ប្រដាល់ ៖ ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកCarabao ទម្ងន់៥៧គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាការប្រកួតជុំទី៣ របស់អ្នកប្រដាល់កម្ពុជាវ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា និង អ្នកប្រដាល់កម្ពុជាសេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរនោះ ពួកគេទាំងពីររកបាន៣ពិន្ទុបន្ថែម បន្ទាប់ពីពួកគេឈ្នះអ្នកប្រដាល់ថៃដែលជាដៃគូប្រកួតជាមួយនោះ។
វ៉ាន់ វឿន គេមានសំណាងដោយឈ្នះលើដៃគូរបស់គេ គឺ Yorth Vandy ដោយស្វ័យប្រវត្តិ ដោយសារតែYorth Vandy មានបញ្ហាមិនអាចមកប្រកួតបាន។ ជាមួយនឹងជ័យជម្នះនេះ ធ្វើឲ្យ វ៉ាន់ វឿន ទទួលបាន០ពិន្ទុហើយ សម្រាប់ការប្រកួតជម្រុះ៣ជុំនេះ។ ចំណែកYorth Vandy បានតែ២ពិន្ទុប៉ុណ្ណោះ ក្នុង៣ជុំដូចគ្នានេះ ។
ជាមួយនឹងការឈ្នះដោយស្វ័យប្រវត្តិហើយនោះ វ៉ាន់ វឿន ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ Roung Sayam អ្នកប្រដាល់ថៃផ្សេងទៀតជាលក្ខណៈមិត្តភាព ហើយវ៉ាន់ វឿន បាន ផ្តួល Roung Sayam នោះ ឲ្យសន្លប់ក្នុងទឹកទី៣ ដោយកែង ជាមួយនឹងបែកឈាមផង។
ចំពោះ សេន កុសល វិញ គេបានប្រកួតឈ្នះBanda Sak ដោយពិន្ទុ បន្ទាប់ពីវាយគ្នាទឹកពេញនោះ។ សេន កុសល ក្នុងទឹកទី៣ គេត្រូវBanda Sak វាយបែកក្តោងច្រមុះ តែ កុសល នៅតែអាចបន្តការប្រកួតទៀតបាន រហូតយកឈ្នះBanda Sakដោយពិន្ទុវិញ។
ជាមួយនឹងជ័យជម្នះនេះ សេន កុសល គេទទួលបាន៩ពិន្ទុដូច វ៉ាន់ វឿន ដែរ ក្នុងការប្រកួត៣ជុំនេះ ដោយឈ្នះទាំងបីជុំ។ ឯ Banda Sak ក្នុងការប្រកួត៣ជុំនេះដែរ គេបានតែ៣ពិន្ទុប៉ុណ្ណោះ ដោយសារចាញ់ទាំង៣ជុំ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៨ ទម្ងន់៥៧គីឡូក្រាម លើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន៨រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ ៤នាក់។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមាន សេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ(ជំនួសម៉នសាម៉េត) , វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា , លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ និងតាញ់ មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ ឯ អ្នកប្រដាល់ថៃ ៤នាក់វិញ មាន Deuk Ken , Yorth Vandy , Dek Doeur និង Banda Sak៕
Source: Kampuchea Thmey Daily
0 Comments