំផុស​ឲ្យ​មាន​ផលិតកម្ម​ក្នុងស្រុក​នានា​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ តាមរយៈ​បាវចនា​វិស័យ​ទេសចរណ៍ គឺជា​ការនាំចេញ​នៅ​នឹង​កន្លែង ហើយ​ទីក្រុង​ទេសចរណ៍​ធំៗ​ទាំងអស់​ត្រូវតែ​ជាទី​ក្រុង​ដែល​មាន​ខ្សែ​ក្រវាត់បៃតង​(Green Belt)​។



​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​បែបនេះ នៅក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​” អម​ជាមួយ​ពិធី​ប្រគល់​ជ័យលាភី​រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​៣ ជ័យលាភី​ទីក្រុង​ដែល​បាន​រៀប​ចំ​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​និង​ជ័យលាភី​បង្គន់​សាធារណៈ​កម្ពុជា​លើក​ទី​១ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី ២៥ ខែកុម្ភៈ នេះ​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ទន្ទឹមនេះ​ត្រូវធ្វើ​យុទ្ធនាការ​ទីក្រុង​ស្អាត​: ទីក្រុង​ដែលមាន​សុវត្ថិភាព​ចំណីអាហារ​និង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ក្រម​ប្រតិបតិ្ត​ភោជនីយដ្ឋាន​ស្អាត​ឲ្យបាន​ទូលំទូលាយ​និង​សូម​ប្រកាស​ដាក់​ឲ្យអនុវត្ត​ស្តង់ដារ​វិថី​ម្ហូបអាហារ (Food Street) ដែលជា​សូចនាករ​ថ្មី​មួយទៀត ក្នុង​ស្តង់ដារ​ទីក្រុង​ស្អាត​និង​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត : ទីក្រុង​មាន​វិថី​ម្ហូបអាហារ​ស្អាត​ជា​រៀងរាល់ឆ្នាំ​។



ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម និង​គ្រប់​អភិបាល​រាជធានី ខេត្ត​ត្រូវ​បំផុស​ឲ្យ​មាន​ផលិតកម្ម​ក្នុងស្រុក​នានា​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​តាមរយៈ​បាវចនា​វិស័យ​ទេសចរណ៍​គឺជា​ការនាំចេញ​នឹង​កន្លែង​ហើយ​ទីក្រុង​ទេសចរណ៍​ធំៗ​ទាំងអស់​ត្រូវតែ​ជាទី​ក្រុង​ដែលមាន​ខ្សែ​ក្រវាត់បៃតង (Green Belt)​។

​ជាថ្មី​ម្តង​ទៀត ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​ចូលរួម​គាំទ្រ និង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ឱ្យបាន​សកម្ម និង​ទូលំទូលាយ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រស់​រវើក និង​ប្រកបដោយ​ចីរភាព​។

នៅក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​អំពាវនាវ​ឲ្យ​រួមគ្នា​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​ជាមួយ​អំពើ​ភេរវកម្ម​ ដើម្បី​ធានា​ដល់​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​ហើយ​ក៏បាន​ថ្លែង​អំពាវនាវ​ឲ្យ​រួមគ្នា​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​នយោបាយ​សង្គម​នៅ​កម្ពុជា ព្រោះ​គ្មាន​អ្នកទេសចរ​ណា​ទៅលេង​កម្សាន្ត​នៅ​ប្រទេស​ដែល​គ្មាន​សន្តិភាព ស្ថិរភាព​នយោបាយ និង សន្តិសុខ​សង្គម​នោះឡើយ​។

