Ad Code

ក្រសួង​សុខាភិបាល​ ព្រមាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​៧​ ដែល​បាន​ផ្សាយ​ថ្នាំ​បំប៉ន​ផ្លូវ​ភេទ​បុរស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត



ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ​ហាមឃាត់​ការ​នាំ​ចូល​ លក់ ចែកចាយ​និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook)​នូវ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ​Résistance​ ព្រោះថា​ឱសថ​នេះ​មិនបាន​ចុះ​បញ្ជិកា​ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ឡើយ​។​

ក្រសួងសុខាភិបាល​បាន​លើកឡើងថា ​ក្រសួង​សូម​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា​៖​យោងតាម​ការពិនិត្យ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រៀងរាល់ថ្ងៃ​មាន​គណនី​ចំនួន​៧​បាន​កំពុង​ផ្សព្វផ្សាយ​​ ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ​Résistance​មួយ​កំប៉ុង​មាន​៩០​គ្រាប់​ផលិត​នៅ​ប្រទេស​បារាំង​គ្មាន​អាសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះបញ្ជី គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ និង​គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​គ្មាន​ការអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​។​

គណនី​ហ្វេ​ស​ប៊ុ​ក​(Facebook)​ទាំង​៧​រួមមាន​គឺ​១.​បុរស​ខ្លាំង​ពិត ,២.​កសិដ្ឋាន​លក់​ផលិតផល​មកពី​បារាំង​,៣.Resistance បុរស​ខ្លាំង ,៤.​សុខភាព​របស់​បុរស ,៥.​ស្តេច​ថ្នាំ ជួយ​សុខភាព​,៦.​បុរស​ខ្លាំង​ពិត​និង ៧.Sovavann healthy shops​។​ គណនី​បណ្តាញ​ទាំងនេះ​ថែមទាំង​ផ្សព្វផ្សាយ​ភូត​កុហក​បោកប្រាស់​និង​បំផ្លើស​ហួស​ពី​ការពិត​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​។​

ដោយ​គណនី​ហ្វេ​ប៊ុ​ក​ទាំង​នោះបាន​ផ្សាយ​បំផ្លើស​​​ខុសពី​ការពិត​និង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មានការ​ភ័ន្តច្រឡំ​ដូចជា​ឱសថ​ទាំងនោះ​អាចជួយ​សម្រួល​ក្រលៀន ក្រពេញ​ប្រូ​ស្តា​ត​បុរស សម្រួល​បញ្ហា​នោម​ញឹក​ឡើង​អាស៊ីត សម្រួល​ការផលិត​ស្ករ​ក្នុង​សរសៃ​ឈម ស​ម្រួល​ការ​កន្ត្រាក់​ដៃជើង ចង្កេះ ខ្នង​តែ​បញ្ហា​ឆាប់​ចេញ​ដៃគូ ទន់ជ្រាយ ខ្សោយ​អស់កម្លាំង តូច​ខ្លី ជាដើម​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់​ថា ​ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស​និង​ប៉ះពាល់​ដល់​សុខភាព​ឬ​ឈានទៅ​ដល់​ការបាត់បង់​អាយុជីវិត​(​ដោ​យ​សារ​ការ​គាំងបេះដូង​)​របស់​អ្នកប្រើប្រាស់​ទៀត​នោះ​ក្រសួងសុខាភិបាល​សូម​ជូនដំណឹង​ដល់​បងប្អូន​ទាំងអស់​កុំ​ជឿ​ការឃោសនា​ភូតកុហក​បោកប្រាស់​ខាងលើ​និង​ឈប់​ឲ្យ​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ​Résistance​ដែល​បាន​ផ្សព្វផ្សាយ​ទាំងអស់​ខាងលើ​ជាបន្ទាន់​។​
​សេចក្តីជូនដំណឹង​ដដែល​បាន​បន្តទៀតថា ​ក្រសួងសុខាភិបាល​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ខាងលើ​ត្រូវ​បញ្ឈប់​ការ​នាំចូល​ផ្សព្វផ្សាយ​លក់​ឬ​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវភេទ​ឈ្មោះ​Résistance​ខុសច្បាប់​នេះ​ព្រមទាំង​ប្រមូល​មក​កម្ទេចចោល​។​

ក្រសួងសុខាភិបាល​នឹង​ចាត់វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​មួយ​ខាងលើ​ដែល​នាំចូល​ផ្សព្វផ្សាយ លក់​ឬ​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ​Résistance​ខុសច្បាប់​ខាងលើនេះ​ទៅតាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។​

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ធ្លាប់បាន​មានប្រសាសន៍ថា​ការដែល​ក្រសួងសុខាភិបាល​ណែនាំ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ដាក់លក់​នៅតាម​អន​ឡាញ​នេះ​ ដោយសារតែ​ផលិតផល​ទាំងនោះ​ភាគច្រើន​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​និង​អាចឈាន​ទៅដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកប្រើប្រាស់​ទៀតផង​។​

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្តថា ​ផលិតផល​គ្រឿងសម្អាង​ដាក់លក់​នៅតាម​អន​ឡាញ​ភាគច្រើន​មិនមាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ឡើយ​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូចជា​អា​ឡាក​ស៊ី​ស្បែក ចេញ​រមាស់ ហើម ខូច​ភ្នែក មហារីក​ស្បែក​ព្រោះថា​នៅពេល​លាប​លើ​ស្បែ​កបាន​ជ្រាប​ចូលទៅ​ពេញ​សរីរាង្គ​តែម្តង​បើ​កុមារ​ជ្រាប​លឿន​ជាង​មនុស្ស​ចាស់​ទៅទៀត​ហើយ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​។​

លោកស្រី​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ​មុននឹង​ទិញ​មកប្រើប្រាស់​ប្រជាពលរដ្ឋ​ត្រូវ​មើល​និង​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​នូវ​លេខ​បញ្ជិកា​ដែល​ចុះ​ដោយ​ក្រសួងសុខាភិបាល ដែល​បិទ​នៅលើ​ប្រអប់​និង​ពិនិត្យមើល​ថ្ងៃខែ​ប្រើប្រាស់​ឲ្យ​បានច្បាស់លាស់​បើ​ហួសការ​កំណត់​ហើយ​មិនត្រូវ​ទិញ​ទេ​។​ជាងនេះទៀត​ត្រូវ​មក​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សើរ​ស្បែក​ជាមុនសិន​មុននឹង​ទិញ​ផលិតផល​ណាមួយ​យកទៅ​ប្រើប្រាស់​។​

លោកស្រី​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀតថា ​ក្រៅពី​មើល​ប្រអប់​ហើយ​ត្រូវ​មើល​ថ្នាំ​នៅក្នុង​ប្រអប់​ទៀត​ព្រោះថា​មាន​ក្រុមហ៊ុន​មួយចំនួន​តូច​បាន​បិទ​លតបត្រ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​តែ​បន្លំ​ដាក់​ផលិតផល​ហួសការ​ប្រើប្រាស់​ឬ​ក្លែងក្លាយ​ក្នុង​ប្រអប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu