Ad Code

ការ​ដឹក​ជញ្ជូន​ឈើ​សុក្រំ ​និង​ធ្នង់​ទៅ​កាន់​ប្រទេស​វៀតណាម​កំពុង​កើតឡើង​ពេញ​បន្ទុក

រតនគិរី ​៖ ​រថយន្ត​កាមរី​ចំនួន​ពីរ​គ្រឿង​ដឹក​ឈើ​ប្រណិត​ប្រភេទ​គ្រញូង​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ធ្វើការ​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​២២និង១៥​នាទី​ថ្ងៃ​ទី​៥​​ ខែ​កញ្ញា ​ឆ្នាំ​២០១៥។ រថយន្ត​ទី​​១​ ម៉ាក​កាមរី​គូទ​ស្វិត​ពណ៌​ទឹក​​ប៊ិច​ពាក់​ស្លាក​លេខ​ភព​២-​ង​៥១១៦ ​បង្ក្រាប​បាន​នៅ​ចំណុច​ភូមិ​ឡា​អ៊ិន ​ឃុំ​តា​អង ​ស្រុក​កូន​មុំ​, រថយន្ត​ទី​​២​ ម៉ាក​កាមរី​ឆ្លាម​ពណ៌​ត្រី​ឆ្លូញ​អត់​ស្លាក​លេខ​បង្ក្រាប​បាន​នៅ​ភូមិ​០២ ​ឃុំ​ត្រពាំង​ច្រេស ​ស្រុក​កូន​មុំ។


ប្រភព​ពី​មន្ត្រី​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ប្រាប​ដល់​ក្រុម​អ្នកការ​សែត​ថា​ ក្រោយ​ពី​​ទទួល​ព័ត៌មាន​សម្ងាត់​ពី​ភ្នាក់ងារ​ថា​មាន​រថយន្ត​ដឹក​ឈើ​​ប្រណិត​ប្រភេទ​គ្រញូង​ចំនួន​ពីរ​គ្រឿង​មកពី​ខេត្ត​ព្រះ​វិហារ​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង​ទើប​ឈាន​ដល់​ការ​បង្ក្រាប​នៅ​ក្នុង​ស្រុក​កូន​មុំ​ខេត្ត​រតនគិរី​នេះ​តែ​ម្ដង។ ប្រភព​បន្ត​ទៀត​ថា​ រថយន្ត​កាម​រី​គូទ​ស្វិត​អ្នក​បើកបរ​ឈ្មោះ​”​អែល​ពៅ​”​ ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ​ត្រូវ​រត់​គេចខ្លួន​ភ្លាមៗ។ កាមរី​ឆ្លាម​អ្នក​បើកបរ​ឈ្មោះ​”​សាត​សិរី​”​ភេទ​ប្រុស​ឃាត់ខ្លួន​បាន​នៅ​កន្លែង​បង្ក្រាប ​រួច​បញ្ជូន​មនុស្ស​ និង​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្ត​ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​លំផាត់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ដើម្បី​ចាត់ការ​តាមច្បាប់​ព្រៃឈើ។


បន្ទាប់ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​វាស់វែង​ឃើញថា ​នៅ​ក្នុង​នោះ ​រឹប​អូស​បាន​ឈើប្រណិត​ប្រភេទ​ក្រញូង​ក្រាក់​ក្នុង​រថយន្ត​ទាំងពីរ​ចំនួន​២០៣​ដុំ​ស្មើ​នឹង​៩៦០​គីឡូក្រាម​ រួច​​​​​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់​ចាត់ការ​បន្ត។


សូម​បញ្ជាក់​ថា​ ប្រភេទ​ឈើ​ប្រណិត​ប្រភេទ​គ្រញូង​នេះ​ក្នុង​ខេត្ត​រតនគិរី​ពុំ​សូវ​ឃើញ​មាន​ចរាចរណ៍​ញឹកញាប់​ទៀត​ទេ​ក្នុង​ពេល​បច្ចុប្បន្ន​ ព្រោះ​ក្រុម​ឈ្មួញ​កំពុងតែ​សម្រុក​ដឹកជញ្ជូន​ប្រភេទ​ឈើ​ធ្នង់​ និង​ឈើ​ប្រភេទ​សុក្រំ ដែល​​កំពុង​មាន​ហាងឆេង​ខ្ពស់​លើ​ទីផ្សារ​ក្នុងប្រទេស​វៀតណាម។ ​ជាក់ស្តែង​ក្នុង​មួយ​រយៈ​នេះ​គេ​សង្កេតឃើញ​ឈ្មួញ​កំពុង​សម្រុក​ដឹក​​ជញ្ជូន​តាម​រថយន្ត​ដូចជា​កាមរី​ឆ្លាម​ បា​ឡែ​ន​ សាំ​យុង ឡិច​ស៊ី​ស​ ឡង់​គ្រី​ស​រ័​ និង​រហូត​ឈាន​ដល់​ប្រភេទ​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍។ ចំពោះ​ករណី​នេះ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ក៏​ត្រូវ​ទទួល​បាន​លាភសក្ការៈ​គ្រប់ៗ​គ្នា​ដែរ​ទើប​អាច​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​ប្រណិត​បាន​យ៉ាង​រលូន​បែបនេះ។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​អ្នក​រក​ស៊ី​ឈើ​ទាំងនោះ​ បើ​មិន​ជម្រាប​ជូន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ទេ​ ពិតជា​វិល​កង់​ឡាន​មិនបាន​ឡើយ ព្រោះ​សមត្ថកិច្ច​គ្រប់​ជំនាញ​ទាំងនោះ​មាន​កម្លាំង​ច្រើន​ដូច​ស្រមោច​អញ្ចឹង៕


M07-09-15-p2


M07-09-15-p1


M07-09-15-p3



ការ​ដឹក​ជញ្ជូន​ឈើ​សុក្រំ ​និង​ធ្នង់​ទៅ​កាន់​ប្រទេស​វៀតណាម​កំពុង​កើតឡើង​ពេញ​បន្ទុក

Post a Comment

0 Comments

Close Menu