ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៥នាក់បានស្លាប់និង៤០នាក់បានរងរបួសនៅពេលរថយន្តក្រុងមួយគ្រឿងបានបើកធ្លាក់ផ្លូវនៅក្នុងក្រុងរមណីយដ្ឋានប្រេស៊ីល Paraty។
អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យម្នាក់បាននិយាយថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវមួយដែលតភ្ជាប់ពីក្រុងParaty ក្នុងរដ្ឋ Rio de Janeiro ទៅតំបន់ឆ្នេរសមុទ្រ Trinidade។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជំរាលដែលខ្យល់បក់បោកមួយដែលគេស្គាល់ជាភាសាព័រទុយហ្គាល់ថា “God Help Me Hill”។
ប្រជាជនប្រេស៊ីលកំពុងមានភាពសប្បាយរីករាយជាមួយថ្ងៃឈប់សម្រាកចុងសប្ដាហ៍ដែលជាទិវាឯករាជ្យ។ នោះមានន័យថា មានមនុស្សច្រើនបានធ្វើដំណើរតាមផ្លូវនេះក្នុងរយៈពេលបីថ្ងៃដើម្បីឆ្ពោះទៅកាន់ឆ្នេរសមុទ្រ។
ក្រុង Paraty ដែលជាអតីតក្រុងសម័យអាណានិគមព័រទុយហ្គាល់មានប្រជាជនប្រហែល ៤០ ០០០ នាក់គឺមានភាពល្បីល្បាញដោយសារតែស្ថាបត្យកម្មដ៏ទាក់ទាញរបស់ខ្លួននិងបរិស្ថានស្អាត។
គួរបញ្ជាក់ថា មានមនុស្សប្រហែល ៤៣ ០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅលើផ្លូវរបស់ប្រទេសប្រេស៊ីល។ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ២៤ ភាគរយនៅចន្លោះឆ្នាំ ២០០២ ដល់ ២០១២ ហើយមានរថយន្តថ្មីៗប្រហែល ១០ ០០០ គ្រឿងបានធ្វើដំណើរលើផ្លូវជារៀងរាល់ថ្ងៃ។
ក្នុងខែមីនា មនុស្ស ៥៤ នាក់បានស្លាប់នៅពេលដែលរថយន្តក្រុងមួយគ្រឿងដែលដឹកពួកគេទៅកាន់ព្រឹត្តិការណ៍សាសនាមួយបានធ្លាក់ចូលជ្រោះនៅរដ្ឋភាគខាងត្បូងSanta Catarina៕
AFP
១៥នាក់ស្លាប់៤០នាក់របួសដោយសារថយន្តក្រុងបើកធ្លាក់ផ្លូវនៅប្រេស៊ីល
0 Comments