កីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើកណ្ដាលប្រចាំក្រុមក្រសួងការពារជាតិ ដែលជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៧ ត្រូវបានក្លិបធំជាងគេនៅប្រទេសថៃគឺ Buriram United ប្រកាសចុះកិច្ចសន្យានាំយកទៅចូលរួមក្រុមកាលពីដើមសីហា ឆ្នាំ២០១៨ កន្លងទៅក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ។
កីឡាករ ច្រឹង ពលរដ្ឋ បានធ្វើដំណើរទៅកាន់ប្រទេសថៃ កាលពីដើមខែធ្នូ ឆ្នាំ២០១៨ ផងដែរ ខណៈរូបគេនៅមិនទាន់ជាដាច់ពីរបួសនៅឡើយនោះទេ។ រំលងបាន១ថ្ងៃក្រោយទៅដល់ក្លិប Buriram United កីឡាកររូបនេះបានត្រឡប់មកកម្ពុជា វិញបន្ទាប់ពីក្លិបឲ្យមកសំរាកព្យាបាលរយះរបួសឲ្យជាសះស្បើយក្នុងរយៈពេល៣ខែ និងហ្វឹកហាត់ដោយខ្លួនឯង រហូតដល់ជាសះស្បើយ១០០ភាគរយសិន រួចខាងក្លិបBuriram នឹង តាមដានបន្តទៀតថា តើគេអាចជាសះដូចដើមទាន់រដូវកាលថ្មីរបស់លីគកំពូលថៃឬទេ?
ជំនាន់នោះក្លិប Buriram United បានប្រកាសថា ការចុះកិច្ចសន្យាជាមួយ ច្រឹង ពលរដ្ឋ គឺដើម្បីបំពេញកៅអីកូតាអាស៊ាននៅក្នុងលីគកំពូលប្រទេសខ្លួន ពោលគឺក្លិបនីមួយៗអាចចុះបញ្ជីកីឡាករបរទេសបាន៥នាក់ដោយក្នុងនោះមានកីឡាករតំបន់អាស៊ានម្នាក់ តំបន់អាស៊ីម្នាក់និង៣នាក់ផ្សេងទៀតមិនកំណត់ជាតិសាសន៍។ ច្រឹង ពលរដ្ឋ កាលនោះល្បីថានឹងទទួលបានប្រាក់កម្រៃប្រមាណជាង៥ពាន់ដុល្លារ ក្នុងមួយខែ បូកទាំងរថយន្ដមួយគ្រឿង និងខុនដូ១ទៀត សម្រាប់រស់នៅប្រកបអាជីពទៅនោះ។
យ៉ាងណាក្តីពានរង្វាន់លីគកំពូលប្រទេសថៃ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ ខណៈក្លិប Buriram United កំពុងតែធ្វើតេស្តសមត្ថភាពកីឡាករ៣នាក់ក្នុងតំបន់អាស៊ាន៣រូប ដើម្បីបំពេញកៅអីដែលទំនេរមុនរដូវកាលថ្មីចាប់ផ្តើម។ កីឡាករទាំង៣នាក់នោះមានកីឡាករ Javier PatiñoនិងStephan Palla របស់ហ្វីលីពីន និងកីឡាករ Lương Xuân Trường របស់ប្រទេសវៀតណាម។
សូមបញ្ជាក់ថា ច្រឹង ពលរដ្ឋ ធ្លាប់មានពាក្យចចាមអារ៉ាមថា ក្លិបបាល់ទាត់ Chonburi FC ដែលជាសមាជិកនៃលីគកំពូលប្រទេសថៃ តាមប្រមាញ់យកទៅចូលរួមក្រុម ក្រោយចប់ស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី តែក្រោយមកព័ត៌មាននេះក៏ស្ងប់ទៅវិញ។ មុនរដូវកាលថ្មីឆ្នាំ២០១៧ ចាប់ផ្តើមក៏មានដំណឹងមកពីប្រទេសសិង្ហបុរី មានក្លិបតាមចាប់អារម្មណ៍កីឡាកររូបនេះដែរ តែក៏ស្ងប់ស្ងាត់ជាបន្តទៀត។ រួចក៏បរាជ័យក្នុងការផ្ទេរទៅកាន់ក្លិបចំណូលថ្មីវិសាខា ផងដែរ និងចុងក្រោយលេចឮថា មានក្លិបនៅប្រទេសអេស្ប៉ាញមកទាក់ទងដែរ តែមិនមានដំណឹងបន្ថែម។
កីឡាករវ័យ២១ឆ្នាំរូបនេះ ធ្លាប់ជាសមាជិកក្នុងក្រុមយុវជនថ្នាលប្រចាំក្លិបព្រះខ័នរាជ (ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្ន) ហើយរូបគេត្រូវបានលោក សំ វ៉ាន់ដេត ដាក់ឈ្មោះក្នុងក្រុមឈុតធំចាប់ពីឆ្នាំ២០១០ ដល់២០១៣ ហើយចន្លោះពីឆ្នាំ២០១៣ ដល់២០១៥ រូបគេចូលរួមជាមួយក្រុមត្រាយអាស៊ី (ខេមបូឌានថាយហ្គឺរ បច្ចុប្បន្ន) រហូតចាប់ពីឆ្នាំ២០១៥ដល់បច្ចុប្បន្នរូបគេចូលរួមជាមួយក្រុមក្រសួងការពារជាតិ។ កីឡាកររូបនេះធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពី U16,U19,U22 និងជម្រើសជាតិផងដែរ៕
Source: Kampuchea Thmey Daily
0 Comments