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេច​នៅតែ​ផ្តល់​ការ​លើកទឹកចិត្ត និង​ដាក់ចេញ​នូវ​បទបញ្ជា​ទាក់ទង​នឹង​សន្តិភាព​និង​ស្ថិរភាព​ខាង​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ធានា​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​កម្ពុ​ជា​មាន​អំពើ​ភេរវកម្ម​កើតឡើង​នៅតាម​តំបន់​ទេសចរណ៍​នានា។ មិន​ថា​តើ​នៅ​តាម​តំបន់​ទេសចរណ៍​ទេ​ត្រូវធ្វើ​ឲ្យ​ភូមិ​មួយ រោងចក្រ​មួយ សណ្ឋាគារ​មួយ សហគ្រាស​មួយ ក្លាយទៅជា​តំបន់​សុខសាន្ត​មួយ។ ​សម្តេច​បន្តថា សម្តេច​ធ្លាប់​ទៅ​ជួប​កម្មករ​ដែល​មកដល់​ពេលនេះ​មាន​ប្រមាណ​ជា ៩០​ម៉ឺន​នាក់​រួច​ទៅ​ហើយ ហើយ​ក៏មាន​ប្រមាណ​១.០០០​រោងចក្រ​ដែល​សម្តេច​បាន​ប្រាប់​ពួកគេ​ឲ្យ​រួមគ្នា​ចូល​រួម​ចំណែក​ដើម្បី​ធ្វើ​ឲ្យ​រោងចក្រ​មួយ​ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ កុំ​ឲ្យ​កន្លែង​នោះ​ក្លាយទៅជា​កន្លែង​បង​តូច​បងធំ ក្លាយទៅជា​កន្លែង​ដែល​ចែកចាយ​គ្រឿងញៀន ក្លាយជា​កន្លែង​ដែល​មាន​ការឆ្លង​ជំងឺអេដស៍។ សម្តេច​មាន​ប្រសា​ន៍​ថា បើ​ធ្វើបាន​ដូចនេះ ពួកគាត់​នឹង​បានរួម​ចំណែក​ធ្វើ​ឲ្យ​ប្រទេសជាតិ អនុវត្តន៍​បានល្អ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​ទៅដល់​ទីណា​ក៏ដោយ គ្មាន​រឿង​អ្វី​កើតឡើង​ដែរ​។

ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ដល់​នគរ​បាល​ទេសចរណ៍ មន្ត្រី​បេតិកភណ្ឌ​ដែល​បាន​ប្រឹងប្រែង​ធ្វើការ​ងារ រក្សាសុខ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​យ៉ាង​ល្អ​ប្រសើរ​កន្លងមក​។ បើ​ទោះ​បី​នៅ​មាន​បញ្ហា​ឆក់​កាបូប​ភ្ញៀវទេសចរ​ខ្លះៗ តែ​ត្រូវ​ខិតខំ​ការពារ​សុវត្ថិភាព​ភ្ញៀវ​ឲ្យ​បានល្អ​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​អ្នក​ប្រកប​អាជីវកម្ម​ផ្នែក​ទេសចរណ៍​ឲ្យ​ប្រឹងប្រែង​ទាក់ទាញ​អ្នកទេសចរ​មកលេង​ក​ម្សា​ន្ត​នៅ​កម្ពុជា​ជា​រឿង​មួយ​លំបាក​ហើយ ដូចនេះ​ការ​បន្ត​ធ្វើ​ឲ្យ​អ្នកទេសចរ​នោះ​មក​លេង​ម្តង​ហើយ ចង់​មកលេង​ជាថ្មី​ទៀត ហើយ​នាំ​មិត្តភក្តិ​សាច់ញាតិ​មកលេង​ទៀត វា​ជា​រឿង​កាន់តែ​លំបាក ព្រោះ​យើង​ត្រូវធ្វើ​ឲ្យ​ទេសចរ​ទាំងអស់​ពេញចិត្ត​ជាមួយ​សេវា​របស់​យើង ។ ជាមួយនេះ សម្តេច​តេ​ជោ ក៏បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា នៅពេល​ខាងមុខ​កម្ពុជា​និង​កសាង​បន្ថែមទៀត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ឲ្យ​កាន់តែច្រើន​ថែមទៀត​រួមទាំង​ផ្លូវ​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដែល​ត​ភ្ជាប់​ផ្លូវ​ចេញពី​ខេត្តពោធិ៍សាត់ ទៅ​ថ្មដារ និង​ចេញពី​ថ្មដារ ទៅ​កោះកុង និង​ភ្ជាប់​ផ្លូវ​ពី​ថ្មដារ ចេញទៅ​ប៉ៃលិន និង បាត់ដំបង ភ្ជាប់​ជាមួយ​ខេត្តពោធិ៍សាត់​ផងដែរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​ការធ្វើដំណើរ​របស់​អ្នកទេសចរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា «​សូម​បញ្ជាក់​បន្ថែមថា បើ​យើង​ចង់​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​ប្រទេស​យើង អ្វីដែល​យើង​បានធ្វើ​កន្លង​ទៅហើយ​ដែល​ទទួលជោគជ័យ​រួចមកហើយ ត្រូវខិតខំ​បន្តទៀត​។​ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ព័ត៌មាន​សំខាន់ៗ​ពី​ទេសចរណ៍​កម្ពុជា​ជា​រឿង​មួយ​ហើយ តែ​ការផ្សព្វផ្សាយ តាមរយៈ​នៃ​អ្នកទេសចរ ដែល​អញ្ជើញ​មក​កម្ពុជា ទើប​ជា​រឿង​ដែល​សំខាន់​»​។



​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​នៅ​ឆ្នាំ​២០១៨ កន្លងទៅនេះ កម្ពុជា​សម្រេចបាន​កំណើន​ក្នុង​អត្រា ១0,៧% ជាមួយនឹង​ការមកដល់​នៃ​ទេសចរ​អន្តរជាតិ​ជាង ៦,២ លាន​នាក់ និង​នាំ​ប្រាក់ចំណូល​ប្រមាណ ៤.៣៥៦ លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​។ នៅ​ឆ្នាំ​២០១៩ កម្ពុជា​រំពឹងថា នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៦.៧ លាន​នាក់ នៅ​ឆ្នាំ​២០២០ នឹង​ទទួលបាន​ប្រមាណ​ជាង ៧​លាន​នាក់​នឹង​នាំមក​នូវ​ចំណូល​ប្រមាណ ៥ ប៊ី​លាន​ដុល្លារ បង្កើត​នូវ​ឱកាស​ការងារ​បាន​ប្រមាណ​ជិត ១​លាន​នាក់​និង​នៅ​ឆ្នាំ​២០៣០​អាចនឹងទទួល​បានទេ​សចរ​អន្តរ​ជាតិប្រមាណ ១៥​លាន​នាក់​នាំមក​នូវ​ចំណូល​ប្រមាណ ១០ ប៊ី​លាន​ដុល្លារ​បង្កើត​ឱកាស​ការងារ​ប្រមាណ​ជិត ២​លាន​នាក់​។

​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ដូច​បាន​ជម្រាបជូន​ខាងលើ​ជា​យុទ្ធសាស្ត្រ​គឺ​ក្រសួង​ត្រូវ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​និង ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​តាមរយៈ​ការ​បង្កើត​ឲ្យ​មាន​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ប្រកបដោយ​ភាព​វ័យឆ្លាត ស្អាត និង​បៃតង (Smart, Clean & Green)​។

ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​២៧ ខែកុម្ភៈ ជា​រៀងរាល់ឆ្នាំ​ដើម្បី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ហើយ​ផ្តើម​ចេញពី​ចលនា​ប្រឡងប្រណាំង​នេះ រាជរដ្ឋាភិបាល​ក៏បាន​អនុញ្ញាតឲ្យ​ដាក់ចេញ​នូវ​ចលនា​ប្រឡងប្រណាំង «​រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ » តាមរយៈ​អនុក្រឹត្យ​លេខ ១២៣ អនក្រ​.​បក ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ដោយ​ប្រសិទ្ធ​នាម​ថា «​រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​» ដើម្បី​លើកទឹកចិត្ត​និង​ទទួលស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​និង​វិស័យ​ពាក់ព័ន្ធ​ដែលមាន​ស្នាដៃ​ល្អ​ចូលរួម​ទ្រទ្រង់​ដល់​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​ជាការ​លើកកម្ពស់​ភាព​ស្អាត និង​បៃតង​នៅ​កម្ពុជា​។

បើ​យោងតាម​ក្រសួងទេសចរណ៍​ជ័យលាភី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​ជ័យលាភី​ទីក្រុង​ដែល​បាន​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​បំផុត​ប្រចាំឆ្នាំ - Best Countdown City of the Year និង​ជ័យលាភី​បង្គន់​សាធារណៈ​កម្ពុជា គឺជា​មូលដ្ឋាន​បន្ថែម​មួយទៀត​សម្រាប់​កម្ពុជា​ក្នុងការ​ត្រៀមខ្លួន​ចូលរួម​អនុវត្ត​នូវ​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ហើយ​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ជ្រើសរើស​បេក្ខភាព​ក្រុង​/​ខណ្ឌ​ថ្មី​ចំនួន ៦ ទៀត (​រួមមាន ខណ្ឌដូនពេញ​នៃ​រាជធានី​ភ្នំពេញ ក្រុង​កំពត ក្រុង​កំពង់ចាម ក្រុង​ពោធិ៍សាត់ ក្រុង​តាខ្មៅ និង​ក្រុង​កំពង់ឆ្នាំង​) ដើម្បី​ចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​-​អាស៊ាន​លើក​ទី​២ នេះ ដែល​ជ័យលាភី​នឹង​ប្រកាស នៅ​ខែមករា ឆ្នាំ​២០២០ ខាងមុខនេះ នៅ​ប្រទេស​ប្រ៊ុយណេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu